ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​ប៉ុស្តិ៍​ត្រូវ​គេ​អូស​ទាញ​ឱ្យ​លក់​និង​ស្វែងរក​ការ​គាំទ្រ​ពី​បក្ស​កាន់​អំណាច


អ្នកស្រី Jamie Meach ភរិយា​របស់​លោក មាជ សុវណ្ណារ៉ា កំពុង​ផ្តល់​បទ​សម្ភាសន៍​ឲ្យ VOA នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ខែ​ធ្នូ ឆ្នាំ​២០១៥។ (ម៉ែន គឹមសេង/VOA)
អ្នកស្រី Jamie Meach ភរិយា​របស់​លោក មាជ សុវណ្ណារ៉ា កំពុង​ផ្តល់​បទ​សម្ភាសន៍​ឲ្យ VOA នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ខែ​ធ្នូ ឆ្នាំ​២០១៥។ (ម៉ែន គឹមសេង/VOA)

នៅ​តាម​បណ្តោយ​ផ្លូវ​អាណាហែម​ក្នុង​ក្រុង​ខ្មែរ​នៃ​ទីក្រុង​ឡុងប៊ិច​ នេះ​គឺជា​ការិយាល័យ​កាសែត ​និង​វិទ្យុ​ខ្មែរ​ប៉ុស្តិ៍។

នៅ​តាម​បណ្តោយ​ផ្លូវ​អាណាហែម​ក្នុង​ក្រុង​ខ្មែរ​នៃ​ទីក្រុង​ឡុងប៊ិច​ នេះ​គឺជា​ការិយាល័យ​កាសែត ​និង​វិទ្យុ​ខ្មែរ​ប៉ុស្តិ៍។​

លោកស្រី​ មាជ ជេមី (Jamie Meach) ​ជា​អ្នក​ទទួល​បន្ទុក​លើ​ការ​ផ្សាយ​នៃ​បណ្តាញ​ព័ត៌មាន​ខ្មែរ​ប៉ុស្តិ៍៖

«ចំណែក​វិទ្យុ​ហើយ​នឹង​កាសែត​គឺ​ដំណើរ​ការ​ជា​ធម្មតា​ទេ​ចាស។ ចំណែក​ពាណិជ្ជកម្ម​មាន​គេ​ដាក់ ​និង​គេ​ដក​ធម្មតា‍»។​

ប្តី​របស់​អ្នក​ស្រី​គឺ​លោក​ មាជ សុវណ្ណារ៉ា ​មន្ត្រី​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ជាប់​ពន្ធនាគារ​ពាក់​ព័ន្ធ​នឹង​សំណុំរឿង​ហិង្សា​នយោបាយ​មួយ​កាលពី​ឆ្នាំ​២០១៤។​ ការណ៍​នេះ​បាន​ផ្តល់​ជា​លេស​សម្រាប់​ជន​អនាមិក​ម្នាក់​ទាក់​ទាញ​ឱ្យ​លក់​ និង​បញ្ឈប់​ប្រតិបត្តិការ​សារព័ត៌មាន​នេះ។

«គេ​ថា​ បើ​នាងខ្ញុំ​ចង់​លក់​កាសែត​ គេ​អាច​ទិញ​បាន​ដូច​ជា​វិទ្យុ។ បើ​គ្មាន​សមត្ថភាព​ទេ​គេ​អាច​ទិញ​ទាំង​វេបសាយ​ និង​វិទ្យុ​នាងខ្ញុំ​ ដើម្បី​ដំណើរការ។ ​ប៉ុន្តែ​គេ​ឱ្យ​នាង​ខ្ញុំ​ចុះ​ហត្ថលេខា​បិទ​កាសែត​ហ្នឹង​លែង​ជា​របស់​ខ្ញុំ​ទៀត»។​

លក្ខខណ្ឌ​បន្ថែម​គឺ​មិន​ឱ្យ​បង្កើត​សារព័ត៌មាន​អ្វី​ថ្មី​ទៀត ​និង​មិន​តែ​ប៉ុណ្ណោះ​ជន​អនាមិក​នោះ​ ថែម​ទាំង​ស្នើ​ឱ្យ​លោកស្រី​ស្វែង​រក​អន្តរាគមន៍​ពី​បក្ស​កាន់​អំណាច ​ដើម្បី​ដោះលែង​លោក មាជ សុវណ្ណារ៉ា។

ប៉ុន្តែ ​នេះ​មិន​មែន​ជា​អ្វី​ដែល​លោក​ស្រី​ មាជ ជេមី​ ទន្ទឹង​ចង់​បាន​ទេ៖

«ឧត្តម​គតិ​របស់​នាង​ខ្ញុំ​អត់​ប្រែប្រួល​ទេ​ គឺ​ថា​ភាព​លះបង់​របស់​គ្រួសារ​ខ្ញុំ​ បើ​នាង​ខ្ញុំ​ខ្លាច​ គ្រួសារ​ខ្ញុំ​ខ្លាច​ នាង​ខ្ញុំ​មិន​ឱ្យ​គ្រួសារ​ខ្ញុំ​ត្រឡប់​ទៅ​វិញ​ទេ​ចាស ​ព្រោះ​គាត់​ជា​សញ្ជាតិ​អាមេរិកាំង​ហើយ​ ប៉ាស្ព័រ​នៅ​ក្នុង​ដៃ​ខ្ញុំ។ នាង​ខ្ញុំ​ចង់​យក​ទុក​ក្នុង​ធនាគារ​ក៏​បាន។ ​ប៉ុន្តែ​នាងខ្ញុំ​មិន​អាច​យក​សេចក្តីសុខ​របស់​ខ្លួន​ឯង​ក្នុង​ក្រុម​គ្រួសារ​ដើម្បី​ឃើញ​ប្រជារាស្រ្ត​ប្រទេស​កម្ពុជា​យំ​ស្រែក​គ្រប់​ពេល​វេលា​នោះ​ នាងខ្ញុំ​មិន​អាច​ធ្វើ​បាន​ទេ។ ណាមួយ​ឆន្ទះ​របស់​គ្រួសារ​ខ្ញុំ​គឺ​គាត់​ស្រឡាញ់​ជាតិ​។ អីចឹង​នាង​ខ្ញុំ​មិន​អាច​ឃាត់​ ដើម្បី​យក​សេចក្តី​សុខ​ខ្លួន​ឯង ​ឃាត់​មិន​ឱ្យ​គាត់​ទៅ​វិញ​ទេ​ចាស‍»។​

លោក​ មាជ សុវណ្ណារ៉ា​ និង​សកម្មជន​នយោបាយ​គណបក្ស​ប្រឆាំង​ជាង​១០នាក់​ទៀត​នៅ​បន្ត​ជាប់​ពន្ធនាគារ​នៅ​ឡើយ ​បើ​ទោះ​បី​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​មើល​ឃើញ​ថា​ វា​គឺ​ជា​សំណុំ​រឿង​នយោបាយ។

លោកស្រី មាជ ជេមី​ មាន​សារ​នយោបាយ​នេះ​សម្រាប់​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ទាំង​ពីរ៖

«ដល់​ដំណាក់​កាល​នេះ​ហើយ ​បើសិន​ជា​យើង​នៅ​តែ​ឈ្លោះ​គ្នា ហើយ​យើង​នៅ​តែ​ប៉ែងជើង​ដាក់​គ្នា​ គឺ​ថា​ប្រទេស​ខ្មែរ​យើង​គឺ​បរទេស​គេ​មក​ឈ្លានពាន​កាន់តែ​ច្រើន​ឡើងៗ។ ទឹកដី​យើង​ក៏​កាន់​តែ​រួញ​ទៅៗ​ដែរ។ សង្ឃឹម​ថា​ ថ្នាក់​ដឹក​នាំ​ទាំង​ពីរ​ទាំង​គណបក្ស​សង្គ្រោះ​ជាតិ ​និង​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ចរចា​គ្នា​ ចាប់​ដៃ​គ្នា​ក្នុង​នាម​ខ្មែរ​ជា​ខ្មែរ​ដើម្បី​ជាតិ។ យើង​យក​ជាតិ​ដាក់​នៅ​លើ​ក្បាល‍»។​

ខណៈពេល​ដែល​ឱពុក​នៅ​បន្ត​ជាប់​គុក​ កូន​ស្រី​ទាំង​បី​នាក់​របស់​លោក មាជ សុវណ្ណារ៉ា​នៅ​បន្ត​រង់ចាំ​ឪពុក​វិល​ត្រឡប់​មក​វិញ​នៅ​កន្លែង​នេះ៕

XS
SM
MD
LG