ការប្រកួតប្រជែងដើម្បីដណ្តើមយកបេក្ខភាពប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យនឹងកាន់តែមានភាពស្វិតស្វាញថែមទៀតនៅថ្ងៃអង្គារនេះ ដោយមានរដ្ឋចំនួន១៤នឹងធ្វើការបោះឆ្នោតបឋមព្រមៗគ្នាក្នុងថ្ងៃនេះ ដែលហៅថាថ្ងៃ Super Tuesday ដើម្បីផ្តល់ការគាំទ្រដល់បេក្ខជនមួយរូបដែលនឹងត្រូវតទល់នឹងលោកប្រធានាធិបតី Donald Trump ក្នុងការបោះឆ្នោតជាតិនៅខែវិច្ឆិកា។
ការប្រកួតប្រជែងនៅ១៤រដ្ឋនេះ ជាការប្រកួតដណ្តើមចំនួនប្រតិភូដ៏ច្រើន គឺប្រមាណ១ភាគ៣នៃប្រតិភូសរុបទាំងអស់ ដើម្បីឲ្យបានគ្រប់ចំនួនប្រតិភូដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីពីគណបក្សបាន។ គ្រាន់តែរដ្ឋកាលីហ្វ័រញ៉ា ភាគខាងលិចសហរដ្ឋអាមេរិក ដែលបោះឆ្នោតនៅថ្ងៃអង្គារនេះ ដែរ មានប្រតិភូសរុប៤១៥ ដែលបេក្ខជនព្យាយាមដណ្តើមយក។
ក្រោយពីការឆ្នោតមួយរដ្ឋម្តងៗ នៅរដ្ឋ Iowa New Hampshire Nevada និង South Carolina ការបោះឆ្នោតព្រមៗគ្នានៅ១៤រដ្ឋក្នុងថ្ងៃអង្គារនេះ ដែលគេឲ្យឈ្មោះថា Super Tuesday នាំឲ្យដំណើរការបោះឆ្នោតបឋមមានបរិយាកាសជាការបោះឆ្នោតជាតិដោយមានការបោះឆ្នោតបឋមធ្វើឡើងនៅស្ទើរគ្រប់ភូមិភាគនៃសហរដ្ឋអាមេរិក។
នៅពេលនេះលោក Bernie Sanders សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Vermont នាំមុខការប្រកួតដោយបានទទួលប្រតិភូសរុប៥៨មកហើយ ហើយត្រូវគេរំពឹងថានឹងទទួលបានការគាំទ្រច្រើនពីអ្នកបោះឆ្នោតនៅរដ្ឋកាលីហ្វ័រញ៉ា ដែលមាន៤១៥ប្រតិភូ និងតិកសាស់ដែលមាន២២៨ប្រតិភូនៅក្នុងថ្ងៃអង្គារនេះ។
រដ្ឋមានប្រតិភូច្រើនទី៣គឺរដ្ឋ North Carolina ដែលការស្ទង់មតិនៅទីនោះបង្ហាញថាលោក Sanders ប្រកិតប្រកៀកគ្នាជាមួយលោកអតីតអនុប្រធានាធិបតី Joe Biden។ លោក Biden កំពុងទទួលបានសន្ទុះខ្លះនៅមុនថ្ងៃបោះឆ្នោតបឋម Super Tuesday នេះ ដោយលោកទើបឈ្នះការបោះឆ្នោតនៅរដ្ឋ South Carolina កាលពី ថ្ងៃសៅរ៍ ដោយទទួលប្រតិភូ៥០។ ម៉្យាងទៀតលោកក៏ទើបបានទទួលការគាំទ្រភ្លាមៗពីអតីតគូប្រកួត គឺសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Minnesota អ្នកស្រី Amy Klobuchar ដែលបានបញ្ឈប់យុទ្ធនាការឃោសនារបស់អ្នកស្រីកាលពីថ្ងៃច័ន្ទ និងលោក Pete Buttigie អតីតអភិបាលក្រុង South Bend រដ្ឋ Indiana ដែលបានបញ្ឈប់យុទ្ធនាការឃោសនាកាលពីថ្ងៃអាទិត្យ។
លោក Michael Bloomberg មហាសេដ្ឋីនិងជាអតីតអភិបាលក្រុងញូវយ៉ក នឹងមានឈ្មោះជាលើកដំបូងនៅក្នុងការបោះឆ្នោត Super Tuesday នៅថ្ងៃអង្គារនេះ។
ក្រៅពីរដ្ឋទាំង៣ខាងលើក៏មានការបោះឆ្នោតនៅរដ្ឋ Alabama, Arkansas, Colorado, Maine, Oklahoma, Tennessee, Utah, Vermont និង Virginia៕