ក្រុមសិទ្ធិមនុស្ស បានឱ្យដឹងកាលពីថ្ងៃសុក្រថា ស្ត្រីដែលធ្វើការនៅក្នុងរោងចក្រនៅអាស៊ី ដែលផលិតសំលៀកបំពាក់សម្រាប់ក្រុមហ៊ុន Walmart ដែលជាក្រុមហ៊ុនលក់រាយសកលកំពុងប្រឈមនឹងការវាយដំ ការយាយីផ្លូវភេទ និងការរំខានផ្សេងទៀត។
យោងតាមការសម្ភាសន៍ជាមួយកម្មករប្រហែល២៥០នាក់នៅរោងចក្រចំនួន៦០ នៅប្រទេសបង់ក្លាដែស កម្ពុជានិងឥណ្ឌូណេស៊ី ដែលផ្គត់ផ្គង់ផលិតផលមក Walmart អង្គការក្រៅរដ្ឋាភិបាលចម្រុះមួយបាននិយាយថា ស្ត្រីត្រូវបាន «ប្រឈមនឹងប្រព័ន្ធអំពើហិង្សា» ហើយប្រឈមនឹងការសងសឹក ប្រសិនបើពួកគេរាយការណ៍ពីការធ្វើបាបនេះ។
អង្គការនេះបានធ្វើការស៊ើបអង្កេតលើរោងចក្រអស់រយៈពេលជាង៦ឆ្នាំ ដែលជាកិច្ចខិតខំប្រឹងប្រែងជំរុញក្រុមហ៊ុនផលិតផលិតផលម៉ាករបស់ក្រុមហ៊ុនលោកខាងលិច រៀបចំកន្លែងការងារតាមច្បាប់និងលើកកម្ពស់សុវត្ថិភាពក្នុងបណ្តាញផ្គត់ផ្គង់ផលិតផលរបស់ពួកគេ។
ក្រុមហ៊ុន Walmart ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមានហាងយ៉ាងហោចណាស់ចំនួន១ម៉ឺន១ពាន់ក្នុងប្រទេសជិត៣០ បាននិយាយថា ខ្លួនកំពុងពិនិត្យមើលការរកឃើញក្នុងរបាយការណ៍នេះ។
អ្នកនាំពាក្យក្រុមហ៊ុន Walmart បាននិយាយថា «រឿងរ៉ាវរបស់កម្មករគឺជារឿងគួរឲ្យបារម្ភណាស់ ហើយយើងយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះការចោទប្រកាន់បែប។ យើងមានកម្មវិធីច្បាស់លាស់ឃ្លាំមើលការផ្គត់ផ្គង់។ ស្តង់ដាររបស់ Walmart សម្រាប់អ្នកផ្គត់ផ្គង់បានបង្ហាញពីការរំពឹងទុកផ្នែកសង្គមនិងបរិស្ថានរបស់យើងជាពិសេសតម្រូវឲ្យមានបរិស្ថានការងារដែលមានសុវត្ថិភាពនិងសុខភាព»។
អង្គការសិទ្ធិមនុស្សនេះបាននិយាយថា ខ្លួនបានរកឃើញការរាលដាលនៃការយាយីផ្លូវភេទ ផ្លូវកាយនិងដោយពាក្យសម្តីដូចជាទះ និងការគំរាមសងសឹកនៅពេលកម្មករស្ត្រីបដិសេធការយាយីផ្លូវភេទដោយចៅហ្វាយ។
Anannya Bhattacharjee នៃអង្គការសម្ព័ន្ធ Asia Wage Alliance ដែលតំណាងឱ្យកម្មករកាត់ដេរ បានប្រាប់មូលនិធិ Thomson Reuters Foundation ថា៖ «នេះជាបញ្ហាធ្ងន់ធ្ងរហើយត្រូវដោះស្រាយបន្ទាន់។
អ្នកទិញមើលឃើញផលិតផលស្អាត ការផ្លាស់ប្តូរម៉ូដយ៉ាងឆាប់រហ័សនិងតម្លៃសមរម្យ តែគេមិនដឹងអំពីអំពើហឹង្សាចាក់ឫសប្រឆាំងស្ត្រីក្នុងបណ្តាញផ្គត់ផ្គង់ផលិតផលនោះទេ»៕