លោក Jon Ossoff បេក្ខជនខាងគណបក្សប្រជាធិបតេយ្យ ត្រូវបានទីភ្នាក់ងារព័ត៌មាន The Associated Press ព្យាករណ៍ថាបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាផ្តាច់ព្រាត់នៅរដ្ឋ Georgia។
ចំណែកឯលោក Raphael Warnock ដែលជាបេក្ខជនខាងគណបក្សប្រជាធិបតេយ្យផងដែរ ក៏ត្រូវបានគេព្យាករណ៍កាលពីព្រឹកថ្ងៃពុធថា ជាអ្នកឈ្នះមួយរូបទៀតនៅក្នុងការបោះឆ្នោតនេះ ដែលធ្វើឲ្យគណបក្សប្រជាធិបតេយ្យក្លាយជាគណបក្សគ្រប់គ្រងព្រឹទ្ធសភាសហរដ្ឋអាមេរិក។
លោក Ossoff ដែលជាផលិតករភាពយន្តឯកសារឲ្យទូរទស្សន៍ បានក្លាយជាសមាជិកព្រឹទ្ធសភាដើមកំណើតជ្វីហ្វដំបូងគេបង្អស់តំណាងឲ្យរដ្ឋ Georgia។ លោកបានយកឈ្នះសមាជិកព្រឹទ្ធសភាកំពុងកាន់តំណែងលោក David Perdue ខាងគណបក្សសាធារណរដ្ឋ។ ក្នុងអាយុ ៣៣ ឆ្នាំ លោកនឹងក្លាយជាសមាជិកព្រឹទ្ធសភាកាន់តំណែងក្មេងជាងគេបង្អស់។
រីឯលោក Warnock ដែលជាគ្រូគង្វាលសាសនានៃវិហារគ្រិស្ដសាសនា Ebenezer Baptist ក្នុងទីក្រុង Atlanta រដ្ឋ Georgia វិញ បានក្លាយជាសមាជិកព្រឹទ្ធសភាស្បែកខ្មៅដំបូងគេបង្អស់តំណាងឲ្យរដ្ឋ Georgia។ លោកបានយកឈ្នះសមាជិកព្រឹទ្ធសភាកំពុងកាន់តំណែងអ្នកស្រី Kelly Loeffler ខាងគណបក្សសាធារណរដ្ឋ៕