សង្គ្រាមបក្ខពួកបានផ្ទុះឡើងនៅជ្រុងទាំងសងខាងនៃនយោបាយប្រទេសម៉ាឡេស៊ី ដោយសារតែជម្លោះផ្ទៃក្នុងដ៏ជូរចត់បានធ្វើឲ្យរយៈពេលដ៏ល្អូកល្អឺននៃរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសម្ព័ន្ធភាព Pakatan Harapan ឈានដល់ទីបញ្ចប់។
ការលាលែងដ៏គួរឲ្យភ្ញាក់ផ្អើលរបស់អ្នកស្រី Nurul Izzah Anwar ចេញពីតំណែងជាអនុប្រធានគណបក្សយុត្តិធម៌ប្រជាជនកាលពីពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញពីការបែកបាក់ដ៏ខ្លាំងក្លានៅក្នុងសម្ព័ន្ធភាពគណបក្ស Pakatan Harapan ដែលជាការច្របាច់បញ្ចូលគ្នារវាងគណបក្សនយោបាយពីរ ដែលជាគណបក្សធ្លាប់មើលមុខគ្នាមិនចំអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ចំណុចសំខាន់នៃជម្លោះនេះ ផ្ដោតជុំវិញយុទ្ធសាស្ត្រនយោបាយរបស់លោកនាយករដ្ឋមន្ត្រី Mahathir Mohamad។ យុទ្ធសាស្ត្រនយោបាយនេះបានបង្កជាការព្រួយបារម្ភនៅតាមតំបន់មួយចំនួន ដែលលោក Mahathir ប្រហែលជាភ្លេចពាក្យសន្យារបស់លោក ដែលធ្លាប់សន្យាថានឹងប្រគល់អំណាចឲ្យដៃគូនយោបាយរបស់លោក គឺលោក Anwar Ibrahim ដែលធ្លាប់ជាអតីតគូសត្រូវរបស់លោកជាយូរមកហើយ។
គណបក្ស Pakatan Harapan គឺជាសម្ព័ន្ធភាពដែលច្របាច់បញ្ចូលគ្នារវាងលោក Mahathir និងលោក Anwar។ លោក Anwar គឺជាអតីតអ្នកទទួលបានការគាំទ្រមួយរូបពីលោក Mahathir ដែលលោក Mahathir បានវាយប្រហារដោយពាក្យសម្ដីយ៉ាងខ្លាំងក្លា និងបានចាប់ដាក់ពន្ធនាគារពីបទរួមភេទជាមួយមនុស្សស្រលាញ់ភេទដូចគ្នា និងពីបទពុករលួយ មុនពេលលោកទាំងពីរបានចងសម្ព័ន្ធជាមួយគ្នាឡើងវិញ ដើម្បីដណ្ដើមជ័យជំនះដ៏ប្រផឹតប្រផើយនៅក្នុងការបោះឆ្នោតកាលពីខែឧសភា ឆ្នាំ ២០១៨។ ជ័យជំនះនេះបានបញ្ចប់នូវការដឹកនាំប្រទេសដោយឯកបក្សអស់រយៈពេលជាង ៦ ទសវត្សរ៍កន្លងមកនៅក្នុងប្រទេសម៉ាឡេស៊ី។
ទោះបីជាអ្នកស្រី Nurul ដែលត្រូវជាកូនស្រីរបស់លោក Anwar បានបដិសេធមិនបកស្រាយអំពីការលាលែងពីតំណែងរបស់អ្នកស្រីក៏ដោយ ក៏លោក Rafizi Ramli ដែលជាបេក្ខជនអនុប្រធានាធិបតីគណបក្សយុត្តិធម៌ប្រជាជនដែលបានទទួលបរាជ័យកាលពីពេលថ្មីៗនេះ និងដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់អ្នកស្រី Nurul បានវាយបកខ្លាំងៗលើថ្នាក់ដឹកនាំគណបក្ស Pakatan Harapan នៅក្នុងសារបង្ហោះនៅលើប្លុកតាមអ៊ីនធឺណិតមួយកាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៨ ដោយប្រកាសថា «អារម្មណ៍រំភើបរីករាយបានក្លាយទៅជាជូរចត់»។
លោក Rafizi បានសរសេរថា៖ «ខ្ញុំមិនចូលចិត្តធ្វើជាអ្នកផ្សព្វផ្សាយដំណឹងអាក្រក់នោះទេ ប៉ុន្តែនរណាម្នាក់ត្រូវតែហ៊ានប្រថុយនឹងគ្រោះថ្នាក់»។ លោកបានសរសេរដូច្នេះ មុនពេលលោកលើកឡើងពីការស្ទង់មតិធ្លាក់ចុះមួយ និងមុនពេលលោកបង្ហាញពីការត្អូញត្អែរអំពីទិសដៅបច្ចុប្បន្នរបស់គណបក្ស Pakatan Harapan។
ចំណុចសំខាន់ក្នុងចំណោមទិសដៅនោះគឺការណ៍ដែលលោកនាយករដ្ឋមន្ត្រី Mahathir ទាក់ទាញអ្នកផ្ដាច់ខ្លួនពីអតីតគណបក្សរបស់លោក និងទាក់ទាញគណបក្សអង្គការជាតិរួបរួមម៉ាឡេ ដែលជាសត្រូវជាយូរមកហើយរបស់គណបក្សយុត្តិធម៌ប្រជាជន ឲ្យចូលរួមនៅក្នុងគណបក្សថ្មីរបស់លោក គឺគណបក្ស Bersatu។
លោក Rafizi រិះគន់លើការយល់ឃើញដែលថា គណបក្ស Pakatan Harapan ត្រូវការអ្នកផ្ដាច់ខ្លួនពីគណបក្សអង្គការជាតិរួបរួមម៉ាឡេ ដោយសារតែគណបក្ស Pakatan Harapan មានជំហរទន់ខ្សោយជាមួយនឹងប្រជាពលរដ្ឋដើមកំណើតម៉ាឡេ ដែលជាប្រជាពលរដ្ឋភាគច្រើននៅក្នុងប្រទេសម៉ាឡេស៊ី។ លោក Rafizi បានអះអាងថា នយោបាយបែបជាតិសាសន៍នេះគឺជាការងាកចេញពីក្ដីបារម្ភចម្បងរបស់អ្នកបោះឆ្នោត ដែលនោះគឺសុខុមាលភាពសេដ្ឋកិច្ចរបស់ពួកគេ។
លោក Rafizi បានសរសេរដូច្នេះថា៖ «យើងអាចសម្រេចច្រើនជាងនេះថែមទៀត ប្រសិនបើយើងផ្ដោតលើការធ្វើឲ្យច្បាស់ថា ប្រជាពលរដ្ឋម៉ាឡេដែលមានជាតិសាសន៍ចម្រុះ ទទួលបានការយកចិត្តទុកដាក់ស្មើភាពគ្នានៅគ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅរបស់ពួកគេ មិនថាពួកគេមានជាតិសាសន៍ ឬកាន់សាសនាអ្វីនោះទេ»។
ការផ្ដាច់ខ្លួន និងការមិនពេញចិត្តជាបន្តបន្ទាប់
គណបក្សអង្គការជាតិរួបរួមម៉ាឡេ គឺជាគណបក្សមួយ ដែលលោក Mahathir បានដឹកនាំក្នុងនាមជានាយករដ្ឋមន្ត្រីអស់រយៈពេល ២ ទសវត្សរ៍ មុនពេលលោកចូលនិវត្តន៍នៅក្នុងឆ្នាំ ២០០៣។ គណបក្សនេះគ្មានលទ្ធភាពដោះស្រាយវិបត្តិមួយដែលមានជាបន្តរហូតមកដល់ពេលបច្ចុប្បន្ន ដែលធ្វើឲ្យប៉ះពាល់ដល់គណបក្សនេះ តាំងពីគណបក្សនេះបានចាញ់ការបោះឆ្នោតដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីខែឧសភា ឆ្នាំ ២០១៨ មក។
ការចាញ់ការបោះឆ្នោតនេះគឺដោយសារកាលនោះ លោកអតីតនាយករដ្ឋមន្ត្រី Najib Razak បានធ្លាក់ចូលកាន់តែជ្រៅទៅក្នុងរឿងអាស្រូវពុករលួយរាប់ពាន់លានដុល្លារពាក់ព័ន្ធនឹងក្រុមហ៊ុន 1MDB របស់រដ្ឋ ដែលជារឿងមួយជាទូទៅស្ទើរតែនឹកស្មានមិនដល់។
តើគណបក្សអង្គការជាតិរួបរួមម៉ាឡេ ដែលនៅពេលបច្ចុប្បន្ននេះ ត្រូវបានគេដឹងឭថាជាបណ្ដាញគាំទ្រដ៏ធំមួយដែលដឹកនាំដើម្បីការពារខ្លួនឯង មានអំណះអំណាងអ្វីដើម្បីប្រកាន់ជំហរប្រឆាំង?
លោក Wong Chin Huat អ្នកវិទ្យាសាស្ត្រនយោបាយនៃវិទ្យាស្ថាន Penang និយាយថា៖ «នៅក្នុងរយៈពេលប្រហែលជា ១០ ឆ្នាំកន្លងមកនេះ យ៉ាងហោចណាស់គណបក្សអង្គការជាតិរួបរួមម៉ាឡេមួយផ្នែកធំ បានក្លាយជាគណបក្សដែលទទួលបានអំណាច និងផលប្រយោជន៍។ ដូច្នេះ ការបាត់បង់អំណាចភ្លាមៗគឺធ្វើឲ្យពួកគេមានវិបត្តិមួយជាបន្តរហូតមកដល់សព្វថ្ងៃនេះ»។
លោកបានបន្ថែមថា៖ «ប្រសិនបើគ្មានការលើកទឹកចិត្ត និងការគាំទ្រ ពួកគេមិនអាចរក្សាទេពកោសល្យ និងអ្នកគាំទ្របានទេ»។
ចាប់តាំងពីបានចូលនិវត្តន៍មក លោក Mahathir ដែលជាអ្នកជាតិនិយមមានគំនិតអភិរក្សនិយម បានលេចឡើងជាថ្មីម្ដងទៀតជាអ្នកកាន់តំណែងបន្តនៃថ្នាក់ដឹកនាំសម្ព័ន្ធភាពមួយ ដែលគ្រប់គ្រងដោយគណបក្សប្រឆាំងនានា ដែលចេញពីចលនា Reformasi ដែលជាចលនាមួយដែលលោកបានប្រឹងប្រែងប្រឆាំងអស់រយៈពេលជាយូរមកហើយ។
ការគាំទ្រលើលោក Anwar គឺដោយសារលោកផ្ទេរអំណាច ដែលនេះជាអ្វីមួយដែលលោក Mahathir បានបញ្ជាក់ម្ដងហើយម្ដងទៀតថាជារឿងដែលលោកនឹងធ្វើដូចសន្យា។
គេឃើញមានការផ្ដាច់ខ្លួនរបស់សមាជិកគណបក្សអង្គការជាតិរួបរួមម៉ាឡេកាលពីពេលថ្មីៗនេះមកចុះចូលជាមួយគណបក្សរបស់លោក ទោះបីជាបណ្ដាលឲ្យមានការសង្ស័យថា លោក Mahathir កំពុងពង្រឹងសមាជិករបស់លោកនៅក្នុងរដ្ឋសភា ដើម្បីឲ្យមានអំណាចនៅក្នុងការសម្រេចចិត្តដូចនេះក៏ដោយ។ នេះបើតាមការបញ្ជាក់របស់លោក James Chin ប្រធានវិទ្យាស្ថានអាស៊ី Tasmania នៃសាកលវិទ្យាល័យ Tasmania។
លោក James Chin និយាយថា៖ «អ្នកត្រូវចាំថា នៅពេលដែលពួកគេចូលក្នុងរដ្ឋាភិបាល ពួកគេមិនទុកចិត្តលោក Mahathir ដែលជាបុរសវ័យចំណាស់នោះទេ ដោយសារតែលោក Mahathir មានវិធីដឹកនាំបែបផ្ដាច់ការ។ ប៉ុន្តែ លោក Mahathir មិនអាចធ្វើអ្វីបាននោះទេ ដោយសារតែគណបក្សរបស់លោកគឺជាគណបក្សតូចជាងគេបំផុតទីពីរ។ គណបក្សរបស់លោកមានសមាជិកសភាតែ ១៣ នាក់ប៉ុណ្ណោះ»។
លោក James Chin បានបន្ថែមថា៖ «យុទ្ធសាស្ត្ររបស់លោក Mahathir គឺធ្វើឲ្យច្បាស់ថា គណបក្សលោកអាចមានសមាជិកសភារវាងពី ៣០ ទៅ ៤០ នាក់ មុនពេលលោកចុះចេញពីតំណែង ដូច្នេះគណបក្សពីរផ្សេងទៀតមិនអាចគំរាមលោកបានទេ»។
លោក James Chin បានបញ្ជាក់ថា មានការភ័យខ្លាចក្នុងចំណោមគណបក្សដៃគូនៃសម្ព័ន្ធភាពគណបក្ស Pakatan Harapan ដែលថា គណបក្ស Bersatu អាចក្លាយជា «គណបក្សអង្គការជាតិរួបរួមម៉ាឡេ ៣,០»។
លោក James Chin និយាយដូច្នេះថា៖ «គណបក្ស Bersatu មានសមាជិក ដែលជាអតីតសមាជិកគណបក្សអង្គការជាតិរួបរួមម៉ាឡេ។ សមាជិកទាំងនេះដឹងតែមួយគត់ គឺការចូលរដ្ឋាភិបាលដើម្បីបានប្រយោជន៍។ ដូច្នេះហើយ ប្រសិនបើគ្មានទំនាក់ទំនងដូចនេះទេ គណបក្សនេះនឹងដួលរលំជាមិនខាន»។
មួយវិញទៀត ក្ដីព្រួយបារម្ភរឿងទំនុកចិត្តបានល្បីខ្ចរខ្ចាយតាមរយៈ «ក្រុមបញ្ញវន្ត» ក្នុងទីក្រុងកូឡាឡាំពួរ ទាក់ទិននឹងបញ្ហាអសមត្ថភាពរបស់លោក Anwar ក្នុងការលើកឡើងមិនចេះចប់មិនចេះហើយអំពីជំហររបស់លោក។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក James Chin។
លោក James Chin បានបន្តថា៖ «ប្រសិនបើលោក Mahathir ចុះចេញពីតំណែង លោកទំនងជាមិនជ្រើសរើសលោក Anwar ទេ តែលោកនឹងជ្រើសរើសរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Azmin Ali ដែលជាបេក្ខជនដែលលោកចូលចិត្ត»។
ក្នុងចំណោមសមាជិកសភាគណបក្សអង្គការជាតិរួបរួមម៉ាឡេទាំង ៥៤ រូប នៃរដ្ឋសភាម៉ាឡេស៊ីដែលមានសមាជិកសរុបចំនួន ២២២ នាក់ មានសមាជិក ១៧ នាក់ បានផ្ដាច់ខ្លួនចុះចូលជាមួយគណបក្ស Pakatan Harapan ឬក៏ក្លាយជាអ្នកឯករាជ្យ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់កាសែត New Straits Times។
បុគ្គលិករបស់លោក Mahathir បានបដិសេធមិនឆ្លើយសំណួររបស់ VOA អំពីការផ្ដាច់ខ្លួននេះ។
ប៉ុន្តែលោក Mahathir បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសម៉ាឡេស៊ីថា អ្នកផ្ដាច់ខ្លួនចេញពីគណបក្សអង្គការជាតិរួបរួមម៉ាឡេណាម្នាក់ក៏ដោយ គឺនឹងត្រូវត្រួតពិនិត្យយ៉ាងហ្មត់ចត់មុនពេលទទួលយកជាសមាជិករបស់គណបក្ស។
អ្នកតំណាងគណបក្សអង្គការជាតិរួបរួមម៉ាឡេ ក៏បានបដិសេធមិនឆ្លើយសំណួររបស់ VOA ផងដែរ។ ក្នុងនោះក៏មានសមាជិករដ្ឋសភាដ៏ល្បីឈ្មោះមួយរូបផងដែរ គឺលោក Khairy Jamaluddin ដែលលោកត្រូវបានគេឃើញថតក្នុងរូបថតមួយសន្លឹក ដែលលោកបានពិសាអាហារថ្ងៃត្រង់ជាមួយនឹងអ្នកស្រី Nurul និងលោក Rafizi កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៨។
តាំងពីគណបក្ស Pakatan Harapan បានឡើងកាន់អំណាចមក ប្រទេសម៉ាឡេស៊ីគឺដូចជារឿងប្រឌិតបែបនយោបាយមួយដូច្នេះដែរ ដែលបង្ហាញពីសត្រូវចាស់រួមកម្លាំងគ្នាផ្ដួលរំលំសត្រូវរួមរបស់ខ្លួន និងរុញប្រទេសទៅរកសេរីភាវូបនីយកម្មនៅក្នុងតំបន់ដែលដឹកនាំដោយជនផ្ដាច់ការ។
លោក Najib និងភរិយារបស់លោក គឺអ្នកស្រី Rosmah Mansor កំពុងត្រូវតុលាការកាត់ទោសពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ 1MDB ស្របពេលដែលច្បាប់ប្រឆាំងនឹងការបះបោរ និងទោសប្រហារជីវិតត្រូវបានលុបចោល។
ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះ សត្រូវស៊ីសាច់ហុតឈាមដែលផ្ដោតលើផលប្រយោជន៍ផ្ទាល់ខ្លួនផ្នែកនយោបាយ បានលេចឡើងវិញជាថ្មីម្ដងទៀតដោយមិនអាចជៀសបាននៅក្នុងប្រទេសម៉ាឡេស៊ី៕
ប្រែសម្រួលដោយ ភី សុភាដា