វ៉ាស៊ីនតោន៖ យុវជនគណបក្សសម រង្ស៉ី ដាក់សម្ពាធលើរដ្ឋាភិបាលតាមរយៈការធ្វើបាតុកម្មទាមទារឲ្យមានកំណែទម្រង់គណៈកម្មាធិការរៀបចំការបោះឆ្នោត(គជប) ដែលគេចាត់ទុកថា មិនអាចនាំឲ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ នេះបើតាម ការអះអាងរបស់លោក សួង សុភ័ណ្ឌ ប្រធានក្រុមយុវជនគណបក្សជំទាស់ដ៏ធំជាងគេនៅកម្ពុជា ក្នុងពេលលោកជាវាគ្មិននៃកម្មវិធីហេឡូវីអូអេ គឺប៉ុន្មានម៉ោងបន្ទាប់ពីសភាកម្ពុជាបោះឆ្នោតយល់ព្រមលើសមាភាព ៩ រូបនៃគជប ដើម្បីធ្វើកិច្ចការរៀបចំការបោះឆ្នោតជាសកលរបស់គេ នៅឆ្នាំ២០១៣ខាងមុខ។
«ចលនាយុវជនយើងសូមបញ្ជាក់ថា នឹងធ្វើបាតុកម្ម ថ្ងៃនេះមិនដូរ នឹងធ្វើដល់ថ្ងៃស្អែក។ ថ្ងៃស្អែកមិនដូរ យើងធ្វើដល់ខែក្រោយ។ ខែក្រោយមិនដូរ យើងធ្វើដល់ឆ្នាំ ក្រោយទៀត។ដូច្នេះយើងត្រូវតែដូរ ទាំងប្រព័ន្ធ និងសមាសភាពគជបឲ្យបានជាដាច់ខាត»។
ក្រុមយុវជនគណបក្សជំទាស់គ្រោងនឹងធ្វើបាតុកម្មនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ នៅទីលានសន្តិភាពក្នុងទីក្រុងភ្នំពេញតាមសិទ្ធិសញ្ញាទីក្រុងប៉ារីសនឹងច្បាប់ រដ្ឋធម្មនុញ្ញរបស់ប្រទេសដែលផ្តល់សិទ្ធិឲ្យពលរដ្ឋខ្មែរតវ៉ាបើគ្មានការមិនពេញ ចិត្តនឹងបញ្ហាអ្វីមួយ៕