ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​ទាម​ទារ​ច្រើន​ឡើងៗ​ឱ្យ​ដក​បដិមា​និង​កន្លែង​អនុស្សាវីយ៍​របស់​សម្ព័ន្ធ​រដ្ឋ​ភាគ​ខាង​ត្បូង​សម័យសង្គ្រាម ​Confederate​


ក្រុម​ត្រួត​ពិនិត្យ​កំពុង​វាស់​រូបសំណាកលោក Confederate Gen. Robert E. Lee នៅ​តាម​ផ្លូវ Monument Avenue កាលពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ២០២០។
ក្រុម​ត្រួត​ពិនិត្យ​កំពុង​វាស់​រូបសំណាកលោក Confederate Gen. Robert E. Lee នៅ​តាម​ផ្លូវ Monument Avenue កាលពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ២០២០។

បដិមា​ទាហាន​ Confederate​ គឺ​សម្ព័ន្ធ​រដ្ឋ​ភាគ​ខាង​ត្បូង​សម័យ​សង្គ្រាម​ម្នាក់ ​ធ្វើ​ពី​លង្ហិន​បាន​ឈរមើល​ទៅ​លើ​ផ្លូវ​ធំ​មួយ​ក្នុងក្រុង​ Alexandria​ រដ្ឋ​ Virginia​ នៅ​ក្រៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​១៣១ ​ឆ្នាំ​មក​ហើយ។បដិមា​មាន​រឿង​ចម្រូង​ចម្រាស​នេះ​បាន​ត្រូវ​ដក​ចេញ​ជា​បន្ទាន់​ នៅ​ក្រោយ​មាន​បាតុកម្ម​ក្នុង​សហរដ្ឋអាមេរិក ក្រោយ​លោក​ George Floyd ​បុរស​ស្បែក​ខ្មៅ​ ដែល​បាន​ស្លាប់​ក្នុង​ការ​ចាប់​ខ្លួន​ដោយ​ពួក​ប៉ូលិស​នៅ​ក្នុង​ក្រុង ​Minneapolis រដ្ឋ​ Minnesota។​

បាតុកម្ម​ប្រឆាំង​អំពើ​ហិង្សា​របស់​ពួក​ប៉ូលិស​បាន​បណ្តាល​ឱ្យ​មាន​ការ​ជជែក​ដេញ​ដោល​គ្នា ​អំពី​ការ​ដក​ចេញ​បដិមា ​និង​កន្លែង​អនុស្សាវរីយ៍ ​Confederate ដែល​ជា​និមិត្តរូប​នៃ​សម្អប់ ​និង​ទាសភាព​សម្រាប់​មនុស្ស​ខ្លះ ​និង​ជា​កេរ​ដំណែល​ខាង​វប្បធ៌មនៃ​ផ្នែក​ខាង​ត្បូងសហរដ្ឋអាមេរិក សម្រាប់​មនុស្ស​ឯ​ទៀត។

ពី​ឆ្នាំ​ ១៨៦១​ ដល់​ឆ្នាំ ​១៨៦៥​ សម្ព័ន្ធ​នៃ​រដ្ឋ​ខាង​ត្បូង​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Confederacy ​និង​សហភាព​នៃ​ពួក​រដ្ឋ​ខាង​ជើង ​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Union​ បាន​ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម​ស៊ីវិល​នៅ​ក្រោយ​ប៉ែក​ខាង​ត្បូង​ប្រទេស ​បាន​ផ្តាច់​ខ្លួន​ពី​ផ្នែក​នៅ​សេស​សល់​របស់​ប្រទេស​អំពី​សិទ្ធិ​របស់​រដ្ឋ​ដោយ​មាន​រួម​បញ្ចូល​ការ​មាន​ទាសករ​ផង​ដែរ។

ពីរ​បី​ឆ្នាំ​ក្រោយ​សម្ព័ន្ធ​ខាង​ត្បូង​បាន​ចាញ់​សង្គ្រាមបដិមា​និង​កន្លែង​អនុស្សាវរីយ៍​នៃ​ Confederate​ គឺ​សម្ព័ន្ធ​រដ្ឋ​ភាគ​ខាង​ត្បូង​សម័យ​សង្គ្រាម ​បាន​ត្រូវ​កសាង​នៅ​ក្នុង​ផ្នែក​ខាង​ត្បូង​ប្រទេស​អាមេរិក។​ បដិមា​ពីរ​មាន​ប្រជា​ប្រិយភាព​បំផុត ​គឺ​បដិមា​របស់​លោក​ Robert E. Lee អគ្គ​មេបញ្ជាការ​នៃ​កងទ័ព​Confederate​ សម្ព័ន្ធ​រដ្ឋ​ភាគ​ខាង​ត្បូង​សម័យ​សង្គ្រាម​ និង​លោក​ Jefferson Davis ​ប្រធានាធិបតី​សម្ព័ន្ធ​ Confederate​ នេះ។​

អ្នកស្រី​ Carol Anderson​ ជា​សាស្ត្រាចារ្យ​ខាង​ការ​សិក្សា​អំពី​ជន​ជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ នៅ​ឯ​សាកល​វិទ្យាល័យ​ Emory ​ក្នុង​ក្រុង​ Atlanta។​

អ្នក​ស្រី​បាន​និយាយ​ថា៖​ «បដិមា​ទាំង​នេះ​បាន​ចាប់​ផ្តើម​ដាក់​តាំង​នៅ​ឆ្នាំ​ ១៨៩០​ នៅ​ពេល​មាន​ការ​កើន​ឡើង​នៃ​ការ​អនុវត្ត​ច្បាប់ ​Jim Crow។ ​ច្បាប់​ទាំង​នេះ​បាន​ពង្រឹង​ការ​បំបែក​ឱ្យ​ដាច់​ពី​គ្នា​ខាង​ពូជ​សាសន៍​និង​ការ​រើសអើង​ប្រឆាំង​នឹង​ពួក​ជន​ស្បែក​ខ្មៅ​ នៅ​ក្នុង​ប៉ែក​ខាង​ត្បូង​ប្រទេស​ ដោយ​មាន​រួម​បញ្ចូល​ទាំង​សិទ្ធិបោះឆ្នោត​ផង​ដែរ។​

នៅ​ពេល​នេះ​ក្រុម​បាតុករ​ដែល​ស្រែក​ខ្ទរខ្ទារ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​ថា​ «ជីវិត​ពួក​ជនស្បែក​ខ្មៅ​សំខាន់»​ នោះ​បាន​ទាមទារ​ឱ្យ​មាន​ការ​ដក​ចេញ​នូវ​បដិមា ​និង​កន្លែង​អនុស្សាវីយ៍​របស់​ Confederate​ សម្ព័ន្ធ​រដ្ឋ​ភាគ​ខាង​ត្បូង​សម័យ​សង្គ្រាម។

នៅ​ក្នុង​ធានី​នៃ​រដ្ឋ​ Kentucky បដិមា​មួយ​របស់​លោក ​Davis​ បាន​ត្រូវដក​ចេញ ​ហើយ​ត្រូវ​ដាក់​តាំង​នៅ​ក្នុង​កន្លែង ​ដែល​លោក​បាន​កើត។ ​បដិមា​មួយ​ទៀត​របស់​លោក​ Davis​ បាន​ត្រូវ​ទាញទម្លាក់​ដោយ​ពួក​បាតុករ​នៅ​ក្នុង​ក្រុង​ Richmond​ រដ្ឋ​ Virginia។ ​នៅ​ក្នុង​ក្រុង​ Montgomery ​រដ្ឋ​ Alabama​ ក្រុម​បាតុការ​បាន​វាយ​រំលំ​បដិមា​មួយ​របស់​លោក​ Lee​ នៅ​ក្នុង​វិទ្យាល័យ​មួយ។​

អ្នក​ស្រី ​Anderson​ បាន​និយាយ​ប្រាប់​វីអូអេ​ថា៖​ «ខ្ញុំ​យល់​ថា ​ផ្នែក​មួយ​នៃ​អ្វី​ដែល​យើង​កំពុង​ឃើញ​ប្រជារាស្ត្ររំលំ​បដិមាទាំង​នេះ ​គឺ​ថា ​នៅ​ពេល​ដែល​ស្ថាប័ន​មិន​ទទួល​ខុស​ត្រូវ​ឆន្ទៈ​របស់​ប្រជារាស្ត្រ ពេល​នោះ​ប្រជារាស្ត្រ​នឹង​ចាត់​វិធានការ»។​

មជ្ឈមណ្ឌល​ច្បាប់​សម្រាប់​ជន​ក្រីក្រ​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស ​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Southern Poverty Law Center ​ឲ្យ​ដឹង​ថា​ មាន​និមិត្តរូប​នៃ​សម្ព័ន្ធ​រដ្ឋភាគ​ខាង​ត្បូង​ជាង ​១​ពាន់ ​៧​រយ​ នៅ​លើ​ផ្ទៃ​ដី​សាធារណៈ។​ និមិត្តរូប​ទាំង​នេះ​ភាគ​ច្រើន​មាន​នៅ​ក្នុង​រដ្ឋ​ Georgia រដ្ឋ Virginia​ និង​រដ្ឋ ​North Carolina​ ដែល​ជា​រដ្ឋ​បី​ក្នុង​បណ្តា​រដ្ឋ​ទាំង​អស់ ​១១ ​នៃ​សម្ព័ន្ធ​រដ្ឋ​ភាគ​ខាង​ត្បូង។​

អ្នក​ស្រី​ Anderson​ បាន​និយាយ​អះអាង​ថា៖ «មាន​បដិរូប​ច្រើន​នៃ​ឧត្តមភាព​របស់​ពួក​ជន​ស្បែក​ស ​នៅ​ក្នុង​ទីលាន​សាធារណៈ​ឧទ្យានទីធ្លា​នៃ​សាលា​កាត់​ក្តីអគារ​នីតិ​បញ្ញត្តិ​របស់​រដ្ឋ​ និង​គេហដ្ឋាន​អភិបាល​រដ្ឋ ហើយ​បញ្ហា​នេះ​ហាក់​ដូចជា​ចាត់​ទុក​ពួក​ជនស្បែក​ខ្មៅ​ មាន​ឋានៈដូច​មុន​វិញ»។​

លោក​ Michael Jeffries​ ជា​សាស្ត្រាចារ្យ​ខាង​ការ​សិក្សា​អំពី​ប្រទេស​អាមេរិក​នៅ​ឯ​មហា​វិទ្យាល័យ​Wellesley​ រដ្ឋ​ Massachusetts។

លោក​បាន​និយាយ​ថា៖​ «ចំណុច​សំខាន់​គឺ​បដិមា​ និង​កន្លែង​អនុស្សាវរីយ៍​ទាំង​នេះ​បាន​ត្រូវ​កសាង​នៅ​ក្រោយ​សង្គ្រាម​ស៊ីវិល​ជា​ផ្នែក​មួយ​នៃ​ការ​អះអាង​ជា​ថ្មី​អំពី​ឧត្តម​ភាព​របស់ពួក​ជន​ស្បែក​ស»។​

ក៏​ប៉ុន្តែ ​មនុស្ស​ឯទៀត​មិន​យល់​ស្រប​ទេ ហើយ​អះអាង​ថា ​គោល​ការណ៍​នៃ​សម្ព័ន្ធ​រដ្ឋភាគ​ខាង​ត្បូង​ជា​ការ​ត្រឹមត្រូវ​ និង​ប្រកប​ដោយ​វីរភាព​ថែម​ទៀត​ផង។​

លោក ​Ben Jones​ ជា​អតីត​សមាជិក​សភា​សហរដ្ឋអាមេរិកប្រចាំ​រដ្ឋ ​Georgia​ ហើយ​លោក​ក៏​ជា​តួ​សម្តែង​ម្នាក់​នៅ​ក្នុង​រឿង​កំប្លែង​តាម​ទូរទស្សន៍​មួយ​មាន​ឈ្មោះ​ថា The Dukes of Hazzard។​

លោក​ជា​អ្នក​គាំទ្រ​ឱ្យ​រក្សា​ទុក​បដិមា​កន្លែង​អនុស្សាវរីយ៍​ ព្រម​ទាំង​ទង់ជាតិ​របស់​ Confederate​ សម្ព័ន្ធ​រដ្ឋ​ភាគ​ខាង​ត្បូង​នៅ​លើ​ផ្ទៃ​ដី​សាធារណៈ។​

លោក ​Jones ​បាន​និយាយ​ថា៖ «បដិមា​ទាំង​នេះ​ផ្តល់​កិត្តិយស​ឱ្យ​ពួក​បុរស​ដែល​បាន​បម្រើ​ប្រទេស​របស់​ពួក​គេ​ នៅ​ក្នុង​វិស័យ​យោធា​ និង​វិស័យ​នយោបាយ។​ ចំពោះ​ខ្ញុំ​ការណ៍​នេះ​ជា​ការ​ទទួល​ស្គាល់​អតីតកាល ​ដែល​មាន​រួម​បញ្ចូល​ទាសភាព​ដែរ ​ដែល​ជា​របៀប​រស់​នៅ​របស់​ពួក​គេ​នៅ​ពេល​នោះ»។​

នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​ជាមួយ​វីអូអេ​លោក​ Jones​ បាន​ថ្លែង​ថា​ពួក​បុព្វ​បុរស​ខ្លះ​របស់​លោក​បាន​ប្រយុទ្ធ​នៅ​ខាង​ Confederate​ សម្ព័ន្ធ​រដ្ឋ​ភាគ​ខាង​ត្បូង។​ នេះ​ជា​កិច្ច​ខិត​ខំប្រឹង​ប្រែង​មួយ​ដើម្បី​បំផ្លាញ​អតីតកាល​របស់​យើង​ដោយ​ «ការ​លុប​បំបាត់​វប្បធម៌»។​

លោក​ Jim Grossman ​ជា​នាយក​ប្រតិបត្តិ​នៃ​សមាគម​ប្រវត្តិសាស្ត្រ​អាមេរិកាំង។​ លោក​បាន​ហៅ​ការណ៍​នេះ​ថា​ជា​រឿង​មិន​ពិត​ដែល​គេ​និយម​ជឿ​ត​ទៅ​ទៀត។​ លោក ​Grossman​ បាន​និយាយថា៖​«បដិមា​ទាំង​នោះ​នៅ​ទី​នោះ​ដើម្បី​ផ្តល់​កិត្តិយស​ដល់​កេរ្តិ៍​ដំណែល​វប្បធម៌​ផ្នែក​ខាង​ត្បូង​ស.រ.អា.​ក៏​ប៉ុន្តែ​កេរ្តិ៍ដំណែល​វប្បធម៌​ដែល​ពួក​គេ​ផ្តល់​កិត្តិយស​ឱ្យ​នោះ​ជា​សម័យ​មាន​ទាសភាព»។​

លោក​ Jones​ ដែល​និយាយ​ថាលោក​មិន​មែន​ជា​អ្នក​រើសអើង​ខាង​ពូជសាសន៍ ​និង​បាន​ចូល​រួម​ក្នុង​ចលនា​សិទ្ធិ​ពលរដ្ឋ​ស.រ.អា. ​ក្នុង​ទសវត្សរ៍​១៩៦០ ​បាន​ហៅ​ការ​ដក​បដិមា​ទាំង​នេះ​ថា​ជា​ «ភាព​ឆ្កួត​វង្វេង»​ដែល​នាំ​ឱ្យ​មាន​ការ​បែកបាក់​គ្នា​នៅ​ក្នុង​ប្រទេស។​

លោក​បាន​និយាយ​ថា៖​ «នេះ​មិនមែន​ជា​ការ​គោរព​បូជា​ដល់​ការ​រើសអើង​ខាង​ពូជ​សាសន៍​ទេ»។​ បដិមា​ទាំង​នេះ​គួរ​ «ត្រូវ​ដាក់​នៅ​ក្នុង​បរិបទ​ប្រវត្តិ​សាស្ត្រ»​ ហើយ​គួរ​ស្ថិត​នៅ​កន្លែង​ដើម​តទៅ​ទៀត។

លោក ​Jeffries​ បាន​ថ្លែង​ថា៖​ «នេះ​ជា​មេរៀន​ដែល​ត្រូវ​រៀន​ដោយ​រក្សា​ឈ្មោះ​ពួក​ជន​ទាំង​នេះ​ក៏​ប៉ុន្តែ​រក្សា​នៅ​កន្លែង​ផ្សេង​វិញ​ដូចជា​នៅ​សារមន្ទីរ​និង​បណ្ណាល័យ​ជាជាង​ដាក់​បដិមា​ជន​ទាំង​នេះ​នៅ​ខាង​ក្រៅ​ដែល​ធ្វើ​ឱ្យ​ជន​ទាំង​នេះ​ល្បី​ឈ្មោះ»។​

លោក​ Grossman​ យល់​ស្រប​នឹង​ការ​ទស្សនៈ​នេះ។​

លោក​បាន​និយាយ​ថា៖ ​«យើង​មិន​អាច​លុប​ចោល​ប្រវត្តិ​សាស្ត្រ​បាន​ទេ។​យើង​មិន​ចង់​បំភ្លេច​ប្រវត្តិ​សាស្ត្ររបស់​យើងរួម​បញ្ចូល​ការ​ដាក់​តាំង​បដិមា​ដែល​រំឭក​និង​រំឭក​ដល់​ឧត្តមភាព​នៃ​ពួក​ជន​ស្បែក​ស​ទេ»។​

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ

XS
SM
MD
LG