មរណភាពរបស់ប្រធានាធិបតីឆាដលោក Idriss Deby អាចជាការបង្អាក់ដ៏ធំមួយចំពោះកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងភេរវកម្មនៅក្នុងតំបន់ Sahel នៅទ្វីបអាហ្រិ្វក។ នេះបើយោងតាមការបញ្ជាក់របស់សកម្មជនឆាដ អ្នកនយោបាយនៅទ្វីបអាហ្វ្រិក និងអ្នកជំនាញផ្នែកសន្តិសុខ។
មេដឹកនាំដែលកាន់តំណែងយូរអង្វែង វ័យ ៦៨ ឆ្នាំ របស់ប្រទេសឆាដរូបនេះ បានស្លាប់កាលពីថ្ងៃទី ១៩ ខែមេសាកន្លងទៅនេះ ដោយសារលោកបានរងរបួសនៅពេលលោកចុះទៅសួរសុខទុក្ខកងទ័ពដែលកំពុងប្រយុទ្ធជាមួយនឹងក្រុមឧទ្ទាមរណសិរ្សដើម្បីការផ្លាស់ប្ដូរនិងការរួបរួមនៅប្រទេសឆាដ (Front for Change and Concord in Chad (FACT)) ដែលមានមូលដ្ឋាននៅក្នុងប្រទេសលីប៊ី។ ក្រុមឧទ្ទាមនេះបានរំកិលមកកាន់រដ្ឋធានីយ៉ាមេណា ប្រទេសឆាដ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ។
នៅក្រោយមរណភាពរបស់លោក Deby ក្រុមឧត្តមសេនីយ៍បានបង្កើតនូវក្រុមប្រឹក្សាយោធាមួយដើម្បីដឹកនាំប្រទេស និងបានចាត់តាំងលោកឧត្តមសេនីយ៍ Mahamat Idriss Deby Itno អាយុ ៣៧ ឆ្នាំ ដែលជាកូនប្រុសរបស់លោក Deby ឲ្យធ្វើជាប្រធានាធិបតីស្តីទី។
ក្រុមអ្នកតាមដានស្ថានការណ៍ក្នុងប្រទេសឆាដបាននិយាយថា ភាពចលាចលនយោបាយអាចឈានទៅដល់បញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេសដែលស្ថិតនៅភាគកណ្តាលនៃទ្វីបអាហ្រ្វិកមួយនេះ។
អ្នកស្រី Delphine Djiraibe ដែលជាមេធាវីសិទ្ធិមនុស្សនិងជាស្ថាបនិកមជ្ឈមណ្ឌលច្បាប់ដើម្បីប្រយោជន៍សាធារណៈ (Public Interest Law Center) និងដែលរស់នៅក្នុងរដ្ឋធានីយ៉ាមេណា បាននិយាយថា៖ «ប្រទេសឆាដមានបញ្ហាប្រឈមផ្នែកសន្តិសុខជាច្រើននៅពេលឥឡូវនេះ»។
អ្នកស្រីបានថ្លែងប្រាប់ VOA ក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា៖ «នៅក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម លោកប្រធានាធិបតី Deby គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធនឹងប្រទេសបារាំងនិងបណ្តាប្រទេសមហាអំណាចផ្សេងទៀត។ ដូច្នេះការស្លាប់របស់លោក នឹងបង្កជាចន្លោះប្រហោងមួយ។ ទោះបីជាលោកដឹកនាំបែបផ្តាច់ការក៏ដោយ ក៏សមិទ្ធផលរបស់លោកនៅក្នុងយុទ្ធនាការប្រឆាំងនឹងភេរវកម្មនៅក្នុងតំបន់គឺជាកត្តាចម្បងដែលបណ្តាប្រទេសទាំងនោះគាំទ្ររូបលោក»។
លោក Deby បានដឹកនាំប្រទេសឆាដចាប់តាំងពីបានចូលកាន់អំណាច បន្ទាប់ពីរដ្ឋប្រហារយោធានៅក្នុងឆ្នាំ ១៩៩០ មក។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ លោកនិងយោធារបស់លោកបានក្លាយជាតួអង្គសំខាន់ នៅក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងភេរវកម្មនៅក្នុងតំបន់ Sahel និងតំបន់ Lake Chad Basin ដែលជាកន្លែងដែលក្រុមបូកូហារ៉ាំ (Boko Haram) និងក្រុមឥស្លាមជ្រុលនិយមដទៃទៀតធ្វើសកម្មភាពនៅតាមបណ្តាប្រទេសមួយចំនួន។
អ្នកស្រី Kaltuoma Makaila ពលរដ្ឋក្រុងយ៉ាមេណា វ័យ ៤១ ឆ្នាំ បាននិយាយថា៖ «លោក [Deby] អាចរក្សាប្រទេសយើងឲ្យមានសុវត្ថិភាពពីការគំរាមកំហែងភេរវកម្ម ក៏ដូចជាបានជួយបណ្តាប្រទេសដទៃទៀតនៅក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងភេរវកម្មផងដែរ»។
អ្នកស្រីបានថ្លែងប្រាប់ VOA ថា៖ «នៅពេលដែលលោក Deby បានស្លាប់ទៅ ខ្ញុំមិនច្បាស់ថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសរបស់យើងនឹងទៅជាយ៉ាងណានោះទេ ប៉ុន្តែយើងនឹងពិតជាត្រូវឆ្លងកាត់ដំណាក់កាលមិនច្បាស់លាស់មួយ»។
ស្ថិរភាពក្នុងតំបន់
អ្នកនយោបាយមួយចំនួនជឿថា ផលវិបាកមិនរំពឹងទុកនៃមរណភាពរបស់លោក Deby ក៏អាចកើតឡើងនៅតាមបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ផងដែរ។
លោក Alexandre-Ferdinand Nguendet អតីតប្រធានក្រុមប្រឹក្សាជាតិអន្តរកាលនៃសាធារណរដ្ឋអាហ្រ្វិកកណ្តាល (National Transitional Council of the Central African Republic) បាននិយាយថា លោក Deby គឺជា «បុគ្គលម្នាក់ដែលបានរួមចំណែកយ៉ាងច្រើនដល់ស្ថិរភាពនៅក្នុងតំបន់។ ...ខ្ញុំគិតថា ការស្លាប់របស់លោក នឹងក្លាយជាមូលហេតុដែលបង្កឲ្យមានអស្ថិរភាពនៅក្នុងអនុតំបន់នេះ»។
យោធាឆាដបានដើរតួយ៉ាងសំខាន់នៅក្នុងជួរកងកម្លាំង ៥.០០០ នាក់នៃក្រុមប្រទេស G5 ក្នុងតំបន់ Sahel។ ក្រុមប្រទេស G5 ក្នុងតំបន់ Sahel រួមមានប្រទេសនីហ្សេ ម៉ាលី ឆាដ បួគីណាហ្វាសូ និងម៉ូរីតានី។ កងកម្លាំងរបស់ប្រទេសទាំងនេះបានសហការជាមួយនឹងកងទាហានបារាំង ដែលមានវត្តមាននៅក្នុងតំបន់ ចាប់តាំងពីមានការផ្ទុះឡើងនូវការបះបោរនៅក្នុងប្រទេសម៉ាលីកាលពីឆ្នាំ ២០១២ មក។
ពលរដ្ឋម្នាក់រស់នៅរដ្ឋធានីបាម៉ាកូ ប្រទេសម៉ាលី ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា៖ «នេះគឺជាគុណវិបត្តិដ៏ធំមួយសម្រាប់ប្រទេសឆាដ ម៉ាលី និងតំបន់ Sahel ទាំងមូល ពីព្រោះកាលពីពេលថ្មីៗនេះ លោក [Deby] បានបញ្ជូនកងទ័ពឆាដចំនួន ១.២០០ នាក់ដើម្បីពង្រឹងសន្តិសុខ» នៅក្នុងតំបន់ព្រំដែនរវាងប្រទេសនីហ្សេ ម៉ាលី និងបួគីណាហ្វាសូ។
នៅក្នុងប្រទេសនីហ្សេដែលជាប្រទេសជិតខាង ពលរដ្ឋម្នាក់បាននិយាយថា ការស្លាប់របស់លោក Deby នឹង «បង្កជាផលវិបាកដែលមិនអាចជៀសបាននៅក្នុងអនុតំបន់នេះ»។
លោកបានថ្លែងប្រាប់ VOA ថា៖ «បុរសម្នាក់ដែលបានជួយយើងបានស្លាប់ទៅហើយ។ តើយើងគួរធ្វើអ្វីដើម្បីជំនួសកិច្ចប្រឹងប្រែងដែលគាត់បានធ្វើកន្លងមកនៅក្នុងការប្រឆាំងនឹងភេរវកម្ម?»។
«ពេលវេលាដ៏គួរឲ្យព្រួយបារម្ភ»
ក្រុមឧទ្ទាម FACT បានបញ្ជាក់ថា ខ្លួនមិនទទួលស្គាល់ក្រុមប្រឹក្សាយោធាអន្តរកាលដែលនឹងគ្រប់គ្រងប្រទេសឆាដ នៅក្នុងរយៈពេល ១៨ ខែខាងមុខនេះទេ។ អ្នកជំនាញនានាបាននិយាយថា ករណីនេះមានន័យថា ការគំរាមកំហែងរបស់ក្រុមឧទ្ទាមនេះនៅក្នុងប្រទេសឆាដគឺនៅតែមានពិតប្រាកដដដែល។
លោក Daniel Eizenga អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្តទ្វីបអាហ្រ្វិក (African Center for Strategic Studies) នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយថា៖ «នេះគឺជាពេលវេលាដ៏គួរឲ្យព្រួយបារម្ភ ពីព្រោះយើងមិនដឹងថានឹងមានអ្វីកើតឡើងនោះទេ»។
លោកបានបន្ថែមថា របបដែលបានបង្កើតឡើងដោយលោកប្រធានាធិបតី Deby គឺ «មានលក្ខណៈផ្តាច់ការខ្លាំង។ ដូច្នេះគ្រប់អំណាចផ្នែកនយោបាយទាំងអស់ត្រូវបានចាក់ឬសចាក់គល់នៅក្រោមការគ្រប់គ្រងរបស់លោក Deby និងគណបក្សកាន់អំណាចរបស់លោក»។
លោក Eizenga បានប្រាប់ VOA ថា៖ «នៅពេលដែលមានអស្ថិរភាពនយោបាយ រឿងអ្វីក៏អាចកើតឡើងបានដែរ។ អស្ថិរភាពដែលបានចាក់ឬសនៅក្នុងរបបផ្តាច់ការនោះគឺពិតជាបង្កបញ្ហា ហើយឥឡូវនេះ យើងកំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលប្រទេសឆាដប្រហែលជាមិនអាចធ្វើជាដៃគូសំខាន់មួយទៀតនោះទេ ដោយសារតែអ្វីៗទាំងអស់នៅក្នុងប្រទេសឆាដអាចដួលរលំបាន»។
តួនាទីរបស់កូនប្រុសលោក Deby
កូនប្រុសរបស់លោក Deby ដែលជាឧត្តមសេនីយ៍ផ្កាយបួន ធ្លាប់បានដឹកនាំប្រតិបត្តិការយោធាមួយចំនួនប្រឆាំងនឹងក្រុមបះបោរឥស្លាមជ្រុលនិយម ដែលរួមមានទាំងប្រតិបត្តិការមួយកាលពីឆ្នាំ ២០១៣ ផងដែរ។ នៅពេលនោះ ទាហានឆាដត្រូវបានដាក់ពង្រាយនៅភាគខាងជើងប្រទេសម៉ាលីដើម្បីជួយគាំទ្រប្រតិបត្តិការរបស់ប្រទេសបារាំងនៅម៉ាលីដែលមានឈ្មោះថា French Operation Serval។
លោក Eizenga បាននិយាយថា៖ «គាត់បានកាន់តំណែងខ្ពស់នៅក្នុងពិភពចារកម្មផ្នែកយោធាសម្រាប់ប្រទេសឆាដ ហើយនេះបង្ហាញថា គាត់មានបណ្តាញនៅក្នុងផ្នែកការទូតនិងយោធាដ៏ទូលំទូលាយ ដែលមានមូលដ្ឋាននៅក្នុងទីក្រុងយ៉ាមេណា»។
ប្រតិបតិ្តការប្រយុទ្ធប្រឆាំងនឹងភេរវកម្មរបស់ប្រទេសបារាំងដែលមានឈ្មោះថា Operation Barkhane និងកងកម្លាំងពិសេសរួមពហុជាតិ (Multinational Joint Task Force) នៅក្នុងតំបន់ គឺមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសឆាដ។
លោក Eizenga បានបន្ថែមថា៖ «ខ្ញុំគិតថា ការណ៍ដែលលោកត្រូវបានចាត់តាំងឲ្យដឹកនាំក្រុមប្រឹក្សាយោធាអន្តរកាលរបស់ប្រទេសឆាដ បានបង្ហាញថា មានកិច្ចប្រឹងប្រែងដែលធ្វើឡើងដោយយ៉ាងហោចណាស់មនុស្សមួយចំនួននៅក្នុងទីក្រុងយ៉ាមេណា ដើម្បីព្យាយាមរក្សាការបន្តដំណើរទៅមុខ និងជម្នះអស្ថិរភាពណាមួយ ដែលអាចកើតមានឡើងនៅក្រោយមរណភាពរបស់លោក Deby»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា