ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូនស្រី​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ជាប់​ពន្ធនាគារ​ស្វែងរក​អន្តរាគមន៍​ពី​លោក​អូបាម៉ា


នាង ​សុវណ្ណារ៉ា សុជាតា ថតរូប​ជាមួយឪពុករបស់នាង គឺលោក មាជ សុវណ្ណារ៉ា ដែលជាមន្ត្រី​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ មុនពេលត្រូវបានឃុំខ្លួន​ក្នុងពន្ធនាគារ។ (រូបថត៖ ចេមី មាជ)
នាង ​សុវណ្ណារ៉ា សុជាតា ថតរូប​ជាមួយឪពុករបស់នាង គឺលោក មាជ សុវណ្ណារ៉ា ដែលជាមន្ត្រី​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ មុនពេលត្រូវបានឃុំខ្លួន​ក្នុងពន្ធនាគារ។ (រូបថត៖ ចេមី មាជ)

កូន​ស្រី​ច្បង​របស់​មន្ត្រី​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​បាន​សរសេរ​លិខិត​ទៅ​លោក​ប្រធានា​ធិបតី សហរដ្ឋ​អាមេរិក​ Barack Obama​ ​ស្នើ​​ឲ្យ​លោក​ជួយ​អន្តរាគមន៍ ​ឲ្យ​មាន​ការដោះ​លែង​ឪពុក​របស់​ខ្លួន​ គឺ​លោក​ មាជ សុវណ្ណារ៉ា​​ដែល​កំពុង​ជាប់ឃុំឃាំង​នា​ក្រុង​ភ្នំពេញ​។​

កូន​ស្រី​ច្បង​របស់​មន្ត្រី​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​បាន​សរសេរ​លិខិត​ទៅ​លោក​ប្រធានា​ធិបតី សហរដ្ឋ​អាមេរិក​ Barack Obama​ ​ស្នើឲ្យ​លោក​ជួយ​អន្តរាគមន៍ ​ឲ្យ​មាន​ការដោះ​លែង​ឪពុក​របស់​ខ្លួន​ គឺ​លោក​ មាជ សុវណ្ណារ៉ាដែល​កំពុង​ជាប់ឃុំឃាំង​នា​ក្រុង​ភ្នំពេញ​។​ ​នេះ​បើ​យោង​តាម​លិខិតដែល​VOA​ បាន​ទទួល​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។

កូនស្រីច្បង​របស់​លោក​ មាជ សុវណ្ណារ៉ា ​គឺ​កញ្ញា​ សុវណ្ណារ៉ា សុជាតា​ដែល​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក ​បាន​រៀបរាប់​ក្នុង​លិខិត​ទៅ​កាន់លោក​ប្រធានាធិបតី​ ​Obama​ ថា​ឪពុក​របស់​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ខុស​អ្វី​នោះ​ទេ​ដោយ​គ្រាន់​តែ​ធ្វើការ​ផ្សព្វផ្សាយ​ពី​លទ្ធិ​ប្រជា​ធិប​តេយ្យ​ក្នុង​ប្រទេស​កម្ពុជា។​ ​លិខិត​ដែល​ផ្ញើ​ទៅ​កាន់​លោក​ Obama ​នា​ថ្ងៃ​ពុធ​ក៏​បាន​គូស​បញ្ជាក់​ថា​ការ​កាត់​ទោស​លើ​ឪពុក​ខ្លួន​គឺ​ក្រោម​ការ​បង្គាប់​បញ្ជា​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ក្តោប​អំណាច​ជាង​៣០​ ឆ្នាំ។

នៅ​ក្នុង​លិខិត​ជា​ភាសា​អង់គ្លេស​ទៅ​កាន់​លោក​Obama​ កញ្ញា​ សុវណ្ណារ៉ា សុជាតា​ វ័យ​១៦ឆ្នាំ​ បាន​សរសេរ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​ «​ខ្ញុំ​សូម​ស្នើ​ឲ្យ​លោក​ជួយដោះលែង​ឪពុក​របស់​ខ្ញុំ​ មាជ សុវណ្ណារ៉ា​ ​ដែល​ជា​ពលរដ្ឋ​អាមេរិក​នោះ។​ គាត់​ត្រូវ​បាន​ គេ​ចោទ​ដោយ​គ្មាន​កំហុស​ ថា​បានបង្កើត​ «កុប្បកម្ម​‍» និង​កាត់​ទោស​ដាក់​ពន្ធនាគារ​ រយៈពេល​២០ ឆ្នាំ​ក្នុង​មន្ទីរ​អប់​រំកែ​ប្រែ​ព្រៃស​ ដែល​មាន​សភាព​ ​ដុន​ដាប​និង​ពុក​រលួយ​ ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា»។

សុវណ្ណារ៉ា ​សុជាតា​ ​ក៏​បាន​រៀប​រាប់​ពី​ស្ថាន​ភាព​គ្រួសារ​ខ្លួន​ដែល​រស់នៅ​គ្មាន​ឪពុក​ថា​កំពុង​ស្ថិត​ក្នុង​ ​« ភាព​អស់​សង្ឃឹម​ និង​ ​ឈឺចាប់​» ដោយសារ​តែ​ម្តាយ​របស់​នាង​ត្រូវ​មើល​ថែ​ប្អូន​ស្រី​ទាំង​ពីរ​របស់​នាង​ និង​ មើល​ការ​ខុស​ត្រូវ​ សារព័ត៌មាន​ខ្មែរ​ប៉ុស្តិ៍​ (Khmer Post) ​តែម្នាក់​ឯង។​

ការផ្ញើ​លិខិត​សុំ​អន្តរាគមន៍​នេះ​កើត​មាន​ឡើង​ក្នុង​ខណៈពេល​ដែល​លោក​ប្រធានាធិបតី​អូបាម៉ា​គ្រោង​នឹង​ជួប​ប្រជុំ​ជាមួយ​នឹង​មេដឹកនាំ​អាស៊ាន​នៅ​រដ្ឋកាលីហ្វញ៉ា​នៅ​ពាក់​កណ្តាល​ខែ​ក្រោយ ​ហើយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើដំណើរ​ទៅ​ចូលរួម​ផង​ដែរ។ ​

លោក​មាជ សុវណ្ណារ៉ា​ ​មន្ត្រី​ព័ត៌មាន​នៃ​គណបក្ស​ជំទាស់​ ​ដែល​មាន​សញ្ជាតិ​ ​អាមេរិកាំង​ និង​ ​សកម្មជន​ ១០រូប​ ផ្សេង​ទៀត​ ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ កាត់ទោស ​នា​ខែ​តុលា​កន្លង​មក​នេះ​ ពី​បទ​ចូលរួម​និង​ធ្វើ​កុប្បកម្ម​ប្រឆំាង​នឹង​រដ្ឋាភិបាល​ពេល​ដែល​សកម្មជន​ ​គណបក្ស​ជំទាស់​ធ្វើ​បាតុកម្ម​រំដោះ​ទី​លាន​ប្រជាធិបតេយ្យ ​ក្នុងខែ​កក្កដា​ឆ្នាំ​២០១៤។​ តុលាការ​បាន​ដាក់ទោស​លោក​និង​សកម្មជន​ផ្សេង​ទៀត​ ពី​៧ ​ដល់​២០ឆ្នាំ​ ដោយសំអាង​ថា​ ​បាន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ធ្វើ​ឲ្យ​មាន​អ្នក​បម្រើ​ការ​សន្តិសុខ​របួស​ជាង​៤០​នាក់​ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​នោះ។​

ទាក់ទិន​នឹង​ការ​ស្នើសុំ​ឲ្យ​មាន​ការ​ដោះ​លែង​លោក​ ​មាជ សុវណ្ណារ៉ា​នេះ​ ​អ្នកនាំ​ពាក្យ​នៃ​ក្រសួង​យុត្តិធម៌​ លោក​ ជិន ម៉ាលីន​ ​បាន​ប្រាប់​ VOA ថា​នេះ​គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​អាមេរិកាំង​ ក៏​ប៉ុន្តែ​ ​វាមិន​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​ តុលាការ​កម្ពុជា​នោះ​ទេ​ ហើយ​ប្រទេស​កម្ពុជា​ក៏​ជា​ប្រទេស​ឯករាជ្យ​មិន​ស្ថិត​ក្រោម​បង្គាប់​របស់​ប្រ​ទេស​ណា​នោះ​ដែរ។​

«នេះ​គឺ​ជា​សិទ្ធិ​របស់​គាត់។​ ​ក្នុងនាម​ជា​ពលរដ្ឋ​អាមេរិក​ ​អាច​បញ្ចេញ​មតិ​របស់​គាត់​ ​ឬ​ក៏​ធ្វើការ​ស្នើសុំ​តាម​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​ទៅ​តាម​ការយល់​ឃើញ​របស់​គាត់​ទៅ​ណា។​ហើយ​សម្រាប់​កម្ពុជា​យើង គឺ​គ្មាន​អ្វី​អត្ថាធិប្បាយ​នោះ​ទេ​ដោយសារតែ​យើង​ជា​រដ្ឋ​អធិប​តេយ្យ​ហើយ​យើង​ធ្វើការ​ ចំណាត់​ការ​តាម​នីតិវិធី​ផ្លូវ​ច្បាប់​របស់​យើង​ជា​ធរមាន។​ ​ហើយ​ក្នុង​នាម​ជា​រដ្ឋ​អធិបតេយ្យ​មិនស្ថិត​នៅក្រោម​សម្ពាធ​ ​ហើយ​ក៏មិន​មាន​ការ​ជ្រៀតជ្រែក​ពី​ខាង​ក្រៅ​ ដែរ​បាទ!​»។​

លោក​ ជិន ​ម៉ាលីន​ ​បាន​ការពារ​ចំណាត់​ការ​របស់​តុលាការ​កម្ពុជា​ចំពោះ​ការ​កាត់​ទោស​ ​លោក​មាជ សុវណ្ណរ៉ា ​ដោយ​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖ «ជាទិដ្ឋភាព​ច្បាប់​អ្នក​ដែល​អាច​វាយ​តម្លៃ​បានថា​គាត់​មាន​កំហុស​ឬគ្មាន​កំហុសមាន​ពិរុទ្ធ​ ​ឬក៏​គ្មាន​នោះ​គឺ​មាន​តែ​ស្ថាប័ន​តុលាការ​ទេ​អញ្ចឹង​សម្រាប់​សាម៉ី​ខ្លួន​គឺ​គ្រាន់តែ​ជា​ការ​យល់ឃើញ​ជា​លក្ខណៈ​ឯកជន​របស់​គាត់។​ ​ប៉ុន្តែ​ជា​ទិដ្ឋភាព​ផ្លូវ​ច្បាប់​គឺ​មានតែ​ស្ថាប័ន​ដែល​មាន​សមត្ថកិច្ច​នោះ​ទេ។​ ​ហើយ​ប្រសិន​ជា​គាត់​យល់​ថា​ឪពុក​របស់​គាត់​មិន​មាន​កំហុស​ឬ​មិន​មាន​ពិរុទ្ធ​នោះ​ទេ​គឺ​គាត់​អាច​ធ្វើការ​តតាំង​ ​ទៅ​តាម​ផ្លូវច្បាប់​ ​និង​សេរីភាព​ដែល​ច្បាប់​បាន​ផ្តល់​ឱ្យ»។

មន្ត្រី​នាំ​ពាក្យ​របស់​ស្ថាន​ទូត​អាមេរិក​ ​គឺ​លោក​ ​Jay Raman​ ​បាន​បញ្ជាក់​ប្រាប់​VOA​ ​តាម​រយៈ​សារ​អេ​ឡិក​ត្រូនិក​ឬ​Email​ ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​យ៉ា​ងណា​ក៏​ដោយ​ខ្លួនបាន​ផ្តល់​សេវា «​កុងស៊ុល​ តាម​អ្វី​ដែល​អាច​ធ្វើ​បាន​ ​និង​ចុះ​សួរ​សុខទុក្ខ​លោក​ មាជ សុវណ្ណារ៉ា​ តាម​ធម្មតាផង​ដែរ»។​

បន្ទាប់ពី​មាន​ការ​ប្រេះឆា​ ​នយោបាយ​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ​ដែល​មានអាសនៈ​ក្នុង​រដ្ឋសភា​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​ ​លោក​ ហ៊ុនសែន​ និង​ គណបក្ស​សង្គ្រោះ​ជាតិ​ ​របស់​លោក​ សម រង្ស៊ី​ ​មាន​សកម្មជន​និង​ ​មន្ត្រី​គណបក្ស​ជំទាស់​ជាច្រើន​រូប​ត្រូវបានសាលា​ដំបូង​រាជធានី​ភ្នំពេញ​ចាប់​កាត់​ទោស​ជា​បន្ត​បន្ទាប់។​ ក្នុង​នោះ​ក៏​មាន​លោក​ លោក​ មាជ សុវណ្ណារ៉ា​ ប្រធាន​នាយ​កដ្ឋាន​ព័ត៌មាន​ ​ដែល​មាន​សញ្ជាតិ​អាមេរិកាំង​ ​និង ​លោក​ ហុង សុខហួរ ​សមាជិក​ព្រឹទ្ធសភា​ ​ដែល​មាន​សញ្ជាតិ​បារាំង​ផង​ដែរ។​ ​ការ​ចា​ប់ខ្លួន​នេះ​បាន​ទទួល​រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​មន្ត្រី​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ៕

XS
SM
MD
LG