ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការវាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​សម្លាប់​មនុស្ស៧នាក់​នៅ​ក្នុង​ទីក្រុងLvivភាគ​ខាង​លិច​អ៊ុយក្រែន


អ្នក​ជួយ​សង្គ្រោះ​ម្នាក់​ដើរ​ជិត​​រថយន្ត​ដែល​រង​ការ​ខូច​ខាត​អំឡុង​ពេល​ការ​វាយ​ប្រហារ​ដោយ​ដ្រូន និងមីស៊ីល​របស់​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង Lviv ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី ៤ ខែ​កញ្ញា ឆ្នាំ ២០២៤។
អ្នក​ជួយ​សង្គ្រោះ​ម្នាក់​ដើរ​ជិត​​រថយន្ត​ដែល​រង​ការ​ខូច​ខាត​អំឡុង​ពេល​ការ​វាយ​ប្រហារ​ដោយ​ដ្រូន និងមីស៊ីល​របស់​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង Lviv ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី ៤ ខែ​កញ្ញា ឆ្នាំ ២០២៤។

ពួក​មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ការវាយ​ប្រហារ​តាម​អាកាស​មួយ​របស់​រុស្ស៊ី​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច៧នាក់​ហើយ​នឹង​ធ្វើ​ឱ្យ​របួស​ជាង៦០នាក់​ទៀត​នៅ​ក្នុង​ទីក្រុង Lviv ភាគ​ខាង​លិច​ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូ​ជារឿយៗបាន​ដៅ​ការវាយ​ប្រហារ​កាលពី​ពេល​មុន​ហើយ​ដែល​មាន​ចម្ងាយ​រាប់​រយ​គីឡូម៉ែត្រ​ពី​សមរភូមិ។

អភិបាល​ក្រុង Lviv លោក Andriy Sadovyi បាន​និយាយ​នៅ​ក្នុង​វីដេអូ​មួយ​ដែល​បាន​ចុះផ្សាយ​លើ​តេឡេក្រាម​ថា​ការវាយ​ប្រហារ​នេះ​បាន​កម្ទេច​អាគារ​មួយ​ខ្នង​និង​ធ្វើ​ឱ្យ​ខូចខាត​រចនាសម្ព័ន្ធ​ជាង៥០​កន្លែង​រួមមាន​សាលារៀន​និង​ផ្ទះ​សម្បែង​ផង។

ក្នុង​ចំណោម​អ្នក​ស្លាប់​ជា​មនុស្ស​៤នាក់​មកពី​គ្រួសារ​តែ​មួយ មាន​ស្ត្រី​ម្នាក់​និង​កូនស្រី៣ នាក់​របស់​ស្ត្រី​នោះ ដែលបន្សល់ទុក​ឪពុក​របស់​ពួកគេ​ដែល​ជា​អ្នក​នៅ​រស់រាន​មាន​ជីវិត​តែ​ម្នាក់​គត់។

លោក Sadovyi បាន​និយាយ​នៅ​លើ​តេឡេក្រាម​ថា«យើង​នឹង​មិន​អត់ឱន​ដល់​សត្រូវ​ទេ​ហើយ​យើង​នឹង​សងសឹក។ ពួកគេ​នឹង​មាន​អារម្មណ៍​ថា​តើ​ឋានរក​មាន​សភាព​យ៉ាង​ដូចម្តេច​ពេល​ដែល​ពួកគេ​នៅ​មាន​ជីវិត»។

រុស្ស៊ី​បាន​បង្កើន​ការវាយ​ប្រហារ​តាម​អាកាស​របស់​ខ្លួន​លើ​ប្រទេស​អ៊ុយក្រែន​ចាប់តាំងពី​រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ចាប់ផ្តើម​ការវាយ​ប្រហារ​ឆ្លង​កាត់​ព្រំដែន​ដែល​មិន​ធ្លាប់​មាន​កាលពី​ពេល​មុន​ចូល​ក្នុង​តំបន់ Kursk របស់​រុស្ស៊ី​ជិត​មួយ​ខែមកហើយ ដែល​ជា​ការលុក​លុយ​របស់​បរទេស​ចាប់តាំង​ពី​សង្គ្រាម​លោក​លើក​ទី២មក។

Lviv ជា​ទីក្រុង​ចាស់​មួយ​ដែល​ជាទីកន្លែង​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​ប៉ូឡូញ​ហើយ​កំពុង​ផ្តល់​ទីជម្រក​ដល់​ពលរដ្ឋ​អ៊ុយក្រែន​រាប់​ពាន់​នាក់​ដែល​គ្មាន​ទីកន្លែង​រស់​នៅក្នុង​សង្គ្រាម​រយៈពេល៣០ខែនេះ។

ការវាយ​ប្រហារ​លើ​ទីក្រុង Lviv បាន​កើត​មាន​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​ការវាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​របស់​រុស្ស៊ី​បាន​សម្លាប់​មនុស្ស៥៣នាក់​នៅ​ក្នុង​ទីក្រុង Poltava ភាគ​កណ្តាល ដែល​ជា​ការវាយ​ប្រហារ​ដ៏​ប្រល័យ​មួយ​នៃ​ការឈ្លានពាន​នោះ៕

XS
SM
MD
LG