ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​សុំ​ឱ្យ​សាលា​ឧទ្ធរណ៍​បដិសេធ​ការផ្ដន្ទាទោស​សកម្មជន​បរិស្ថាន​មាតា​ធម្មជាតិ


រូបឯកសារ៖ សកម្ម​ជន​បីនាក់​នៃ​ចលនា​មាតា​ធម្មជាតិ​​​ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ ឈរនៅមុខ​ពន្ធនាគារ​ខេត្តកោះកុង​ នៅថ្ងៃ​ទី​ ១​ ខែកក្កដា​ ឆ្នាំ​ ២០១៦។​ (ផ្តល់ជូន​ដោយ ​Licadho)
រូបឯកសារ៖ សកម្ម​ជន​បីនាក់​នៃ​ចលនា​មាតា​ធម្មជាតិ​​​ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ ឈរនៅមុខ​ពន្ធនាគារ​ខេត្តកោះកុង​ នៅថ្ងៃ​ទី​ ១​ ខែកក្កដា​ ឆ្នាំ​ ២០១៦។​ (ផ្តល់ជូន​ដោយ ​Licadho)

ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​​សមាគម ​និង​សហគមន៍​មាន​ទំនាស់​ដីធ្លី​សរុប​៤៨​ស្ថាប័ន ចេញផ្សាយ​កាល​ពី​ថ្ងៃអាទិត្យ​ ក្រុមអង្គការ​សង្គម​ស៊ីវិល​បានលើកឡើង​ថា ​ការសម្រេច​របស់​តុលាការ​ខេត្ត​កោះកុង​ធ្វើ​ឡើង​ដោយ​ពុំមាន​ភស្តុតាង​ដែល​ស្រប​តាម​បទដ្ឋាន​នៃ​ភស្តុតាង​ចាំ​បាច់​សម្រាប់​ធ្វើការ​ចោទ​ប្រកាន់​នោះ​ទេ។

អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍​មាន​ទំនាស់​ដី​ធ្លី​សរុប​៤៨​ អំពាវនាវ​ឱ្យ​សាលា​ឧទ្ធរណ៍បដិសេធ​សេចក្ដី​សម្រេច​របស់​តុលាការខេត្ត​កោះកុង ​ដែល​បាន​ផ្ដន្ទាទោស​សកម្មជន​ការពារ​បរិស្ថាន​ចំនួន៣​នាក់​ឱ្យ​ជាប់​ពន្ធនាគារចំនួន​១៨ខែ​និង​ពិន័យ​ជាប្រាក់​ជាង​១០០​លានរៀល។

ការ​អំពាវនាវ​នេះ​ធ្វើឡើង​ស្របពេល​ដែល​សាលាឧទ្ធរណ៍​គ្រោង​បើក​សវនាការ​នៅថ្ងៃទី​៣១ ខែ​មករា ពាក់ព័ន្ធ​នឹងបណ្ដឹងរបស់​សកម្មជន​ការពារ​បរិស្ថាន​ទាំង​៣នាក់​ ជំទាស់​នឹង​ការ​សម្រេច​របស់​តុលាការ​ខេត្តកោះកុង។

កាល​ពី​ថ្ងៃទី១​ខែកក្កដា ​ឆ្នាំ២០១៦ ​សកម្មជនបរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ចំនួន​៣​នាក់គឺ​លោក​លោក សាន់ ម៉ាឡា​ លោក ទ្រី សុវីគា ​និង​លោក ស៊ីម សំណាង ​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​១៨​ខែ ​តែ​តម្រឹមទោស​មក​ត្រឹម១០ខែ​និង​១៥ថ្ងៃ ​ជា​រយៈពេល​ដែល​ពួកគេ​ពួកគេ​បាន​ជាប់​ឃុំ​គិតត្រឹម​ថ្ងៃ​កាត់ទោស។ តុលាការ​ក៏បានពិន័យពួកគេជា​ប្រាក់២​លាន​រៀល (៥០០ដុល្លារ) ​និង​ត្រូវសង​សំណង​ខូចខាត១០០​លាន​រៀល (២៥០០០ដុល្លារ)​ទៅ​ឲ្យ​ក្រុមហ៊ុន​ Direct Access ​ដែល​បានប្ដឹង​ពួកគេ​។

អ្នក​ទាំង​៣ រង​ការ​ចោទ​ថា ជា​អ្នក​ផ្ដើម​គំនិត​ក្នុង​បទល្មើស​ «គំរាម​កំហែង​ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ‍» តាម​មាត្រា​២៨​ និង​មាត្រា​៤២៤​ នៃ​ក្រមព្រហ្មទណ្ឌ ​ដោយ​សារពួកគេ​បាន​ចូលរួម​ធ្វើ​សកម្ម​ភាព​ទប់​ស្កាត់​ការបូមខ្សាច់​របស់​ក្រុម​ហ៊ុន​ Direct Access ​និង​ក្រុមហ៊ុន ​International Rainbow ​Company។

ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការសមាគម ​និង​សហគមន៍​មាន​ទំនាស់​ដីធ្លី​សរុប​៤៨​ស្ថាប័ន ចេញផ្សាយ​កាល​ពី​ថ្ងៃអាទិត្យ​ ក្រុមអង្គការ​សង្គម​ស៊ីវិល​បានលើកឡើង​ថា ​ការសម្រេច​របស់​តុលាការ​ខេត្ត​កោះកុង​ធ្វើ​ឡើង​ដោយ​ពុំមាន​ភស្តុតាង​ដែល​ស្រប​តាម​បទដ្ឋាន​នៃ​ភស្តុតាង​ចាំ​បាច់​សម្រាប់​ធ្វើការ​ចោទ​ប្រកាន់​នោះ​ទេ។ លើសពីនេះ ​សង្គម​ស៊ីវិល​ក៏បាន​ចាត់​ទុក​បទចោទ​លើ​អ្នកទាំង​៣​ថា​មាន​ចរិត​លក្ខណៈនយោបាយ​និង​គួរ​ត្រូវ​បាន​បដិសេធ​ចោល​។

​លោក ​សន ជ័យ​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ដែល​បាន​ចូលរួម​ចេញ​សេចក្ដីថ្លែង​ការណ៍​ប្រាប់​ VOA ​នា​ល្ងាច​ថ្ងៃ​អាទិត្យ​ថា​ រដ្ឋាភិបាល​បាន​អះអាងពី​ឆន្ទៈ​ក្នុង​ការអភិរក្ស​និង​ការពារ​ធនធាន​ធម្មជាតិ​តាម​រយៈ​ការ​បង្កើត​គោលនយោបាយ​នានា។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​លើកទឹកចិត្ត​ដល់​សកម្មជន​ទាំង​៣ដែល​លោក​ថា​ជា​អ្នក​ការពារ​ធនធាន​ធម្មជាតិ​ជាជាង​ត្រូវ​រង​ការ​យាយី​តាម​ផ្លូវ​ច្បាប់​។

«ក្រុមយុវជន​៣​នាក់​ហ្នឹងគួរ​ណាស់​ត្រូវ​បាន​លើកទឹកចិត្ត​ដោយ​រដ្ឋាភិបាល​ ត្រូវបាន​លើកទឹកចិត្ត​រដ្ឋ​ទាំងមូល ​ដើម្បី​ធ្វើម៉េច​ឱ្យ​ពួកគេ​អាច​បន្ត​ការងារ​របស់​ពួក​គេ​ក្នុង​ការ​ការពារ​ផល​ប្រយោជន៍ជាតិ»។

លោក អ៊ិន គង់ជិត ​មន្ត្រី​សម្របសម្រួល​សិទ្ធិមនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​នៅ​ខេត្ត​កោះកុង​ ដែល​បាន​តាមដាន​ករណី​នេះ​ប្រាប់​ VOA ​ថា ​តាមការ​ស៊ើបអង្កេត​របស់​សង្គម​ស៊ីវិល ​សកម្មជន​បរិស្ថាន​ទាំង​៣​នាក់​ពុំបាន​ប្រព្រឹត្តិ​បទល្មើស​ដូច​ការ​ចោទ​ប្រកាន់​នោះទេ។ លោក​ថា​ សេចក្ដី​សម្រេច​របស់​តុលាការ​ខេត្ត​កោះកុង​មាន​លក្ខណៈធ្ងន់ធ្ងរ​និង​ជា​ការ​គំរាមកំហែង​លើ​សកម្មជន​ការពារ​បរិស្ថាន​ ដែល​នេះផ្ទុយ​នឹង​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​ឱ្យ​មាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ក្នុង​កិច្ចការពារ​បរិស្ថាន​។

«សេចក្ដី​សម្រេច​របស់​សាលាដំបូង​ខេត្តកោះកុង ​គេដាក់​ទម្ងន់​សកម្មជន​ស្ម័គ្រចិត្ត​ដែល​ផុលផុស​ ដែល​សកម្ម​ក្នុង​ការការពារ​បរិស្ថាន​ហ្នឹង​ ដូច​ជា​បង្កើត​ឱ្យ​មាន​ករណី​គំរាម​កំហែង​ផង​ បំបាក់​ស្មារតី​គាត់​ផង​ គឺ​ចង់​និយាយ​ថា​ មិន​ចង់​ឱ្យ​យុវជន​ឬ​ក៏​អ្នកដទៃទៀត​ចូលរួម​ក្នុង​ការការពារ​ធនធាន​ធម្មជាតិ»។

សកម្មជន​ទាំង​បី​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​សប្ដាហ៍​មុន​ដោយសារ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ។

សកម្មជន​ម្នាក់​គឺ​លោក​ សាន់​ ម៉ាឡា​ ប្រាប់VOA ​កាល​ពី​សប្ដាហ៍​មុនថា​ រូប​លោក​ និង​សកម្មជន​ទាំង​ពីរ​នាក់​ផ្សេងទៀត​ចាកចេញ​ពីប្រទេស​កម្ពុជា​ ​ដោយសារ​បារម្ភ​ថា​អាច​នឹង​ត្រូវចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ជា​ថ្មី​ ប្រសិន​បើពួក​គេ​ទៅ​ចូលរួម​ការ​កាត់​ក្តីនោះ។​ ​លោក​បញ្ជាក់​បន្ត​ថា ការ​ចាប់​ខ្លួន​នេះ​ អាច​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​តាម​បណ្តឹង​របស់​ព្រះរាជ​អាជ្ញារង​មួយ​រូប​ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាឧទ្ធរណ៍​ ​ក្នុង​ពេលស្រប​គ្នា​ជាមួយ​បណ្តឹង​របស់​សកម្មជន​ទាំង​បីរូប​ដែល​ប្តឹងទាមទារ​ឲ្យ​សាលា​ឧទ្ធរណ៍​ទម្លាក់​ចោល​សាល​ក្រម​របស់​តុលាការ​ខេត្ត​កោះកុង។

លោកស្រី​ សាម​ សុគន្ធា​ មេធាវី​ការពារ​ក្តី​ឱ្យសកម្មជន​ការពារ​បរិស្ថាន​ទាំង​បី​នាក់​នេះ​ប្រាប់​VOA​ លោកស្រី​នៅ​មិនទាន់​ទទួល​បាន​ដំណឹង​ផ្លូវការ​ពី​ការ​ចាកចេញ​ទៅក្រៅ​ប្រទេស​របស់​កូនក្ដី​របស់​លោកស្រីនោះ​ទេ។ លោកស្រី​បន្ត​ថា ​លោកស្រី​នឹង​ពិភាក្សា​ជាមួយ​មេធាវី​ម្នាក់ទៀត​ដែល​ការពារ​ក្ដី​ឱ្យ​អ្នកទាំង​៣​ថា​នឹង​ចូលរួម​សវនាការ​ឬ​យ៉ាង​ណា។

លោកស្រី ​សាម សុគន្ធា​ បន្ត​ថា​ លោកស្រី​សង្ឃឹម​ថា​ សាលាឧទ្ធរណ៍​នឹង​ទម្លាក់​បទចោទ​លើ​កូនក្ដី​របស់​លោកស្រី ​ដោយសារ​ចម្លើយ​របស់​សាក្សី​និង​ការ​អះអាង​របស់​អ្នកទាំង៣​នា​ពេល​កន្លង​មក បង្ហាញ​ថា​ ពួកគេ​មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះ​ទេ។

VOA​ មិន​អាច​សុំការអត្ថាធិប្បាយ​ពី​លោក ទូច ថារិទ្ធ ​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​បាន​នៅឡើយ​ទេ​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ។

តុលាការ​ខេត្តកោះកុង​ បានសម្រេច​ឃុំ​ខ្លួន​សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ​ទាំង​បី​នាក់​ បន្ទាប់​ពី​ពួកគេ​បើក​យុទ្ធនាការ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៥ ​ដើម្បី​បណ្ដេញ​សាឡង់​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ពីរ​គឺ​ក្រុមហ៊ុន​ Direct​ Access​ និង​ International Rainbow ​Company ​ដែល​បាន​ដំណើរការ​បូម​ខ្សាច់ជា​ច្រើន​ខែ​ នៅ​មុន​យុទ្ធនាការ​នោះ​ចាប់​ផ្ដើម​ឡើង​នៅ​ក្នុង​តំបន់​ជីផាត់ ​និង​ព្រែក​អណ្ដូង​ទឹក​ ដែល​ស្ថិតនៅ​ក្នុង​ស្រុក​ថ្ម​បាំង​ និង​ស្រុក​បុទុមសាគរ​ ខេត្ត​កោះ​កុង៕​

XS
SM
MD
LG