ក្នុងគោលដៅដើម្បីបង្កើនចំណេះដឹងដល់គ្រូបង្រៀនថ្នាក់មូលដ្ឋានអំពីប្រវត្តិសាស្ត្រខ្មែរក្រហម អំពីបច្ចេកទេស និងវិធីសាស្ត្របង្រៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ មជ្ឈមណ្ឌលឯកសារកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលថ្មីមួយទៀតដល់គ្រូបង្រៀននៅក្នុងខេត្តកោះកុងកាលពីសប្តាហ៍មុន។ (ចុចមើលកម្រងរូបភាព)
គ្រូបង្រៀនមកពីអនុវិទ្យាល័យ និងវិទ្យាល័យនានាសរុបចំនួន៥០នាក់បានចូលរួមវគ្គសិក្សារយៈពេល៦ថ្ងៃនេះ។ ពួកគាត់គឺជាក្រុមគ្រូជំនាញផ្នែកប្រវត្តិសាស្ត្រ ផ្នែកសីលធម៌ ភាសាខ្មែរ និងផ្នែកភូមិវិទ្យា។
ក្នុងការសិក្សារយៈពេលជិតមួយសប្តាហ៍នេះ បុគ្គលិកសិក្សាទាំងអស់ត្រូវរៀនអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)ដើម្បីឲ្យដឹងបន្ថែមទៀតលើបទពិសោធន៍ជាក់ស្តែងដែលគ្រូភាគច្រើនបានឆ្លងកាត់កាលពី៤០ឆ្នាំមុន។ ក្រៅពីនោះ ក្រុមគ្រូបង្រៀនទាំង៥០នាក់ ដែលជាយុវជនជំនាន់ក្រោយ ហើយដែលមិនធ្លាប់បានឆ្លងកាត់ការរស់នៅក្នុងសម័យខ្មែរក្រហមនោះ ត្រូវសិក្សាតាមលំនាំក្នុងសៀវភៅណែនាំមួយក្បាលទៀត។ ក្នុងសៀវភៅនេះក៏មានដាក់បញ្ចូលនូវវិធីសាស្ត្រ និងការណែនាំផ្សេងៗដល់គ្រូបង្រៀនឲ្យដល់ដឹងពីរបៀបបង្រៀនប្រវត្តិសាស្ត្រខ្មែរក្រហម។
លោក ឌី ខាំបូលី គឺជាអ្នកនិពន្ធសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងជាបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាដែលជាគ្រូបង្គោលម្នាក់ដែរ។
លោកថ្លែងថា ការបង្រៀនគ្រូៗថ្នាក់មូលដ្ឋានអំពីការបង្រៀនប្រវត្តិសាស្ត្រនៃសម័យខ្មែរក្រហមនេះមានសារៈសំខាន់ដើម្បីឲ្យក្រុមគ្រូថ្នាក់មូលដ្ឋានទាំងនោះអាចពង្រីកចំណេះដឹងអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងយល់ដឹងពីរបៀបបង្រៀនសិស្សានុសិស្សនៅតាមសាលា។
«ធ្វើយ៉ាងណាឲ្យលោកគ្រូអ្នកគ្រូនៅក្នុងប្រទេសកម្ពុជាដែលបង្រៀននៅអនុវិទ្យាល័យ និងវិទ្យាល័យទទួលបាននូវចំណេះដឹងអំពីប្រវត្តិសាស្ត្រ និងវិធីសាស្ត្រក្នុងការបង្រៀន បញ្ជៀបទៅដល់សិស្សានុសិស្សនៅទូទាំងប្រទេសដើម្បីជាយុទ្ធនាការទប់ស្កាត់អំពើប្រល័យពូជសាសន៍និងរួមចំណែកទៅដល់ការផ្សះផ្សារសង្គមកម្ពុជា»។
នេះគឺជាវគ្គបណ្ដុះបណ្ដាលលើកទី១៥ហើយដែលរៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ គិតពីឆ្នាំ២០០៩មកទល់បច្ចុប្បន្ននេះមានគ្រូអនុវិទ្យាល័យ និងវិទ្យាល័យថ្នាក់មូលដ្ឋានសរុបជាង៣ពាន់នាក់ហើយនៅទូទាំងប្រទេសកម្ពុជាដែលទទួលបានការបណ្ដុះបណ្ដាលអំពីវិធីសាស្ត្របង្រៀនប្រវត្តិសាស្ត្រនៃកម្ពុជាប្រជាធិបតេយ្យនៃពួកខ្មែរក្រហម។
លោកគ្រូអ្នកគ្រូមកពីអនុវិទ្យាល័យ និងវិទ្យាល័យនានាក្នុងខេត្ត ត្រូវបានបំបែកជាក្រុមតូចចំនួន៣ដើម្បីទទួលបានការបង្រៀនពីបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រុមគ្រូបង្គោលថ្នាក់ជាតិ និងខេត្ត។
ថ្លែងក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលគ្រូមូលដ្ឋានកាលពីថ្ងៃអាទិត្យ លោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឲ្យដឹងថា កម្ពុជាមានកម្មវិធីបង្រៀនប្រវត្តិសាស្ត្រនៅតាមសាលារៀនរួចមកហើយ។ ក៏ប៉ុន្តែការបង្រៀនកន្លងហាក់មានលក្ខណៈទូទៅពេក ខ្វះខាតភាពស៊ីជម្រៅ និងលម្អិតពីប្រវត្តិសាស្ត្រនៃកម្ពុជាប្រជាធិបតេយ្យ។ លោកស្រីបន្តថា ការយល់ដឹងពីប្រវត្តិសាស្ត្រដែលបានកើតឡើងក្នុងសម័យខ្មែរក្រហមជារឿងមួយដ៏សំខាន់។
«កម្មវិធីសិក្សារបស់យើងក៏មានផ្នែកប្រវត្តិសាស្រ្ត តែប្រវត្តិសាស្រ្តយើងមិនមែនរៀនតែមួយមុខ យើងរៀនច្រើន។ ដូច្នេះហើយការតាក់តែងក៏មិនបានលម្អិតដែរអញ្ចឹងហើយជាការចាំបាច់ណាស់ដែលយើងត្រូវបង្រៀនប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ»។
អ្នកស្រី ប៉ុន ស្រីអុល គ្រូបង្រៀនផ្នែកភាសាខ្មែរនៅអនុវិទ្យាល័យជីខក្រោមថ្លែងថា ការសិក្សានេះបានជួយពង្រីកចំណេះដឹងរបស់អ្នកស្រីបានមួយកម្រិត។
«អាចជួយឲ្យយើងដឹងពីវិធីសាស្ត្រក្នុងការបង្រៀន និងមានចំណុចសំខាន់ផ្សេងៗទៀត ដែលយើងអាចនិយាយប្រាប់ដល់កូនសិស្សតាមសាលា ពេលខ្ញុំត្រឡប់ទៅវិញ។ ខ្ញុំបានដឹងច្បាប់ពីប្រវត្តិសាស្ត្រខ្មែរក្រហម»។
លោករឿន មករាគឺជាគ្រូបង្រៀនផ្នែកប្រវត្តិសាស្ត្រ និងភូមិវិទ្យានៅវិទ្យាល័យថ្មសក្នុងស្រុកបុទុមសាគរខេត្តកោះកុង។
លោកបញ្ជាក់ថា លោកជួបការលំបាកក្នុងការបង្រៀនសិស្សដោយសារតែមួយផ្នែកលោកមិនបានឆ្លងកាត់បទពិសោធន៍ក្នុងការរស់នៅក្នុងរបបខ្មែរក្រហម។ ក៏ប៉ុន្តែវគ្គបណ្ដុះបណ្ដាលនេះបានធ្វើបានជួយរូបលោកច្រើន។
«តើធ្វើយ៉ាងម៉េចឲ្យក្មេងយល់ ឲ្យក្មេងដឹង ឲ្យក្មេងជឿថា មានរបបហ្នឹងកើតមានឡើងមែន ពីព្រោះថា ក្មេងឥឡូវភាគច្រើនអត់សូវគិតទេ។ គេគិតថា វាមិនដែលខ្មែរណាទៅសម្លាប់ខ្មែរទេ។ មិនអញ្ចឹង ប៉ុន្តែជាការណ៍ពិតសម័យនោះវាពិតជាកើតឡើងមែន»។
គួររំឭកថា ក្រសួងអប់រំយុវជននិងកីឡាកម្ពុជាបានសម្រេចដាក់សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យកម្ពុជា (១៩៧៥-១៩៧៩) ទៅក្នុងកម្មវិធីអប់រំកាលពីឆ្នាំ២០១១។
សៀវភៅប្រវត្តិសាស្ត្រនេះមាន១១ជំពូករៀបរាប់ចាប់តាំងការកកើតដំបូងនៃក្រុមខ្មែរក្រហម ការឡើងកាន់អំណាចរបស់ក្រុមខ្មែរក្រហម និងមេដឹកនាំខ្មែរក្រហមសំខាន់ៗ។
បន្ថែមពីនោះទៀត សៀវភៅកម្រាស់៩០ទំព័រនេះក៏បានបង្ហាញការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ មន្ទីរសន្តិសុខ ស២១ ឬគុកទួលស្លែង ការដួលរលំរបស់ពួកខ្មែរក្រហម និងផលប៉ះពាល់ដែលបន្សល់ទុកពីរបបដ៏មហាប្រល័យមួយនេះក្នុងសង្គមកម្ពុជា។
លោកជូ សេរីយា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកោះកុង ថ្លែងគាំទ្រដល់ការបណ្តុះបណ្តាលខាងលើនេះ។
«ការចុះមកបណ្ដុះបណ្ដាលគ្រូថ្នាក់មូលដ្ឋាននៅក្នុងខេត្តកោះកុង ខ្ញុំសូមស្វាគមន៍ជាខ្លាំង ហើយសង្ឃឹមថា គ្រូៗនឹងទទួលបានចំណេះដឹងថ្មីៗ ជំនាញថ្មីក្នុងការបង្រៀនសិស្សនៅពេលត្រឡប់ទៅសាលារៀងខ្លួន។ ខេត្តកោះកុងជាខេត្តមួយដែលមានការលំបាកចំពោះការបណ្ដុះបណ្ដាលសិស្សឲ្យយល់ដឹងពីប្រវត្តិសាស្ត្ររបស់ខ្មែរក្រហម»។
ប្រជាពលរដ្ឋខ្មែរយ៉ាងតិច១លាន៧សែននាក់បានស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេលពួកខ្មែរក្រហមឡើងកាន់អំណាចពីឆ្នាំពីឆ្នាំ១៩៧៥ដល់១៩៧៩។
ប៉ុល ពតមេដឹកធំផុតលេខរបស់ពួកខ្មែរក្រហមបានស្លាប់កាលពីឆ្នាំ១៩៩៨នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ រីឯមេដឹកនាំវ័យចំណាស់ៗដ៏ទៃទៀត មានដូចជានួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា លោកខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ និងកាំង ហ្គិកអ៊ាវ ហៅឌុច អតីតមេមន្ទីរឃុំឃាំងស២១ ឬគុកទួលស្លែងដ៏មហាប្រល័យ។ អ្នកទាំង៣ត្រូវបានសាលាក្ដីខ្មែរក្រហមកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
អៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសក្នុងសម័យខ្មែរក្រហម បានស្លាប់មុនការកាត់ក្ដីកាលពីឆ្នាំ២០១៣ រីឯប្រពន្ធរបស់គាត់អៀងធីរិទ្ធអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ត្រូវបានតុលាការដោះលែងឲ្យស្ថិតនៅក្រៅមន្ទីរឃុំឃាំង ដោយរកឃើញថា មានជំងឺវង្វេងវង្វាន់ធ្ងន់ធ្ងរ។
វគ្គបណ្ដុះបណ្ដាលនៅក្នុងខេត្តកោះកុងនេះនឹងបិទបញ្ចប់ទៅវិញនៅថ្ងៃសុក្រទី១២ខែកញ្ញា ហើយនេះគឺជាវគ្គបណ្ដុះបណ្ដាលចុងក្រោយសម្រាប់ឆ្នាំ២០១៤របស់មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ហើយគម្រោងបណ្តុះបណ្តាលថ្មីនឹងបន្តនៅឆ្នាំ២០១៥៕