អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសជាផ្លូវការថា លោកនឹងឈរឈ្មោះបោះឆ្នោតធ្វើជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។ ការប្រកាសនេះធ្វើឲ្យលោកក្លាយជា បេក្ខជននៅថ្នាក់កំពូលក្នុងចំណោមបេក្ខជនឈរឈ្មោះខាងគណបក្សប្រជាធិបតេយ្យដើម្បីប្រកួតប្រជែងនឹងលោកប្រធានាធិបតី Donald Trump។
លោក Biden គឺជា អតីតសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Delaware ខាងគណបក្ស និងធ្លាប់ធ្វើជាអនុប្រធានាធិបតីសហរដ្ឋអាមេរិកពីរអាណត្តិក្រោមរដ្ឋបាលលោក Obama។ លោកនឹងធ្វើការប្រកួតប្រជែងជាមួយនឹងលោក Bernie Sanders មកពីរដ្ឋVermont និងបេក្ខជនផ្សេងទៀតៗនៅក្នុងគណបក្សប្រជាធិបតេយ្យ។ គេមិនទាន់ដឹងច្បាស់ទេថាតើលោកអាចរ៉ៃអង្គាសប្រាក់សម្រាប់ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតបានច្រើនដូចបេក្ខជនផ្សេងៗទៀតឬយ៉ាងណានោះទេ ប៉ុន្តែគ្មានបេក្ខជនណាមានបទពិសោធន៍ច្រើនក្នុងវិស័យការបរទេស វិស័យតុលាការខាងបទឧក្រិដ្ឋ និងគោលនយោបាយក្នុងស្រុកដូចជាលោកទេ។
នៅក្នុងសារដែលត្រូវបានផ្សព្វផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក Biden បាននិយាយថាសេចក្តីថ្លៃថ្នូសំខាន់ៗរបស់សហរដ្ឋអាមេរិកនិងជំហររបស់ខ្លួននៅក្នុងពិភពលោកកំពុងប្រឈមនឹងហានិភ័យ៕