អ្នកជំនាញខាងវេជ្ជសាស្ត្រលើកឡើងថា ពលរដ្ឋខ្មែរគួរប្រើប្រាស់រុក្ខជាតិម្រុម ជាជំនួយខាងសុខភាព និងជាប្រយោជន៍ផ្សេងៗវិញ ជាជាងចាត់ទុកវាថាជាថ្នាំព្យាបាលជំងឺតាមការជឿ ឬការប្រាប់តៗគ្នានោះ។
លោកវេជ្ជបណ្ឌិត តាំង តេកហុង រេជ្ជបណ្ឌិតខ្មែរអាមេរិកាំងម្នាក់នៅក្នុងក្រុង Jacksonville រដ្ឋ Florida បានថ្លែងបែបនេះនៅក្នុងកម្មវិធី Hello VOAកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនានេះ៖
«សូម្បីតែសហរដ្ឋអាមេរិកហ្នឹង ក៏មិនទាន់មានការច្បាស់លាស់ដែរ ពីព្រោះថា គេចាត់ទុកម្រុមហ្នឹងជាម្ហូបអាហារ មិនមែនថ្នាំទេបាទ។ បើកាលណារបស់អ្វីមួយដែលគេចាត់ទុកជាម្ហូបអាហារ គឺថា គ្មានការពិនិត្យតាមស្តង់ដារពេទ្យត្រឹមត្រូវទេ»។
ពលរដ្ឋខ្មែរជាច្រើននិយមទទួលទានស្លឹកម្រុមជាបន្លែ និងប្រើប្រាស់គ្រាប់និងឫសរុក្ខជាតិប្រភេទនេះសម្រាប់ជួយព្យាបាលជំងឺផ្សេងៗរបស់ពួកគេ ដោយសារពួកគេជឿតៗគ្នាថា រុក្ខជាតិនេះអាចជួយពួកគេបាន។
ថ្មីៗនេះទៀតសោត ក៏មានក្រុមហ៊ុនលក់ផលិតផល ដែលគេអះអាងថា ជាផលិតផលផ្សំពីរុក្ខជាតិម្រុមនេះ ហើយវាមានប្រយោជន៍ដល់សុខភាព និងអាចជួយព្យាបាលជំងឺជាច្រើនមុខបានទៀតផង។
តែទោះជាយ៉ាងនេះក្តី លោកវេជ្ជបណ្ឌិត តាំង តេកហុង មានប្រសាសន៍ថា ពលរដ្ឋខ្មែរគួរតែប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះការប្រើប្រាស់ផលិតផលណាមួយ ប្រសិនបើមិនមានការបញ្ជាក់ច្បាស់លាស់ពីខាងវេជ្ជសាស្ត្រ ពីព្រោះវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់បាន។
តួយ៉ាង លោកវេជ្ជបណ្ឌិតរូបនេះបានពន្យល់ថា រុក្ខជាតិម្រុមនេះមានសារជាតិ ដែលអាចបង្កគ្រោះថ្នាក់ដល់ស្ត្រីមានផ្ទៃពោះបាន ទោះបីជាវាអត្ថប្រយោជន៍ជាច្រើនខាងសុខភាពដល់ក្រុមមនុស្សផ្សេងទៀតក៏ដោយ។
ដូច្នេះ លោកថ្លែងថា ជាជាងពឹងផ្អែកទៅលើម្រុមសម្រាប់ព្យាបាលជំងឺនោះ ពលរដ្ឋខ្មែរ អាចបន្តប្រើប្រាស់រុក្ខជាតិនេះជាប្រយោជន៍ផ្សេងៗវិញ ដូចជាយកស្លឹកម្រុមធ្វើជាបន្លែសម្រាប់ទទួលទាន និងប្រើប្រាស់គ្រាប់វា ជំនួសសាច់ជូរ សម្រាប់កូរទឹកឲ្យថ្លា ជាដើម៕