លោក David Chandler ដែលជាប្រវត្តិវិទូល្បីល្បាញអំពីប្រទេសកម្ពុជា បានទទួលពានរង្វាន់កំពូលពីសមាគមសម្រាប់ការសិក្សាតំបន់អាស៊ី នៅសន្និសីទប្រចាំឆ្នាំ ២០១៨ របស់សមាគមនេះ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា។
ប្រវត្តិវិទូជនជាតិអាមេរិកវ័យ៨៥ឆ្នាំ ដែលឥឡូវនេះជាសាស្ត្រាចារ្យចូលនិវត្តន៍នៃសាកលវិទ្យាល័យ Monash ក្នុងប្រទេសអូស្ត្រាលី បានទទួលពានរង្វាន់ឈ្មោះ «វិភាគទានល្អដាច់មុខសម្រាប់ការសិក្សាអាស៊ី» សម្រាប់ស្នាដៃយ៉ាងទូលំទូលាយរបស់លោក អំពីប្រវត្តិសាស្ត្រ នយោបាយ និងវប្បធម៌ប្រទេសកម្ពុជា។
អ្នកឈ្នះពានរង្វាន់កំពូលនេះកាលពីមុន រួមមានបុគ្គលល្បីៗដូចជា លោកសមាជិកព្រឹទ្ធសភា J. William Fulbright និងអ្នកវិទ្យាសាស្ត្រនយោបាយ Benedict Anderson។
សៀវភៅទាំងប្រាំក្បាលរបស់លោក Chandler អំពីប្រទេសកម្ពុជា ដែលក្នុងនោះមានសៀវភៅដ៏មានឥទ្ធិពលបោះពុម្ពឆ្នាំ១៩៨៣មួយ មានចំណងជើងថា «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា» ឬ A History of Cambodia ត្រូវបានគេប្រើប្រាស់ក្នុងថ្នាក់រៀនជាច្រើនទូទាំងពិភពលោក ហើយសៀវភៅនេះក៏ត្រូវបានគេបកប្រែទៅជាច្រើនភាសាផងដែរ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ លោក Chandler ត្រូវបានគេសរសើរថា លោកបានជួយបណ្ដុះបណ្ដាលបញ្ញវ័ន្តមួយជំនាន់ ដែលផ្ដោតការសិក្សាលើប្រទេសកម្ពុជា ហើយនិងបានជួយធ្វើឲ្យប្រទេសកម្ពុជាក្លាយជាជំនាញសិក្សាមួយ។
ប្រធានសមាគមសម្រាប់ការសិក្សាតំបន់អាស៊ី គឺ អ្នកស្រី Katherine Bowie មានប្រសាសន៍ថា៖
«លោក Chandler បានជួយធ្វើឲ្យប្រទេសកម្ពុជាក្លាយជាជំនាញសិក្សាមួយ ដែលសព្វថ្ងៃនេះ មានបញ្ញវ័ន្តឯកទេសខាងប្រទេសកម្ពុជាមួយក្រុម មកជួបគ្នានៅសន្និសីទនេះជារៀងរាល់ឆ្នាំ»។
អ្នកស្រី Bowie ថ្លែងបន្តថា៖
«បើទោះជាអ្នកមិនបានចាប់អារម្មណ៍លើប្រទេសកម្ពុជា ឬអ្នកមិនបានដឹងថាអ្នកចាប់អារម្មណ៍លើប្រទេសកម្ពុជា កិច្ចការងាររបស់លោក Chandler នឹងធ្វើឲ្យអ្នកចាប់អារម្មណ៍លើប្រទេសកម្ពុជា»។
អ្នកស្រី Bowie និយាយទៀតថា សមាគមមាន «សេចក្តីរំភើបរីករាយយ៉ាងខ្លាំង» សម្រាប់ការឲ្យពានរង្វាន់នេះទៅលោក Chandler ពីព្រោះលោក Chandler គឺជាគ្រូណែនាំដ៏សប្បុរសម្នាក់ ទៅកាន់បញ្ញវ័ន្តជាច្រើនរូប។
បន្ទាប់ពីទទួលបានបរិញ្ញាប័ត្រពីសាកលវិទ្យាល័យ Harvard លោក Chandler បានក្លាយជា មន្ត្រីសេវាកម្មកិច្ចការបរទេសសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៥៨ ហើយលោកត្រូវបានគេបញ្ជូនឲ្យទៅធ្វើការនៅស្ថានទូតអាមេរិកក្នុងរាជធានីភ្នំពេញក្នុងឆ្នាំ ១៩៦០។ សព្វថ្ងៃនេះ បន្ទប់មួយនៅក្នុងស្ថានទូតអាមេរិកនេះត្រូវបានគេដាក់ឈ្មោះថា David Chandler ដើម្បីផ្តល់កិត្តិយលដល់លោក Chandler។ ពេលធ្វើការនៅទីនោះ លោក Chandlerបាន រៀន ចេះ និយាយ និង ចេះ អាន ភាសាខ្មែរ ហើយបានយល់ដឹងអំពីកម្លាំងនយោបាយរបស់ប្រទេសកម្ពុជា តាមរយៈការដើរតាមព្រះអង្គម្ចាស់ នរោត្តម សីហនុ នៅទូទាំងប្រទេសដើម្បីស្តាប់សុន្ទរកថារបស់ព្រះអង្គកាលនោះ។
បន្ទាប់ពីលាលែងពីការងារការទូត ហើយបានសម្រេចចិត្តធ្វើជាបញ្ញវ័ន្ត លោក Chandler បន្តទៅរៀនយកសញ្ញាប័ត្របណ្ឌិត ពីសាកលវិទ្យាល័យ Michigan ក្នុងឆ្នាំ ១៩៧៤ ដោយសរសេរនិក្ខេបបទថ្នាក់បណ្ឌិតអំពីនយោបាយកម្ពុជាមុនសម័យអាណានិគម ហើយតាំងពីពេលនោះមក លោកបានធ្វើការស្រាវជ្រាវ និងសរសេរសៀវភៅ អត្ថបទ និងរបាយការណ៍ជាច្រើនអំពីប្រទេសកម្ពុជា។
លោក Chandler បានប្រាប់ VOA Khmer ថា លោកសប្បាយចិត្តនិងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះពានរង្វាន់នេះ ប៉ុន្តែលោកមានការពេញចិត្តបំផុតត្រង់ថា លោកប្រហែលជាបានជះឥទ្ធិពលលើបញ្ញវ័ន្តដទៃទៀតឲ្យមកធ្វើការសិក្សាអំពីប្រទេសកម្ពុជាដូចលោក។
លោកChandler មានប្រសាសន៍ថា៖
«នៅពេលខ្ញុំចាប់ផ្ដើមសិក្សាប្រវត្តិសាស្ត្រប្រទេសកម្ពុជា មិនទាន់មានអ្នកណាម្នាក់សិក្សាដូចខ្មុំទេ»។
លោកChandler បន្តថា៖
«សង្គ្រាមស៊ីវិល ខ្មែរក្រហម បញ្ហាជនភៀសខ្លួន អាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា UNTAC បានធ្វើឲ្យមនុស្សពីទូទាំងពិភពលោកជាច្រើនបានជាប់ពាក់ព័ន្ធនឹងប្រទេសកម្ពុជា ក្រៅពីការសិក្សាស្រាវជ្រាវ។ ពួកគេភាគច្រើនបានផ្លាស់ប្ដូរទៅសិក្សាវិញបន្ទាប់ពីនោះមក ហើយការសិក្សាអំពីប្រទេសកម្ពុជានេះ បានក្លាយជាជំនាញសិក្សាធំជាងមុនមួយ ហើយមានមនុស្សកាន់តែជាច្រើនសិក្សាអំពីប្រទេសកម្ពុជានេះ»។
អ្នកស្រី Judy Ledgerwood សាស្ត្រាចារ្យផ្នែកនរវិទ្យានៅឯសាកលវិទ្យាល័យ Northern Illinois និងជាអ្នកនិពន្ធសៀវភៅរឿង "At the Edge of the Forest" ដែលជាសៀវភៅសរសេរក្នុងឆ្នាំ ២០០៨ បំផុសគំនិតដោយកិច្ចការងាររបស់លោក Chandler។ អ្នកស្រីបានប្រាប់ VOA Khmerថា លោក Chandler ជា «បញ្ញវ័ន្តដ៏អស្ចារ្យមួយរូប» ដែលបានសរសេរឯកសារសំខាន់បំផុតមួយចំនួនអំពីប្រទេសកម្ពុជាជាភាសាអង់គ្លេស និងបានបំផុសគំនិតមនុស្សជាច្រើនឲ្យសិក្សាពីប្រទេសកម្ពុជា។
អ្នកស្រី Ledgerwood ថ្លែងថា៖
«ឯកសារទាំងនោះពិតជាស្រួលអានណាស់ ហើយដូច្នេះឯកសារទាំងនោះគឺជាការណែនាំដ៏ល្អមួយ សម្រាប់មនុស្សគ្រប់រូបអំពីប្រទេសកម្ពុជា»។
លោក George Chigas ជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យ Massachusetts Lowell ដែលប្រើស្នាដៃរបស់លោក Chandler ដូចជាសៀវភៅ "Tragedy of Cambodian History" និង "Brother Number One" ជាអំណានប្រចាំថ្នាក់នានារបស់លោក។ លោកយល់ស្របថាពានរង្វាន់នេះគឺជា «ការទទួលស្គាល់ដែលសមរម្យណាស់សម្រាប់ស្នាដៃដ៏អស្ចារ្យ» ។
លោក Chigas មានប្រសាសន៍ថា៖
«យើងទាំងអស់គ្នាដែលសិក្សានិងចាប់អារម្មណ៍លើប្រវត្តិសាស្ត្រនិងវប្បធម៌កម្ពុជា ជាប់ជំពាក់គុណលោក David Chandler ធំធេងណាស់»៕