រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកលោក William Barr នឹងវិលត្រឡប់ទៅរដ្ឋសភាអាមេរិកវិញ នៅថ្ងៃពុធនេះ ដើម្បីធ្វើសក្ខីកម្មនៅចំពោះមុខសមាជិកសភា មួយថ្ងៃក្រោយពីលោកប្រកែកមិនព្រមពិភាក្សាឲ្យបានល្អិតល្អន់នូវរបាយការណ៍របស់រដ្ឋអាជ្ញាពិសេស Robert Mueller អំពីការស៊ើបអង្កេតពាក់ព័ន្ធជាមួយការលូកលាន់របស់រុស្ស៊ីក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែលោកបានថ្លែងថា លោកនឹងបញ្ចេញឯកសារនោះ ដែលមានការលុបចោលមួយចំនួនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
លោក Barr មានគម្រោងថ្លែងក្នុងសវនាការនៃអនុគណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកការចាយវាយ ដែលនឹងផ្តោតទៅលើគម្រោងថវិកាចាយវាយរបស់ក្រសួងយុត្តិធម៌សម្រាប់ឆ្នាំសារពើពន្ធ ២០២០។
លោកបានថ្លែងអំពីរឿងនេះម្តងរួចហើយ កាលពីថ្ងៃអង្គារម្សិលមិញ នៅចំពោះមុខគណៈកម្មាធិការរដ្ឋសភា ដែលមានតួនាទីដូចគ្នា ក៏ប៉ុន្តែគ្រាដែលលោកថ្លែងជាលើកទីមួយតាំងពីលោកបានបញ្ចេញសេចក្តីសង្ខេបនៃរបាយការណ៍អំពីការរកឃើញរបស់លោក Mueller នោះ លោកបានទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់សមាជិកនៃគណបក្សប្រជាធិបតេយ្យ ដែលចង់និយាយថា លោកបានចាត់វិធានការ ដើម្បីការពារលោកប្រធានាធិបតី Donald Trump៕