ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រភព​ទឹក​ក្រោមដី​ជ្រៅ​កំពុង​ប្រឈម​នឹង​ការ​បាត់បង់


រូបឯកសារ៖ កសិករ​ម្នាក់​រែកទឹក​នៅ​វាលដំណាំ​មួយ​ជិត​បឹឹង Poyang ក្នុង​ក្រុង Yongxiu ខេត្ត​ Jiangxi ប្រទេសចិន។
រូបឯកសារ៖ កសិករ​ម្នាក់​រែកទឹក​នៅ​វាលដំណាំ​មួយ​ជិត​បឹឹង Poyang ក្នុង​ក្រុង Yongxiu ខេត្ត​ Jiangxi ប្រទេសចិន។

ក្រុម​អ្នក​ស្រាវជ្រាវ​និយាយ​ថា​ ការ​ស្រូប​យក​ទឹក​ពី​ប្រភព​ទឹក​ក្រោម​ដី​ទាំង​នេះ​កំពុង​បង្កើត​ជា​បញ្ហា​ធំ​មួយ ដែល​មិន​សូវ​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន។

ផែនដី​កំពុង​បាត់បង់​ប្រភព​ធនធាន​ទឹក​សាប​សំខាន់ៗ។ ប៉ុន្តែ​ធនធាន​ទឹក​ទាំង​នេះ​មិនមែន​ជា ទឹកបឹង​ឬ​ទន្លេ​នោះ​ទេ។ ធនធាន​ទឹក​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ ប្រភព​ទឹក​ក្រោមដី​ ហើយ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្រោម​ដី​ជ្រៅ។ ប្រភព​ទឹក​ខ្លះ​នៅ​ជ្រៅ​ខ្លាំង​រហូត​សូម្បី​តែ​ភ្លៀង​ដែល​ធ្លាក់​ខ្លាំង​ក៏​មិន​អាច​ជ្រាប​ចូល​ដល់​ ​និង​បំពេញ​ប្រភព​ទាំង​នោះ​បាន​ដែរ។ ប្រភព​ទឹក​ក្រោម​ដី​ជា​ច្រើន​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ស្រោចស្រព​ដំណាំ ហើយ​មិនមែន​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ស្រុក​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ការ​ប្រើប្រាស់​សាកល​ផង​ដែរ។ ការ​សិក្សា​ថ្មី​មួយ​បាន​ព្រមាន​ថា​ ប្រភព​ទឹកទាំង​នេះ​កំពុង​តែ​បាត់បង់​ ហើយ​អាច​ប៉ះពាល់​ដល់​សន្ដិសុខ​ស្បៀង​និង​សេដ្ឋកិច្ច​ជុំវិញ​ពិភពលោក។

ស្រូវ​សាលី ​អង្ករ​ ស្ករ​ កប្បាស​និង​ពោត​គឺ​ស្ថិត​ក្នុង​ចំណោម​ដំណាំ​ជំនួញ​សំខាន់​បំផុត។ ប្រទេស​ផលិត​ដំណាំ​កសិផល​មួយ​ចំនួន​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​ធារាសាស្ដ្រ​ដើម្បី​ដាំដុះ។ ការ​ពិត ​កសិកម្ម​បែប​ធារាសាស្រ្ត​ប្រើប្រាស់​ទឹក​សាប ​ប្រមាណ​៨០​ភាគរយ​ឬ​ច្រើន​ជាង​នេះ​នៅ​ទូទាំង​ពិភពលោក។ ការ​កើនឡើង​ទំហំ​នៃ​ការ​ប្រើប្រាស់​ទឹក​សាប​ទាំងនេះ​បាន​មក​ពី​ប្រភព​ទឹក​ក្រោម​ដី​ ដោយសារ​មូលហេតុ​នានា ​ដូច​ជា​គ្រោះ​រាំង​ស្ងួត​ ឬ​ការ​ដាំដុះ​នៅ​ក្នុង​តំបន់​រាំង​ស្ងួត​ខ្លាំង ។

ក្រុម​អ្នក​ស្រាវជ្រាវ​និយាយ​ថា​ ការ​ស្រូប​យក​ទឹក​ពី​ប្រភព​ទឹក​ក្រោម​ដី​ទាំង​នេះ​កំពុង​បង្កើត​ជា​បញ្ហា​ធំ​មួយ ដែល​មិន​សូវ​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន។

ហើយ​ក្រុម​អ្នក​វិទ្យាសាស្រ្ត​និយាយ​ថា បើ​ទោះ​បី​ជា​មាន​ការ​ចាប់​អារម្មណ៍​ ក៏​មិន​មាន​អ្វី​ច្រើន​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ដែរ។

ការ​សិក្សា​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ ​College ​London​និង​វិទ្យាស្ថាន សិក្សា​អំពី​អវកាស ​Goddard នៃ​អង្គការ​ណាសា (NASA) នៅ​ញូវយ៉ក។

ការ​សិក្សា​នេះ​បានឲ្យដឹង​ថា​ ១១​ ភាគរយ​នៃ​អ្វី​ដែល​គេ​ហៅ​ថា «ទឹកក្រោម​ដី​ដែល​កំពុង​បាត់បង់» ពី​ប្រភព​ទឹក​ក្រោម​ដី ត្រូវ​គេ​ប្រើប្រាស់​ដើម្បី​ដាំដុះ​ដំណាំ​ស្បៀងដែល​ត្រូវ​ជួញដូរ​ជា​អន្តរជាតិ។

លោក​ Michael Puma ​ ដែល​ជា​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៅ​អង្គការ​ណាសា​ និង​សាកលវិទ្យាល័យ​Columbia បាន​ថ្លែង​ថា៖

«ប្រភព​ទឹក​ក្រោម​ដី​គឺ​លំបាកក្នុង​ការ​សង្កេត​មើល ដោយសារ​តែ​វា​នៅ​ជ្រៅ​ក្នុង​ដី​ខ្លាំង។ ដូច្នេះ​វា​មាន​ការ​លំបាក​ក្នុង​ការ​សង្កេត​មើល និង​ដឹង​ថា​តើ​មាន​ទឹក​ក្រោម​ដី​ប៉ុន្មាន​ ហើយ​នៅ​កន្លែង​ណា​ខ្លះ‍»។

ប្រភព​ទឹក​ក្រោម​ដី ​កើត​ឡើង​នៅ​ក្នុង​ចន្លោះ​រន្ធ​ក្រោម​ដី​ ដូច​ដែល​ប្រវត្តិ​ភូគព្ភសាស្ត្រ​របស់​ផែនដី​បាន​សរសេរ។

«សម្រាប់​ការ​សិក្សា​នេះ​យើង​ពិត​ជា​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ការ​បង្កើត​ទ្រង់ទ្រាយ​ជ្រៅ​ឬ​ប្រភពក្រោម​ដី​ជ្រៅ​ ដែល​ជា​កន្លែង​មនុស្ស​បូម​ទឹក​ចេញ​ ហើយ​មិន​ត្រូវ​បាន​បំពេញ​ទៅវិញ​ ​ទោះ​បី​ជាមានភ្លៀង​ធ្លាក់​ធំ​ៗក៏​ដោយ‍»។

លោក​បាន​និយាយ​ថា​ ប្រភព​ទឹក​ក្រោម​ដី​ទាំង​នេះ​អាច​នឹង​មិន​ត្រូវ​បាន​បំពេញ​វិញ​ទេ​អស់​រយៈពេល​រាប់​រយ​ឆ្នាំ​ឯណោះ។

«ដើម្បី​ឲ្យ​ប្រភព​ទឹក​ក្រោម​ដី​ត្រូវ​បាន​បំពេញ​ឡើងវិញ ត្រូវ​មាន​ការ​ប្រែប្រួល​ធំ​មួយ​ទៅ​លើ​អាកាសធាតុ។ យើង​ត្រូវ​ការ​ឲ្យ​មាន​ទឹកច្រើន​ជាង​នេះ​នៅ​ក្នុង​តំបន់​ ដែល​បច្ចុប្បន្ន​នេះ កំពុង​ស្ងួត​ខ្លាំង‍»។

សហរដ្ឋអាមេរិក ​ឥណ្ឌា ​អ៊ីរ៉ង់​ ប៉ាគីស្ថាន​ ចិន​ ម៉ិកស៊ិក​ និង​អារ៉ាប៊ីសាអ៊ូឌីត ​ប្រើទឹក​ក្រោមដី​ ដែល​មិន​កើត​ឡើង​វិញ ភាគច្រើនសម្រាប់​ផលិតកម្ម​កសិកម្ម។ សហរដ្ឋអាមេរិក​គឺ​ជា​ ប្រទេស​នាំចេញ​ចំណី​អាហារ​ចម្បងមួយ។

«ប្រសិន​បើ​សហរដ្ឋអាមេរិក​ប្រើ​ធនធាន​ទឹក​ក្រោម​ដី​របស់​ខ្លួន​អស់​នោះ ​នេះ​បង្ហាញ​ពី​ហានិភ័យ​មួយទៅ​លើប្រព័ន្ធ​ស្បៀង​អាហារ​លើ​សកលលោក​ទាំង​មូល។

ប្រសិន​បើ​អ្នក​ដក​ការ​នាំចេញ​នេះ​ចេញ​ បណ្ដា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​នឹង​រង​ផល​ប៉ះពាល់។​ ជា​ឧទាហរណ៍ បច្ចុប្បន្ន​នេះ ​ប្រទេស​ចិន​និង​ឥណ្ឌា ​ក៏ប្រឈម​នឹង​ការ​បាត់បង់​ទឹក​ក្រោម​ដី​នៅ​ក្នុង​ប្រទេស​ខ្លួន​ផង​ដែរ។ ឥឡូវ​នេះ ប្រទេស​ទាំង​នេះ​មិន​នាំ​ចេញ​អាហារ​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក​នោះ​ទេ ដូច្នេះ​ប្រទេស​ទាំង​នេះ​ប្រឈម​នឹង​ឱនភាព​ក្នុង​ស្រុក​ ប្រសិន​បើ​ប្រភព​ទឹក​ក្រោម​ដី​បាត់បង់‍»​។

ប៉ុន្តែ​ប្រសិន​បើ​ប្រទេស​ចិន​និង​ឥណ្ឌា​បាត់បង់​ប្រភព​ទឹក​ក្រោម​ដី​ ដែល​បាន​ប្រើ​សម្រាប់​កសិកម្ម​ក្នុង​ស្រុក ពួកគេ​នឹង​ត្រូវ​ពឹង​ផ្អែក​លើ​ការ​នាំ​ចូល​អាហារ​កាន់​តែ​ច្រើន។ តម្រូវ​ការ​កាន់​តែ​ធំ​អាច​ធ្វើ​ឱ្យ​តម្លៃ​ស្បៀង​អាហារ​ពិភពលោក​កើន​ឡើង។

លោក ​Puma​ និយាយ​ថា​ សហរដ្ឋអាមេរិក​ដឹង​ច្បាស់​ពី​ការ​បាត់បង់​ទឹក​ក្រោម​ដី​ ដែល​នឹង​កើត​ឡើង​ទៅ​លើ​ប្រភព​ផ្តល់​ទឹក​ក្រោម​ដី​ជ្រៅ​មួយ​ចំនួន។

«រដ្ឋ​កាលីហ្វញ៉ា​ទទួល​ស្គាល់​ថា ខ្លួន​កំពុង​ជួប​ប្រទះ​នឹង​ការ​បាត់បង់​ទឹក​ក្រោម​ដី​។ រដ្ឋ​ Kansasក៏​ទទួល​ស្គាល់​ផង​ដែរ​ថា ខ្លួន​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ការ​បាត់បង់​ទឹក​ក្រោមដី។ ទោះ​ជា​យ៉ាងណា​ដំណោះ​ស្រាយ​នៅ​មិន​ទាន់​ច្បាស់លាស់​នៅ​ឡើយ។ មាន​ការ​ព្យាយាម​ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​ទឹក​ក្រោម​ដី​មាន​លក្ខណៈ​យឺតៗ​ជាង​មុន ប៉ុន្តែ​វា​មិន​អាច​ដោះស្រាយ​បញ្ហា​នោះ​ទេ ​ដោយសារ​តែ​បរិមាណ​ទឹក​ក្រោមដី​មាន​កំណត់ ហើយ​ដែល​នឹង​មិន​ត្រូវ​បំពេញ​ឡើងវិញ‍»។

ប្រភព​ទឹក​ក្រោម​ដី​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​សហរដ្ឋអាមេរិក​មាន​ទំហំ​ប្រហែល​២៨២.០០០ ​គីឡូ​ម៉ែត្រ​ការេ​ ដែល​មាន​ឈ្មោះ​ថា​ Ogallala។ ប្រភព​ទឹក​នេះ​លាត​សន្ធឹង​នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​រដ្ឋ​ចំនួន​ប្រាំបី ​ដែល​រួម​ទាំង​រដ្ឋ ​Kansas ​ផង​ដែរ។

ការ​ស្ទង់​មតិ​ភូគព្ភសាស្ត្រ​របស់​រដ្ឋ​ Kansas ​ដែល​បាន​ធ្វើ​កាល​ពីរ​បី​ឆ្នាំ​មុន​បាន​ប៉ាន់ប្រមាណ​ថា​ប្រភព​ទឹក​នេះ​អាច​ស្ងួត​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន​ក្នុង​រយៈពេល​៥០​ ឆ្នាំ​ខាងមុខ។ ភាគ​ច្រើន​នៃ​ដី​នៅ​ក្នុង​រដ្ឋ​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ដាំ​ស្រូវ​សាលី​ ពោត​ និង​ដំណាំ​អាហារ​ផ្សេង​ៗ​ទៀត។

អ្នក​វិទ្យាសាស្ត្រ​ទីភ្នាក់ងារ​ណាសា​និយាយ​ថា ​បច្ចុប្បន្ន​នេះ​វា​គ្រាន់​តែ​ជា​បញ្ហា​នៃ​ការ​គ្រប់គ្រង​អ្វី​ដែល​នៅ​សេសសល់​ប៉ុណ្ណោះ។

«ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​ពិតប្រាកដ​ចំពោះ​បញ្ហា​ទឹក​ក្រោម​ដី​នេះ ​យើង​ត្រូវ​តែ​មាន​ការ​ពិភាក្សា​អំពី​របៀប​ថា​តើ​យើង​នឹង​លៃលក​កសិដ្ឋាន​របស់​យើង​ និង​សកម្មភាព​កសិកម្ម​តាម​របៀបណា​ ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​អនាគត​ដែល​យើងប្រឈម​នឹង​ស្ថានភាព​មួយ​ ដែល​ទឹក​ក្រោម​ដី​លែង​មានវត្តមាន​នៅ​កន្លែង​ទាំង​នេះ​តទៅទៀត‍»។

ចុះ​ចំណែក​គម្រោង​ធំ​ដែល​ចម្រាញ់​ជាតិ​អំបិល​ចេញ​ពី​ទឹក ​ដែល​នឹង​បម្លែង​ទឹក​សមុទ្រ​ទៅ​ជា​ទឹក​សាប​សម្រាប់​ការ​ប្រើប្រាស់​ផ្នែក​កសិកម្ម? លោក ​Puma​ បាន​និយាយ​ថា​ គម្រោង​នោះ​ថ្លៃ​ខ្លាំង​ណាស់​ហើយ​នឹង​បង្កើន​ការ​ចំណាយ​លើ​ទឹក​សម្រាប់​កសិករ ​ហើយ​បន្ទាប់​មក​បង្កើន​តម្លៃ​ម្ហូប​អាហារ។

«ប្រសិន​បើ​ពួកគេ​ត្រូវ​បង់​ថ្លៃ​ខ្ពស់​សម្រាប់​ទឹក​ប្រើប្រាស់​របស់​ពួកគេ ​យើង​រំពឹង​ថា ​កសិករ​ភាគច្រើន​នឹង​មិន​មាន​លទ្ធភាព​បន្ត​ការ​ធ្វើ​កសិកម្ម​បាន​ទៀត​នោះ​ទេ។ ដូច្នេះ​ការ​យក​ជាតិ​អំបិល​ចេញ​ពី​ទឹក​ប្រៃ​នឹង​មាន​ការ​លំបាក​ខ្លាំង​ណាស់​ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ‍»។

ដូច្នេះ​ខណៈ​ពេល​ដែល​ប្រទេស​ជាច្រើន​ដូច​ជា​ ប្រទេស​សូម៉ាលី​កំពុង​ជួប​គ្រោះ​រាំង​ស្ងួត ​ការ​សិក្សា​របស់​ទីភ្នាក់ងារ​ណាសា និង​សាកលវិទ្យាល័យ ​College​ London ​ក្នុង​ទី​ក្រុង​ឡុងដ៍​ព្រមាន​ថា​ កំពុង​តែ​មាន​គ្រោះ​រាំងស្ងួត​នៅ​ក្រោម​ដី​ផង​ដែរ។

«វា​គឺ​ពិត​ជា​បញ្ហា​សកល។ ប្រទេស​ទាំង​អស់​នៅ​ជុំវិញ​ពិភពលោក​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​នេះ។ យើង​មិន​មាន​ដំណោះ​ស្រាយ ​ឬ​យុទ្ធសាស្ត្រ​ល្អៗ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​នោះ​ទេ។ ដូច្នេះ​យ៉ាងហោចណាស់ ​យើង​ត្រូវ​មាន​ការ​ពិភាក្សា​គ្នា​ដើម្បី​រក​មធ្យោបាយ​និង​យុទ្ធសាស្រ្ត​ថ្មី​ផ្សេង​ៗ ដែល​ទទួល​ស្គាល់​បញ្ហា​នេះ​ ហើយ​ព្យាយាម​និង​សម្រប​សម្រួល​ពី​របៀប​ដែលយើង​អាច​នឹង​កែ​តម្រូវ​គោល​នយោបាយ​របស់​យើង‍»។

យុទ្ធសាស្ត្រ​ណា​ក៏​ដោយ​ក៏​ត្រូវ​តែ​រក្សាតុល្យភាព​រវាង​តម្រូវ​ការ​ផលិតកម្ម​រយៈពេល​ខ្លី​ និង​ចិរភាព៕

ប្រែ​សម្រួល​ដោយ​ផន​ បុប្ផា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG