ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​​បើក​វគ្គ​បណ្តុះបណ្តាល​​ស្តីពីការ​​បង្រៀន​ប្រវត្តិសាស្រ្ត​ខ្មែរ​ក្រហម


រូបឯកសារ៖ សិស្សានុសិស្សកម្ពុជាអានសៀវភៅស្តីពី«ប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ‍» នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១០។
រូបឯកសារ៖ សិស្សានុសិស្សកម្ពុជាអានសៀវភៅស្តីពី«ប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ‍» នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១០។

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សហការ​ជាមួយ​ក្រសួង​អប់រំ ​និង​សហភាព​អឺរ៉ុប ​បាន​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​មួយ​ដល់​គ្រូ​មូលដ្ឋាន និង​សាស្រ្តាចារ្យជាង​១០០​នាក់​ មកពី​មហា​វិទ្យាល័យ ​និង​សាកល​វិទ្យាល័យ​ទូទាំង​ប្រទេស​ស្តីពី​ការ​បង្រៀន​ប្រវត្តិសាស្រ្ត​ខ្មែរ​ក្រហម​នៅ​កម្ពុជា​ (១៩៧៥-១៩៧៩)​ ដើម្បី​បន្ត​អប់រំ​ពលរដ្ឋ​ខ្មែរ​ឲ្យ​យល់​ដឹង​អំពី​ការ​ចាប់​ផ្តើម​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ ឬ​របប​ខ្មែរក្រហម​ និង​ការ​ដួល​រលំ​ទៅ​នៃ​របបនេះ​ ​និង​ការ​បង្កើត​សាលាក្តី​ខ្មែរក្រហម។​

លោក ​វ៉ាន់ថាន់ ពៅដារ៉ា ​នាយករង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ប្រាប់ ​VOA ​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​នោះ​ថា ​គម្រោង​នៃ​វគ្គបណ្តុះ​បណ្តាល​ការ​បង្រៀន​នេះ​គឺ​ជា​កិច្ច​ប្រឹងប្រែង​នៃ​ការ​ផ្តល់​សំណង​ផ្លូវ​ចិត្ត​សម្រា​ប់ជន​រង​គ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម ​ដែល​បាន​ស្នើ​ដោយ​ម្ចាស់​ជំនួយ​សាលាក្តី​ខ្មែរ​ក្រហម។​ លោក​បន្ត​ថា ​វគ្គ​បណ្តុះ​បណ្តាល​នេះ​នឹង​បង្កើន​សមត្ថភាព​សាស្រ្តាចារ្យ​ក្នុង​ការ​បង្រៀន​សិស្ស​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្រ្ត​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​ ព្រម​ទាំង​ជំរុញឲ្យ​មាន​ការ​ចងចាំ​ប្រវត្តិសាស្រ្ត​ និង​ព្យាបាល​ផ្លូវ​ចិត្ត​ជន​រងគ្រោះ​ដែល​បាន​ឆ្លង​កាត់​របប​ខ្មែរក្រហម ​៣​ឆ្នាំ​ ៨ខែ​ ២០​ថ្ងៃ។​

លោក វ៉ាន់ថាន់ ពៅដារ៉ា នាយករងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ប្រាប់ VOA ក្នុងវគ្គបណ្តុះបណ្តាលគ្រូមូលដ្ឋាន និងសាស្រ្តាចារ្យសាកលវិទ្យាល័យ ស្តីពីការបង្រៀនប្រវត្តិសាស្រ្តខ្មែរក្រហមនៅកម្ពុជា នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
លោក វ៉ាន់ថាន់ ពៅដារ៉ា នាយករងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ប្រាប់ VOA ក្នុងវគ្គបណ្តុះបណ្តាលគ្រូមូលដ្ឋាន និងសាស្រ្តាចារ្យសាកលវិទ្យាល័យ ស្តីពីការបង្រៀនប្រវត្តិសាស្រ្តខ្មែរក្រហមនៅកម្ពុជា នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

លោកបានលើកឡើងថា៖

«ការ​បង្រៀន​នេះ​អាច​ជួយ​ឲ្យ​គាត់​សប្បាយ ​ជា​សះស្បើយ​របួស​ផ្លូវចិត្ត​ អាច​ជួយ​ដល់​ការ​ទប់​ស្កាត់​កុំ​ឲ្យអំពើ​ឧក្រិដ្ឋ ​អំពើ​ឃោរឃៅ ​ឬក៏​អំពើ​ប្រល័យ​ពូជសាសន៍​ហ្នឹង​កើត​ឡើង​ម្តង​ទៀត ​ព្រោះ​ដើម​បណ្តឹង​រដ្ឋប្បវេណី​គាត់​ឆ្លង​កាត់​រួច​ហើយ ​អីចឹង​ គាត់​ចង់​ឲ្យមាន​ការ​ទប់​ស្កាត់។ ​អីចឹង ការ​បង្រៀន​គាត់​យល់​ថា ​ជា​ផ្នែក​មួយ​នៃ​ការ​ទប់ស្កាត់​ដ៏​មាន​ប្រសិទ្ធភាព ​អាច​ធ្វើឲ្យ​សង្គម​ជាតិ​យើង​មាន​ការ​ផ្សះផ្សារ​ ធ្វើ​ឲ្យ​មាន​ការ​អត់ឱន​គ្នា​ទៅវិញ​ទៅមក​ ធ្វើ​ឲ្យ​មាន​សន្តិភាព​ក្នុង​ប្រទេស​ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ ​សិទ្ធិ​មនុស្ស ​ហើយនឹង​នីតិរដ្ឋ»។​

លោក​ វ៉ាន់ថាន់ ពៅដារ៉ា​ បន្ថែម​ថា ​វគ្គ​បណ្តុះ​បណ្តាល​នេះ​ធ្វើ​ឡើង​ជា​លើក​ទី២​ ដែល​សរុប​មាន​គ្រូ​មូលដ្ឋាន ​និង​សាស្រ្តាចារ្យ​បង្រៀន​មុខវិជ្ជា ​សីលធម៌ ​អក្សរ​សាស្រ្ត​ខ្មែរ​ និង​ប្រវត្តិវិទ្យា ​ប្រមាណ​ជា​ជាង​៣០០០​នាក់។​ គ្រូ​បង្រៀន ​និង​សាស្រ្តា​ចារ្យ​ទាំង​នោះ​ នឹង​បង្រៀន​តាម​ម៉ោង​ដែល​ក្រសួង​អប់រំ​បាន​កំណត់ ​និងតាម​កម្មវិធី​សិក្សា​ដែល​មាន​ស្រាប់​ ព្រមទាំង​ផ្សព្វផ្សាយ​ចំណេះ​ដឹង​អំពី​របប​ខ្មែរ​ក្រហម​ទៅ​កាន់​សិស្ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​

លោកស្រី​ ជា វណ្ណី ​មន្រ្តី​ស្រាវជ្រាវ​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​និង​ជា​សាស្រ្តាចារ្យ​បង្រៀន​តាម​សាកល​វិទ្យាល័យ​ ដែល​បាន​ចូល​រួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​នោះ​ ​បាន​លើក​ឡើង​ថា ​ការ​បង្រៀន​សិស្ស ​និស្សិត​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្រ្ត​នៃ​របប​ខ្មែរក្រហម​ មាន​សារៈ​សំខាន់​ណាស់​ក្នុងការ​ផ្តល់​ចំណេះ​ដឹង​ពិត​ដល់​សិស្ស​និស្សិត ​ឲ្យ​ដឹងពី​ប្រវត្តិសាស្រ្ត​ពិត​ក្នុង​អតីតកាល។ ​លោកស្រី​បន្ថែម​ថា ​វគ្គ​បណ្តុះ​បណ្តាល​នេះ​បាន​ពង្រឹង​សមត្ថភាព​ដល់​គ្រូ ​និង​សាស្រ្តាចារ្យ​ ក្នុង​ការ​បង្រៀន​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព ​និង​ភាព​ច្បាស់លាស់។​

លោកស្រី​មាន​ប្រសាសន៍​ថា៖​

«នៅ​ពេល​ដែល​មាន​ការ​បណ្តុះ​បណ្តាល​សាស្រ្តាចារ្យ​បន្ថែម​ដូច្នេះ ​គឺ​សាស្រ្តាចារ្យកាន់​តែ​មាន​ទុន​កាន់​តែ​ខ្លាំង​ដើម្បី​បណ្តុះ​បណ្តាល​សិស្ស​ និស្សិត​របស់​យើង​ហ្នឹង​ឲ្យ​គាត់​មាន​ចំណេះ​ដឹង​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រវត្តិសាស្រ្ត​ ជាពិសេស​គឺ​ប្រវត្តិសាស្រ្ត​ដ៏​ជូរចត់​នា​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​នេះ​តែម្តង​ ​ព្រោះ​ជា​សម័យ​កាល​មួយ​ដែល​យើង​នឹក​ស្មាន​មិន​ដល់​ថា​ កម្ពុជា​បាន​ធ្លាក់​ដល់​ចំណុច​នោះ​ ព្រោះ​ជា​សម័យ​កាល​មួយ​ដែល​យើង​ត្រូវ​តែ​ចងចាំ​គ្រប់គ្នា​ ហើយ​កុំ​ឲ្យ​ដាន​ប្រវត្តិសាស្រ្ត​ហ្នឹង​វា​ជាន់​ទៅ​សម័យ​មុខ​តទៅ​ទៀត»។​

លោកស្រី ជា វណ្ណី មន្រ្តីស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា និងជាសាស្រ្តាចារ្យបង្រៀនតាមសកលវិទ្យាល័យ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនោះ។
លោកស្រី ជា វណ្ណី មន្រ្តីស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា និងជាសាស្រ្តាចារ្យបង្រៀនតាមសកលវិទ្យាល័យ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនោះ។

សាលាក្តី​ខ្មែរ​ក្រហម​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ជំនួយ​របស់​អង្គការ​សហ​ប្រជាជាតិ​ កាលពី​ឆ្នាំ​២០០៦ ​ក្នុង​គោល​បំណង​ស្វែង​រក​ការណ៍​ពិត ​និង​យុត្តិធម៌ ​ចំពោះ​ឧក្រិដ្ឋកម្មប្រល័យ​ពូជ​សាសន៍​ ឧក្រិដ្ឋកម្ម​សង្គ្រាម ​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ដែល​កើត​មាន​ឡើង​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ ​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ ​ដឹកនាំ​ដោយ​បក្ស​កុម្មុយនីស្ត​កម្ពុជា ​ឬ​ដែល​គេ​ស្គាល់​ថា​ ជា​ក្រុម​ខោអាវ​ខ្មៅ​ខ្មែរ​ក្រហម។​

សាលាក្តី​ខ្មែរ​ក្រហម​បាន​ជំនុំ​ជម្រះ ​និង​ផ្តល់​សំណង​ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី​ជា​សំណង​ផ្លូវ​ចិត្ត​ និង​សំណង​សមូហភាព​ តាម​រយៈ​ការ​ទទួល​ស្គាល់​ជន​រងគ្រោះ​ជាដើម​បណ្តឹង​ ការ​សាងសង់​ស្តូប​រំឭក​វិញ្ញាណ​ក្ខន្ធ​ ការ​បញ្ចូល​កម្មវិធី​ផ្សព្វផ្សាយ ​និង​អប់រំ​ជាដើម។​

បើទោះបី​ជា​សាលាក្តី​ខ្មែរ​ក្រហម​បាន​សម្រេច​ផ្តល់​ជា​សំណង​សមូហភាព​ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី​ដែល​ជា​ជនរង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​ក៏​ដោយ​ ​ប៉ុន្តែ​ក្រុម​ដើម​បណ្តឹង​រដ្ឋប្បវេណី​ជាច្រើន​នៅ​តែ​ទាមទារ​ឲ្យ​តុលាការ​ផ្តល់គំរូ​សំណង​ដល់​បុគ្គល ​ជាទឹកប្រាក់​សម្រាប់​ជនរង​គ្រោះ​ម្នាក់ៗ។

លោក ​ប៊ូ ម៉េង ​តំណាង​ដើម​បណ្តឹងរដ្ឋប្បវេណី ​ប្រាប់​ VOA​ ថា ​លោក​គាំទ្រ​ឲ្យ​មាន​វគ្គបណ្តុះ​បណ្តាល​ដែល​ជា​សំណង​សមូហភាព​សម្រាប់​ជនរងគ្រោះ។​ ទោះជា​យ៉ាងណា​ លោក​និយាយ​ថា ​លោក​នៅតែ​បន្ត​ទាមទារ​សំណង​រដ្ឋប្បវេណី​ជា​ទឹក​ប្រាក់ ​ដល់បុគ្គល​ជា​ដើម​បណ្តឹង​ម្នាក់ៗ។​

«ត្រូវតែ​មាន​សំណង​ជាបុគ្គល​ដើម្បី​ផ្សះ​ផ្សា​ផ្លូវ​ចិត្ត។ ​ឧទាហរណ៍​ដូចជា​អង្កាល់​សម្តេច ​ហ៊ុន សែន​ ក៏​គាត់​បាន​សង​សំណង​ជា​បុគ្គល​ដល់​អ្នក​ដែល​ស្លាប់​នៅ​កោះ​ពេជ្រ​ដែរ។​ នេះ​ជា​គំរូ​មួយ​ដែរ​តើ!​ ហេតុអី​ក៏​តុលាការ​អ.វ.ត.ក.​ហ្នឹង​មិន​យក​គំរូ​តាម? ​ខ្ញុំ​មាន​ការ​ខកចិត្ត​សម្បើម​ណាស់​ចំពោះ​បញ្ហា​ហ្នឹង ​ពី​តុលាការ​សាលា​ក្តី​ហ្នឹង»។​

លោក ប៊ូ ម៉េង តំណាងដើមបណ្តឹងរដ្ឋប្បវេណី ប្រាប់ VOA ក្នុងវគ្គបណ្តុះបណ្តាលគ្រូមូលដ្ឋាន និងសាស្រ្តាចារ្យសាកលវិទ្យាល័យ ស្តីពីការបង្រៀនប្រវត្តិសាស្រ្តខ្មែរក្រហមនៅកម្ពុជា នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
លោក ប៊ូ ម៉េង តំណាងដើមបណ្តឹងរដ្ឋប្បវេណី ប្រាប់ VOA ក្នុងវគ្គបណ្តុះបណ្តាលគ្រូមូលដ្ឋាន និងសាស្រ្តាចារ្យសាកលវិទ្យាល័យ ស្តីពីការបង្រៀនប្រវត្តិសាស្រ្តខ្មែរក្រហមនៅកម្ពុជា នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

លោក​ នេត្រ ភក្រ្តា​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម ​បាន​ប្រាប់​ VOA​ ថា​ សាលាក្តី​ខ្មែរ​ក្រហម​ទើបតែ​បិទ​បញ្ចប់​ការ​ជំនុំ​ជម្រះ​សំណុំ​រឿង​០០២/០២​ កាលពី​ខែ​មីនា​កន្លង​ទៅ។​ លោក​មាន​ប្រសាសន៍​ថា​ ដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​០០១​រហូត​ដល់​០០៤ ​មាន​ចំនួន​សរុប​ប្រមាណ​ជា​៦​ពាន់​នាក់។​

លោក​ នេត្រ ភក្រា្ត ​បាន​បន្ថែម​ថា ​សាលាក្តី​ខ្មែរ​ក្រហម​បាន​សម្រេច​ផ្តល់​តែ​សំណង​ផ្លូវ​ចិត្ត ​និង​សំណង​សមូហភាព​ដល់​ជន​រងគ្រោះ​ប៉ុណ្ណោះ។ ​ចំណែក​ឯ​ការ​ទាមទារ​សំណង​ជា​ទឹកប្រាក់​សម្រាប់​បុគ្គល​ ​សាលាក្តី​មិន​អាច​ផ្តល់​ឲ្យ​តាម​ការ​ចង់​បាន​របស់​ដើម​បណ្តឹង​រដ្ឋប្បវេណី​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​

«យោង​តាម​វិធាន​ផ្ទៃក្នុង​នៃ​សាលា​ក្តី​ខ្មែរក្រហម​ គឺ​តុលាការ​យើង​មិន​អាច​ផ្តល់​សំណងជា​សំណង​ដល់​បុគ្គល​ម្នាក់ៗ​បាន​ទេ​ ជា​ថវិកា​សម្រាប់​បុគ្គល​ម្នាក់ៗ​ទេ ​ដោយសារ​តែ​ជន​រងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​នេះ​មាន​ចំនួន​ច្រើន​លាន​នាក់ ​អីចឹង​យើង​មិន​អាច​ផ្តល់​សំណង​ជា​បុគ្គល​ទេ ​បើ​ទោះបី​ជា​ប្រជា​ពលរដ្ឋ​ដែល​បាន​ដាក់​ពាក្យ​តាំង​ខ្លួន​ហ្នឹង​ស្នើ​សុំ​យ៉ាងណា​ក្តី»។​

សាលាក្តី​ខ្មែរក្រហម ​ដែល​កំពុង​បន្ត​ការ​ជំនុំ​ជម្រះ​ទោស​មេ​ដឹកនាំ​ជាន់​ខ្ពស់​ និង​អ្នក​ទទួលខុស​ត្រូវ​ខ្ពស់​បំផុត​ក្នុង​សំណុំ​រឿង​០០២​ វគ្គ២​ លើ​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ជា​ច្រើន​ទៀត​ បាន​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ពីរ​នាក់​គឺ ​នួន ជា ​បងធំ​ទី​២​ និង​ជា​អតីត​ប្រធាន​រដ្ឋ​សភា​ ​និង​ ខៀវ សំផន​ អតីត​ប្រមុខ​រដ្ឋ​ ​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ក្នុង​សំណុំរឿង​០០២ ​វគ្គ​១ ​ពីបទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ ​និង​សម្លាប់​អ្នក​សាធារណរដ្ឋ។ ​សាលា​ក្តី​កូនកាត់​មួយ​នេះ​ក៏​កំពុង​តែ​ចាត់​ការ​កាត់​ក្តី​សំណុំ​រឿង​០០៣​ និង​០០៤​ ប្រឆាំង​នឹង​មេ​ដឹកនាំ​ថ្នាក់​ក្រោម​ ឬ​ថ្នាក់​តំបន់​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ៕

XS
SM
MD
LG