ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថាគជបនៅថ្ងៃពុធនេះបានកោះហៅមន្ត្រីស្ថានទូតមកស្តាប់ការបកស្រាយអំពីបច្ចេកទេសនៃដំណើរការចុះឈ្មោះ ការលុបបញ្ជីឈ្មោះបោះឆ្នោតនិងការបំពេញភារកិច្ចរបស់ខ្លួនចាប់តាំងពីបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។
មានមន្ត្រីតំណាងស្ថានទូតចំនួន១៣ប្រទេសបានចូលរួមដែលរួមមានមកពីសហរដ្ឋអាមេរិក អង់គ្លេស បារាំងជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងអាល្លឺម៉ង់ ជាដើម។
ក្នុងការជួបប្រជុំជាមួយតំណាងស្ថានទូតនេះមន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនបានលើកយកករណីគម្រោងធ្វើពហិការមិនចូលរួមបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិនិង ការស្នើសុំឱ្យមានកំណែទម្រង់រចនាសម្ព័ន្ធគជបយកមកនិយាយទេបើទោះបីបញ្ហានេះកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងខណៈពេលដែលកម្ពុជាកំពុងតែរំកិលខ្លួនដើម្បីចូលរួមការបោះឆ្នោតជាសកលដែលគ្រោងធ្វើនៅក្នុងខែកក្កដាឆ្នាំ២០១៣ខាងមុខនេះ។
អ្នកស្រីស៊ីន ជុំបូ អនុប្រធានគជបបាននិយាយថាគជបបានប្តេជ្ញាថាការបោះឆ្នោតឆ្នាំ២០១៣ខាងមុខនេះនឹងអាចប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌។អ្នកស្រីបាននិយាយថាគិតចាប់ពីថ្ងៃទី២១ខែសីហានេះមានចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនជាង៤០ម៉ឺននាក់និងបានលុបឈ្មោះចេញពីបញ្ជីឈ្មោះជាង១សែននាក់។ក៏ប៉ុន្តែក៏មានបញ្ហាបាត់ឈ្មោះប្រជាពលរដ្ឋនៅពេលថ្ងៃបោះឆ្នោតនៅតែបន្តកើតមានផងដែរ។
អ្នកស្រីបានប្រាប់ក្រុមអ្នកកាសែតអំពីមូលហេតុនៃការបាត់ឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតថាគជបនឹងធ្វើការកែលម្អឡើងវិញ។
«រឿងបាត់យើងកំពុងតែស្រាវជ្រាវហើយយើងកំពុងតែកែលម្អហើយយើងនឹងឃើញថាបាត់ហ្នឹងដោយសារវាហ្នឹងវាយ៉ាងម៉េច។បញ្ហាអ្វីដែលធ្វើឱ្យបាត់»។
លោករ៉ូប៊ើត ផែតធ័រសាន់ នាយកមូលនិធិអន្តរជាតិសម្រាប់ប្រព័ន្ធបោះឆ្នោតប្រចាំកម្ពុជាដែលហៅកាត់ថាIFESបានប្រាប់VOA សំឡេងសហរដ្ឋអាមេរិកថានីតិវិធីរបស់គជបពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោតពិតជាដំណើរការទៅយ៉ាងរលូននិងទូលំទូលាយ។
«ខ្ញុំគិតថាពួកគេនឹងធ្វើអ្វីគ្រប់យ៉ាងតាមតែអាចធ្វើទៅបាន ដើម្បីធ្វើឱ្យប្រាកដថាមានប្រជាពលរដ្ឋច្រើនតាមតែអាចធ្វើទៅបាន ទៅចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត និងបញ្ជីនោះនឹងល្អត្រឹមត្រូវតាមតែអាចធ្វើបាន»។
គណបក្សប្រឆាំងដែលទើបបង្កើតឡើងរួមគ្នារវាងគណបក្សសិទ្ធិមនុស្សនិងគណបក្សសម រង្ស៊ីបានព្រមានពីការធ្វើពហិការមិនចូលរួមការបោះឆ្នោតបន្ទាប់ពីបរាជ័យក្នុងការទាមទារឱ្យមានកំណែទម្រង់ប្រព័ន្ធបោះឆ្នោត។គណបក្សប្រឆាំងបានចោទប្រកាន់ថាគជបធ្វើការមិនឯករាជ្យនិងមាននិន្នាការទៅលើគណបក្សគ្រប់គ្រងអំណាច។
នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នារវាងគណបក្សសិទ្ធិមនុស្សនិងគណបក្សសម រង្ស៊ីដែលបានចេញផ្សាយនៅថ្ងៃពុធនេះបានលើកឡើងថាសមាសភាពគជបបច្ចុប្បន្នដែលបានរៀបចំការបោះឆ្នោតកន្លងមកមិនមានការទុកចិត្តពីគណបក្សនយោបាយ មតិជាតិ និងអន្តរជាតិក្នុងពេលបំពេញតួនាទីរបស់ខ្លួនឱ្យមានលក្ខណៈឯករាជ្យ អព្យាក្រិត្យនិងយុត្តិធម៌ឡើយ។
ដើម្បីឱ្យការបោះឆ្នោតខែកក្កដាឆ្នាំ២០១៣ប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌ត្រឹមត្រូវគណបក្សទាំងពីរបានទាមទារឱ្យរដ្ឋាភិបាលពិចារណាលើនីតិវិធីនៃការជ្រើសរើសសមាសភាពគជបនិងគណកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ដើម្បីឱ្យគ្រប់គណបក្សនយោបាយនិងមហាជនអាចទទួលយកបាន។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនកាលពីថ្ងៃអង្គារម្សិលម៉ិញនេះបាននិយាយថាលោកមិនខ្វល់ការធ្វើពហិការមិនចូលរួមរបស់គណបក្សប្រឆាំងទេ៕