សពរបស់លោក កាំង ហេ្កកអ៊ាវ ហៅឌុច អតីតប្រធានគុកទួលស្លែង ឬមន្ទីរស ២១ ក្នុងសម័យខ្មែរក្រហម ត្រូវបានបូជានៅក្នុងវត្តចាក់អង្រែក្រោម ក្នុងរាជធានីភ្នំពេញ ដោយមិនបានធ្វើបុណ្យតាមប្រពៃណីខ្មែរ។
ការបូជាសពនេះក៏ត្រូវបានយាមកាមដោយកម្លាំងនគរបាលប្រមាណ ១០ នាក់ ហើយមិនឲ្យអ្នកសារព័ត៌មានចូលទៅជិតកន្លែងបូជាសព និងកន្លែងរើសធាតុនោះទេ។ ចំណែកក្រុមគ្រួសារសាច់ញាតិដែលត្រូវជាបងប្អូន និងសាច់ថ្លៃយ៉ាងតិច ៤ នាក់ ក៏បានបដិសេធមិនអត្ថាធិប្បាយ និងលាក់អត្តសញ្ញាណរបស់ពួកគេទាក់ទងនឹង ឌុច នៅពេលអ្នកយកព័ត៌មាន VOA ព្យាយាមសាកសួរ។
សពរបស់លោក ឌុច ត្រូវបានបញ្ជូនទៅបូជានៅម៉ោងជាង ១២ ថ្ងៃត្រង់ ដោយមានព្រះសង្ឃមួយអង្គសូត្រមន្តមុនពេលបូជា និងតាអាចារ្យរៀបចំបូជា។
បន្ទាប់ពីការបូជា នៅម៉ោងជាង ៣ រសៀល ធាតុរបស់លោកត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តយកទៅកន្លែងពួកគេស្នាក់នៅ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។ នេះបើយោងតាមសមត្ថកិច្ចនិងក្រុមគ្រួសារដែលមកទទួលធាតុ។
លោក ឌុច បានចូលកាន់សាសនាគ្រឹស្តតាំងពីឆ្នាំ ១៩៩៦ មុនពេលលោកត្រូវបាននាំខ្លួនពីស្រុកសំឡូត ខេត្តបាត់ដំបង មកកាត់ទោស។ ទីនោះជាកន្លែងដែលលោកលាក់ខ្លួន ក្រោយរបបខ្មែរក្រហមដួលរលំ។ ប៉ុន្តែសពរបស់លោកត្រូវបានបូជានៅវត្តអារាម ដោយមានព្រះសង្ឃសូត្រមន្តនិងតាអាចារ្យជាអ្នករៀបចំតាមទម្លាប់របស់ខ្មែរ។
លោកកាំង ហ្កេកអ៊ាវ ហៅ ឌុច បានទទួលមរណភាពកាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី ២ ខែកញ្ញា។
តុលាការខេត្តកណ្តាលដែលលោកឌុចបានជាប់ពន្ធនាគារនៅទីនោះបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយលើកឡើងថា សុខភាពរបស់លោកស្ថិតក្នុងសភាពទ្រុឌទ្រោមខ្លាំងដោយទទួលរងបញ្ហាសុខភាពរាំរ៉ៃជាច្រើន ហើយលោកបានទទួលការព្យាបាលនៅមន្ទីរពេទ្យចំនួន ៤ ដងរួចមកហើយ។ តុលាការបញ្ជាក់ថា ការស្លាប់របស់លោក ឌុច ដោយសារជំងឺប្រចាំកាយ គឺរលាកទងសួតនិងជំងឺរលាកសួតធ្ងន់ធ្ងរ។
ឌុច ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារមួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តនៅគុកទួលស្លែង។ លោកត្រូវបានដាក់ឲ្យទទួលខុសត្រូវចំពោះការស្លាប់របស់មនុស្សប្រមាណ ១២០០០ នាក់ នៅមន្ទីរស ២១៕