ដោយការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីសហរដ្ឋអាមេរិកនៅសល់តែ២សប្តាហ៍ទៀតប៉ុណ្ណោះ គណបក្សប្រជាធិបតេយ្យបានមានប្រៀបនៅក្នុងការរៃអង្គៀសប្រាក់។ អ្នកវិភាគនិយាយថា មនោសញ្ចេតនាប្រឆាំងប្រធានាធិបតីត្រាំ អាចធ្វើឲ្យមានការរួមវិភាគទានប្រាក់ដល់ការបោះឆ្នោតនេះយ៉ាងខ្លាំងនៅពេលដែលគណបក្សប្រជាធិបតេយ្យស្វះស្វែងបំបែកការត្រួតត្រារបស់គណបក្សសាធារណរដ្ឋនៅក្នុងសភា។
រដូវកាលបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០១៨នេះបានក្លាយជាការបោះឆ្នោតសភាសហរដ្ឋអាមេរិកដែលចំណាយច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តរួចទៅហើយ។ ក៏ប៉ុន្តែ មនុស្សខ្លះឆ្ងល់ថាតើការរួមវិភាគទានប្រាក់យ៉ាងខ្លាំងសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យល្មមគ្រប់គ្រាន់ ដើម្បីផ្តួលគណបក្សសាធារណរដ្ឋដែរឬទេ ហើយនឹងថាតើពួកគេនឹងត្រួតត្រាសភាដោយសំឡេងភាគច្រើនដែរឬទេ។
នៅក្នុងការប្រកួតប្រជែងដណ្តើមអាសនៈសភា គណបក្សប្រជាធិបតេយ្យ កំពុងឈ្នះនៅក្នុងការរៃអង្កៀសប្រាក់។ កាលពីសប្តាហ៍មុន គណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធបានរាយការណ៍ថា ពួកបេក្ខជនសភាបានរៃអង្កៀសប្រាក់ច្រើនបំផុតមិនធ្លាប់មានកាលពីពេលមុនគឺ២ពាន់៣រយលានដុល្លារនៅរដូវកាលបោះឆ្នោតបច្ចុប្បន្ននេះ។
តើគណបក្សប្រជាធិបតេយ្យមានប្រៀបក្នុងការរៃអង្កៀសប្រាក់ឬ? គណបក្សនេះរៃអង្កៀសបានច្រើនជាគណបក្សសាធារណរដ្ឋចំនួន៤រយលានដុល្លារ។
លោកស្រី Sarah Bryner នៅឯ Center for Responsive Politics និយាយថា នេះជាការរំខានសម្រាប់ពួកអ្នកកាន់អំណាចខាងគណបក្សសាធារណរដ្ឋ។ លោកស្រី Sarah Bryner បានថ្លែងថា៖«ការណ៍ដែលពួកគណបក្សប្រជាធិបតេយ្យរៃអង្គាសប្រាក់បានច្រើនជាងពួកគណបក្សសាធារណរដ្ឋនេះបង្ហាញថា យើងមានក្រុមប្រកួតប្រជែងដែលមានថវិកាឧបត្ថម្ភច្រើនដែរ»។
គណបក្សសាធារណរដ្ឋធ្វើប្រសើរជាងពួកគណបក្សប្រជាធិបតេយ្យក្នុងយុទ្ធនាការរៃអង្កៀសប្រាក់មកពីក្រុមហ៊ុនសាជីវកម្ម PACs។ ក៏ប៉ុន្តែ ពួកគណបក្សប្រជាធិបតេយ្យបានឈ្នះពួកគណបក្សសាធារណរដ្ឋក្នុងការរៃអង្គាសប្រាក់បានមកពីបុគ្គលតាមប្រព័ន្ធInternet និងនៅឯពិធីយុទ្ធនាការរៃអង្កៀសប្រាក់នានា។
ថវិកា ដែលរៃអង្កៀសបានភាគច្រើនគឺសម្រាប់ម៉ោងផ្សាយដ៏ថ្លៃតាមទូរទស្សន៍ ដែលនេះជាមធ្យោបាយពេញនិយមរបស់ពួកបេក្ខជនដើម្បីផ្ញើសារទៅកាន់ពួកអ្នកបោះឆ្នោត។
លោកMartin Frost ជាអតីតសមាជិកសភានិងជាប្រធានគណៈកម្មាធិការយុទ្ធនាការ សភាខាងគណបក្សប្រជាធិបតេយ្យ។លោកនិយាយថា៖«យុទ្ធនាការឃោសនាបោះឆ្នោតថ្លៃណាស់នៅក្នុងប្រទេសរបស់យើងពីព្រោះតែការចំណាយលើការឃោស នាតាមទូរទស្សន៍»។
លោកFrostនិយាយទៀតថា ពួកគណបក្សប្រជាធិបតេយ្យដែលរៃអង្កៀសប្រាក់បានច្រើនឆ្លុះបញ្ចាំងពីការកើនឡើងនូវចំណាប់អារម្មណ៍ក្នុងចំណោមសមាជិករបស់គណបក្ស។លោក Martin Frost បាននិយាយថា៖ «មានពួកអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យជាច្រើននៅក្នុងសហរដ្ឋអាមេរិក ពួកគេជាច្រើនបានធ្វើការរួមវិភាគទានប្រាក់បន្តិចបន្តួច ពួកគេមិនចូលចិត្តប្រធានា ធិបតីត្រាំយ៉ាងខ្លាំង ហើយចង់បញ្ជូនសារនៅក្នុងការបោះឆ្នោតនេះ»។
ការរៃអង្កៀសប្រាក់បានច្រើនរបស់គណបក្សប្រជាធិបតេយ្យកំពុងបង្ខំឲ្យពួកគណបក្សសាធារណរដ្ឋគិតឡើងវិញពីយុទ្ធសាស្ត្រនៃយុទ្ធនាការរៃអង្គាសប្រាក់របស់ពួកគេ។ពួកគេកំពុងដកថវិកាមកពីបេក្ខជនទន់ខ្សោយហើយនឹងលៃទុកប្រាក់សម្រាប់ការប្រកួតប្រជែងខ្លាំងៗ។
លោក Michael Steele អតីតប្រធានគណៈកម្មាធិការសភាខាងគណបក្សសាធារណរដ្ឋបានព្រមានថា ថវិកាឧបត្ថម្ភតែមួយមុខមិនធានាពីជ័យជម្នះនោះទេ។លោក Michael Steeleបាននិយាយថា៖«មនុស្សជាច្រើនគិតយ៉ាងខ្លាំងអំពីប្រាក់និងគិតថា វាសំខាន់នៅក្នុងនយោបាយ អាមេរិក។ក៏ប៉ុន្តែ ខ្ញុំអាចនិយាយប្រាប់អ្នកថា មានការប្រ កួតប្រជែងយ៉ាងច្រើនដែលអ្នកមានប្រាក់ច្រើនបំផុតបានចាញ់ឆ្នោតនៅពេលបុគ្គលមិនសូវមានប្រាក់ឈ្នះ»។
ពួកគណបក្សប្រជាធិបតេយ្យត្រូវការឈ្នះអាសនៈ២៣បន្ថែមទៀតដើម្បីត្រួតត្រារដ្ឋសភាសភាឡើងវិញ។ពួកអ្នកវិភាគនិយាយថា ពួកគណបក្សប្រជាធិបតេយ្យ នឹងមានឱកាស។
ទោះជាយ៉ាងណាក៏ដោយ សេចក្តីសង្ឃឹមរបស់ពួកគណបក្សប្រជាធិបតេយ្យដើម្បីដណ្តើមការគ្រប់គ្រងព្រឹទ្ធសភាឡើងវិញមិនសូវមានក្តីសង្ឃឹមប៉ុន្មានទេ។
ប្រែសម្រួលដោយ ជឹង ប៉ូជីន