សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Raphael Warnock ខាងគណបក្សប្រជាធិបតេយ្យបានផ្ដួលគូប្រជែងរបស់លោកខាងគណបក្សសាធារណរដ្ឋលោក Herschel Walker នៅក្នុងការបោះឆ្នោតផ្ដាច់ព្រ័ត្រក្នុងរដ្ឋ Georgia កាលពីថ្ងៃអង្គារ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ការឈ្នះរបស់លោក Warnock នេះបានធ្វើឱ្យគណបក្សប្រជាធិបតេយ្យមានសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភាសម្រាប់រយៈពេលពីរឆ្នាំដែលនៅសេសសល់នៃអាណត្តិបច្ចុប្បន្នរបស់លោកប្រធានាធិបតី Joe Biden និងបានបញ្ចប់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិដ៏ខកចិត្តសម្រាប់គណបក្សសាធារណរដ្ឋនៅក្នុងឆ្នាំនេះ។
ដោយលោក Warnock ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតផ្ដាច់ព្រ័ត្រលើកនេះ ដែលជាលើកទីពីរក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ គណបក្សប្រជាធិបតេយ្យនឹងមានអាសនៈ ៥១ ទល់នឹងអាសនៈចំនួន ៤៩ របស់គណបក្សសាធារណរដ្ឋនៅព្រឹទ្ធសភា។
នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីលើកនេះ គណបក្សប្រជាធិបតេយ្យទទួលបានអាសនៈមួយទៀតបន្ថែមពីលើអាសនៈចំនួន៥០ របស់ខ្លួននៅក្នុងព្រឹទ្ធសភា បន្ទាប់ពីលោក John Fetterman ទទួលបានជ័យជម្នះនៅក្នុងរដ្ឋ Pennsylvania។
ដោយសារគណបក្សសាធារណរដ្ឋបានឈ្នះគ្រប់គ្រងរដ្ឋសភានៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិលើកនេះ នោះរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងរយៈពេលពីរឆ្នាំខាងមុខនឹងក្លាយជារដ្ឋាភិបាលដែលមានការបែងចែកអំណាចគ្នារវាងបក្សទាំងពីរ។
លោក Warnock អាយុ៥៣ឆ្នាំ បានថ្លែងប្រាប់ក្រុមអ្នកគាំទ្រដ៏សប្បាយរីករាយរបស់លោកដែលជួបជុំគ្នានៅក្នុងមហាសាលនៃសណ្ឋាគារមួយកន្លែងក្នុងកណ្ដាលក្រុង Atlanta រដ្ឋ Georgia ថា៖ «បន្ទាប់ពីយុទ្ធនាការតស៊ូដ៏ស្វិតស្វាញ វាជាកិត្តិយសរបស់ខ្ញុំនៅក្នុងការនិយាយពាក្យ ៤ ម៉ាត់ដ៏មានឥទ្ធិពលបំផុតដែលគេធ្លាប់និយាយនៅក្នុងប្រទេសប្រជាធិបតេយ្យ ដែលនោះគឺ «ប្រជាពលរដ្ឋបានបញ្ចេញមតិ»»។
លោក Warnock ដែលជាគ្រូគង្វាលគ្រិស្តសាសនានិងជាសមាជិកព្រឹទ្ធសភាស្បែកខ្មៅដំបូងបង្អស់តំណាងរដ្ឋ Georgia បានប្រកាសថា៖ «ជារឿយៗ ខ្ញុំតែងនិយាយថាការបោះឆ្នោតគឺប្រៀបដូចជាការបន់ស្រន់ឱ្យមានពិភពមួយដែលយើងប្រាថ្នាសម្រាប់ខ្លួនយើងផ្ទាល់និងកូនចៅរបស់យើងដូច្នេះដែរ»។
នៅក្នុងការបោះឆ្នោតកាលពីខែមុន លោក Warnock បាននាំមុខលោក Walker ដោយសំឡេងឆ្នោតចំនួន ៣៧.០០០ សំឡេងក្នុងចំណោមសន្លឹកឆ្នោតសរុបចំនួនជិត៤លានសំឡេងដែលបានបោះ ប៉ុន្តែមិនបានទទួលសំឡេងឆ្នោតចំនួន ៥០% ដែលជាការកម្រិតចាំបាច់ដើម្បីបញ្ចៀសមិនឱ្យមានការបោះឆ្នោតផ្ដាច់ព្រ័ត្រឡើយ៕
អ្នកស្រី Christina A. Cassidy និងលោក Ron Harris ដែលជាអ្នកកាសែតរបស់ទីភ្នាក់ងារព័ត៌មាន AP បានរួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។