៤០ឆ្នាំក្រោយបន្ទាប់ពីរបបខ្មែរក្រហមត្រូវបានដួលរលំ អ្នករស់រានមានជីវិតកំពុងបន្តស្វែងរកយុត្តិធម៌ពីឧក្រិដ្ឋកម្មរបស់មេដឹកនាំខ្មែរក្រហម។
«ភាពវិលវល់នៃយុត្តិធម៌» ដែលជាខ្សែភាពយន្តឯកសារបង្ហាញពីអ្នករស់រានមានជីវិតមួយក្រុម អំពីដំណើររបស់ពួកគេទៅកាន់ប្រទេសកម្ពុជាដើម្បីប្រឈមមុខនឹងអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមពីរនាក់ ដែលនៅពេលនោះអ្នកទាំងពីរកំពុងស្ថិតក្នុងការកាត់ទោសពីបទឧក្រិដ្ឋកម្មរបស់ពួកគេនៅឯតុលាការខ្មែរក្រហម ត្រូវបានចាក់បញ្ចាំងជាលើកដំបូងនៅតាមទូរទស្សន៍សាធារណៈរបស់សហរដ្ឋអាមេរិក កាលពីខែមីនាកន្លងទៅនេះ។
ខ្សែភាពយន្តឯកសារ «ភាពវិលវល់នៃយុត្តិធម៌» ដែលត្រូវបានផលិតដោយលោក Michael Siv ដែលលោកជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយរូប បង្ហាញពីអ្នករស់រានមានជីវិតមួយក្រុម នៅពេលដែលពួកគេផ្តល់សក្ខីកម្មក្នុងសំណុំរឿង ០០២ ដែលចោទប្រកាន់លោកខៀវ សំផន និងលោកនួន ជា ដែលជាអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមពីររូបដែលនៅមានជីវិត។
លោក Michael Siv បានប្រាប់ VOA ថា លោកផលិតខ្សែភាពយន្តនេះឡើង ដើម្បីបង្ហាញពីដំណើរស្វែងរកនិយមន័យនៃយុត្តិធម៌ជូនចំពោះជនរងគ្រោះនៃរបបខ្មែរក្រហម។
យុត្តិធម៌ហាក់ដូចជាឈោងមិនដល់
ចាប់តាំងពីបើកដំណើរការនៅក្នុងឆ្នាំ ២០០៦ មក តុលាការខ្មែរក្រហមបានកាត់ទោសមេដឹកនាំធំៗដែលត្រូវបានចោទប្រកាន់ពីបទអំពើប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិតែមួយចំនួនប៉ុណ្ណោះ។ ជាលទ្ធផល សាលាក្តីនេះបានទទួលរងសម្ពាធពីការពន្យារដំណើរការកាត់ក្តី និងការរិះគន់ចំពោះការចំណាយថវិកាអស់ច្រើនក្នុងការកាត់ទោសនេះ។
លោកស្រី Marie Chea ដែលជាអ្នករស់រានមានជីវិតមួយរូបនៅក្នុងខ្សែភាពយន្តនេះបានមានប្រសាសន៍ថា ពួកគេយល់ថា តុលាការខ្មែរក្រហមមិនទាន់បានផ្តល់យុត្តិធម៌ពិតប្រាកដមួយនៅឡើយទេ ដែលការណ៍នេះផ្តល់ទាំងក្តីសង្ឃឹមនិងការខកចិត្តសម្រាប់ប្រជាជនកម្ពុជា។
លោកស្រីបាននិយាយថា៖
«ជួនកាល ខ្ញុំមានអារម្មណ៍ថាដូចជាឈឺចាប់លើសដើមវិញ ពីព្រោះយើងទៅនឹងយើងមានបំណងចង់រកយុត្តិធម៌ឲ្យគ្រួសារបងប្អូនយើង សាច់ញាតិយើងដែលស្លាប់ជំនាន់ប៉ុលពត ដែលមិនមែនតែយើងម្នាក់នោះទេ ទាំងអស់គ្នានឹង តែរកវាមិនឃើញ ពីព្រោះគេនៅតែបិទបាំងមិនព្រមនិយាយការពិត»។
លោក Henry Chorn ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ទៀត បានឲ្យដឹងថា លោកមានទុទ្ឋិនិយមចំពោះដំណើរការកាត់ក្តីនេះ។
ប៉ុន្តែលោកក៏មានប្រសាសន៍បន្តទៀតថា៖
«ខ្ញុំត្រូវតែតវ៉ាតទៅទៀត ពីព្រោះតុលាការនេះជាតុលាការដែលមួយដែលចូលរួមដោយអង្គការសហប្រជាជាតិ។ ខ្ញុំនៅសង្ឃឹមថា ទៅរកឲ្យអន្តរជាតិចូលរួម អន្តរជាតិគេមិនព្រងើយកន្តើយក្នុងការនឹងទេ»។
ការជួយឲ្យជាសះស្បើយ
លោកស្រី Marie Cheaនិយាយថា ខ្សែភាពយន្តឯកសារនេះបានបង្ហាញការអន្ទះសារក្នុងការស្វែងរកយុត្តិធម៌ ផ្តល់សមានចិត្តនិងការធ្វើឲ្យសម្រួលទុក្ខក្រៀមក្រំជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងអស់។
លោកស្រី បានបន្តទៀតថា៖
«នេះជាការដើម្បីសម្រួលកុំឲ្យអី ដូចថាមិនមែនមានតែយើងនោះទេ មានគេច្រើនទៀតដែលមានបញ្ហាអញ្ចឹងដូចគ្នា ហើយចង់ឲ្យអ្នកដែលមានបញ្ហានឹងចេះនិយាយសារសព្ទឲ្យទុក្ខគ្នាទៅវិញទៅមកដើម្បីឲ្យវាស្រាល»។
ផេង ដែលជាកូនប្រុសបង្កើតរបស់លោក ឌុច ដែលជាមេដឹកនាំដ៏សាហាវឃោរឃៅរបស់មន្ទីរឃុំឃាំង ស-២១ ឬគុកទួលស្លែង ក៏បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តនេះផងដែរ។
កញ្ញា អ៊ិត សុផារ័ត្ន និស្សិតថ្នាក់បរិញ្ញាបត្រដែលកំពុងសិក្សានៅឯសាកលវិទ្យាល័យ Portland នៅក្នុងរដ្ឋ Oregon បាននិយាយថា ការរួមបញ្ចូល ផេង នៅក្នុងដំណើររឿងនេះធ្វើឲ្យខ្សែភាពយន្តមានភាពខុសប្លែកពីគេ។
កញ្ញាបាននិយាយថា៖
«តាមដែលខ្ញុំមើលពីខ្សែភាពយន្តផ្សេងៗទៀតនឹង គឺភាគច្រើនគេនិយាយតែពីជនរងគ្រោះ វាចេញមកកំហឹងយ៉ាងខ្លាំងតែម្តង ដោយសារតែគេថតពីអ្វីដែលជាអារម្មណ៍របស់ជនរងគ្រោះ ប៉ុន្តែគេអត់បានផ្តោតទៅលើថាតើ ជនរងគ្រោះផ្សេងៗទៀតដែលប៉ះពាល់នៅក្នុងនឹង ឧទាហរណ៍ដូចជាក្រុមគ្រួសាររបស់មេដឹកនាំតាមជំនាន់នោះផ្ទាល់ ក៏មានការប៉ះពាល់ផ្លូវចិត្តផ្លូវកាយ និងរបៀបនៃការរស់នៅដោយសារតែគាត់មានឈ្មោះ មានត្រកូលជាកូនចៅរបស់មេដឹកនាំសម័យនោះ។ វាជាការបង្ហាញមួយឲ្យឃើញពីផលប៉ះពាល់មួយផ្នែកផ្សេងទៀតនៃរបបខ្មែរក្រហម»។
កញ្ញាបានបន្តទៀតថា៖
«អ្វីដែលខ្ញំចាប់អារម្មណ៍ជាងគេគឺ ទំនាក់ទំនងរបស់ពួកគាត់ជាមួយកូនលោក ឌុច នឹង ហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេនឹងថា គឺទង្វើរបស់គាត់ដែលគាត់អាចបែងចែកដាច់រវាងកំហុសរបស់បុគ្គលម្នាក់ទៅនឹងកំហុសរបស់គ្រួសារ ឬក៏របស់បុគ្គលទាំងអស់ ឬក៏ដូចជាគាត់អត់មានសម្តែងការស្អប់ខ្ពើមចំពោះកូនលោក ឌុច នោះទេ»។
ចំណែកឯលោកស្រី Marie Chea បាននិយាយថា៖
«យើងថា យើងរងទុក្ខវេទនាដោយសារការកាប់សម្លាប់របស់ប៉ុល ពត ក៏ប៉ុន្តែមកមើលយើងឃើញផេងដែលកូនរបស់ ឌុច គាត់ក៏វេទនា ដូចតែយើងដែរ ពីព្រោះអីតគ្នា ដូច្នេះទុក្ខវេទនា កុំថាតែយើងដែលជាអ្នកគេយកទៅសម្លាប់ សូម្បីគ្រួសារអ្នកដែលធំ កូនរបស់ ឌុច នឹង ផេង នឹងក៏គាត់វេទនាដូចតែគ្នាដែរ ដូច្នេះទុក្ខវេទនានឹងមិនដឹងដោះស្រាយយ៉ាងម៉េចកើត ដូច្នេះយើងត្រូវតែចេះអភ័យទោសឲ្យគ្នា»។
ក្តីសង្ឃឹមរកយុត្តិធម៌
ការអភ័យទោសគឺជារឿងមួយតែការបន្តស្វែងរកយុត្តិធម៌គឺជារឿងមួយផ្សេងទៀត។ បើទោះបីជា ផេង បានបង្ហាញសមានចិត្តអាណិតអាសូរដល់អ្នករស់រានមានជីវិត ទទួលស្គាល់កំហុសរបស់ឪពុករបស់លោកនិងខ្មែរក្រហម និងបានសុំទោសចំពោះមុខអ្នករស់រានមានជីវិតជំនួសឪពុករបស់លោកក៏ដោយក្តី ការទាមទារស្វែងរកយុត្តិធម៌ពិតប្រាកដនៅតែបន្ត។
លោកស្រី Marie Cheaបានប្រាប់ VOA ថា ជនប្រព្រឹត្តបទល្មើសត្រូវតែទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលពួកគេបានប្រព្រឹត្ត ពួកគេត្រូវតែសុំទោស មិនមែនកូនរបស់ពួកគេនោះទេ។
កញ្ញា សុផារ័ត្ន បានយល់ស្រប និងបានប្រាប់ VOA ថា៖
«ខ្ញុំប្រហែលជាមិនអាចអត់ទោសឲ្យ ឌុច បានទេ ប៉ុន្តែខ្ញុំយល់ពីអារម្មណ៍និងខ្ញុំអរគុណនិងគោរពនូវការសមេ្រចចិត្តរបស់កូន ឌុច ផេង នឹងដែលបានសុំទោស។ ប៉ុន្តែអ្វីដែលខ្ញុំហើយនិងប្រជាជនខ្មែរយើងចង់បានខ្លាំងជាងគេ គឺពាក្យសម្តីចេញពីមាត់របស់មេដឹកនាំទាំងអស់នឹងថា ទទួលកំហុស ហើយសុំទោសប្រជាជនយើងជាសាធារណៈ ពីព្រោះខ្ញុំអត់ទាន់បានឃើញវីដេអូណា ដែលនិយាយពីការសុំទោសចេញពីចិត្តរបស់មេដឹកនាំក្រៅពីការកាត់ទោសនិងទទួលទោសរបស់គាត់នោះទេ»។
គួរឲ្យដឹងផងដែរថា នៅឆ្នាំ២០១៧ សំណុំរឿង០០២ ត្រូវបានបិទបញ្ចប់ដោយលោក នួន ជានិងលោក ខៀវ សំផន ត្រូវបានតុលាការខ្មែរក្រហមរកឃើញថា មានពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងត្រូវបានកាត់ទោសឲ្យជាប់ពន្ធាគារអស់មួយជីវិត។
ឥឡូវនេះតុលាការខ្មែរក្រហមកំពុងបន្តការកាត់ក្តីសំណុំរឿង ០០៣ ដែលចោទប្រកាន់លោក មាស មុត និងសំណុំរឿង ០០៤ ដែលចោទប្រកាន់លោកអោ អាន លោកស្រី អ៊ឹម ចែម និងលោក យឹម ទិត្យ៕