អង្គការសហប្រជាជាតិ និយាយថា មានមនុស្សយ៉ាងតិចណាស់ ៤៤នាក់ បានស្លាប់ ហើយជាង ១៣០នាក់ទៀតបានត្រូវរបួសនៅក្នុងការវាយប្រហារតាមអាកាសកាលពីយប់ថ្ងៃអង្គារ ដែលបានត្រូវចំជំរំជនចំណាកស្រុកមួយកន្លែងនៅខាងក្រៅរដ្ឋធានីនៃប្រទេសលីប៊ី។
លោកបណ្ឌិត Hussein Yunis Hassan អ្នកសម្របសម្រួលជាន់ខ្ពស់គ្រាមានអាសន្ននៃអង្គការសុខភាពពិភពលោក បាននិយាយប្រាប់ VOA ថា ជនរងគ្រោះមកពីប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិក ដោយមានរួមបញ្ចូលប្រទេសអេរីត្រេ សូម៉ាលី និងម៉ូរីស។
លោកបាននិយាយប្រាប់ផ្នែកផ្សាយជាភាសាសូម៉ាលីនៃ VOA ថា៖ «ជនទាំងនេះមិនបានទទួលឯកសារបញ្ជាក់អត្តសញ្ញាណទេ នៅពេលពួកគេបានត្រូវដាក់ឱ្យរស់នៅក្នុងមជ្ឈមណ្ឌលឃុំឃាំងទាំងនេះ។ សាកសពជនរងគ្រោះជាច្រើននាក់បានកំបុតរាងកាយដោយសារការវាយប្រហារតាមយន្តហោះ ហើយគេត្រូវចំណាយពេលយូរដើម្បីឱ្យដឹងឈ្មោះជនរងគ្រោះទាំងនេះ»។
ក្រុមមន្ត្រីនៅក្នុងក្រុងទ្រីប៉ូលី បាននិយាយថា ការវាយប្រហារនេះបានធ្វើឡើងដោយកងកម្លាំងស្មោះត្រង់ជាមួយលោក Khalifa Haftar ដែលជាបុរសមានអំណាចខ្លាំងម្នាក់ដែលដឹកនាំកងកម្លាំងបះបោរមួយ ដែលត្រួតត្រាប៉ែកខាងកើតនៃក្រុងទ្រីប៉ូលី។ ជាច្រើនខែមកហើយ រដ្ឋាភិបាលនៃប្រទេសលីប៊ីដែលមានការទទួលស្គាល់ពីអន្តរជាតិបានប្រយុទ្ធប្រឆាំងនឹងកងទ័ពជាតិលីប៊ីហៅកាត់ថា LNA របស់លោក Haftar ដើម្បីដណ្តើមការត្រួតត្រាក្រុងទ្រីប៉ូលី។
លោក Ghassan Saalme មន្ត្រីអ.ស.បក្នុងប្រទេសលីប៊ី បាននិយាយថា ការវាយប្រហារតាមអាកាសនេះ «អាចចាត់ទុកច្បាស់លាស់ថាជាឧក្រិដ្ឋកម្មសង្គ្រាម» ពីព្រោះពួកអ្នកធ្វើការវាយប្រហារ «បានសម្លាប់ដោយនាំឱ្យមានការភ្ញាក់ផ្អើលនូវក្រុមមនុស្សស្លូតត្រង់គ្មានទោសពៃរ៍ដែលស្ថានភាពពិបាកធ្ងន់ធ្ងរបានបង្ខំពួកគេឱ្យឋិតនៅក្នុងកន្លែងជ្រកកោននេះ»។
អគ្គស្នងការអ.ស.ប.ទទួលបន្ទុកកិច្ចការជនភៀសខ្លួននិងសហភាពអាហ្រ្វិកក៏បានថ្កោលទោសការវាយប្រហារតាមអាកាសនេះដែរ៕