ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស្លាប់​ដោយសារ​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី​កើន​លើស ១ពាន់ ១រយ​នាក់


បុគ្គលិកផ្នែកសុខាភិបាលម្នាក់រុញអ្នកជំងឺពីវីរុសកូរ៉ូណានៅលើកៅអីរុញមួយក្នុងមន្ទីរពេទ្យមួយនៅក្រុង Wuhan ខេត្ត Hubei ប្រទេសចិន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។
បុគ្គលិកផ្នែកសុខាភិបាលម្នាក់រុញអ្នកជំងឺពីវីរុសកូរ៉ូណានៅលើកៅអីរុញមួយក្នុងមន្ទីរពេទ្យមួយនៅក្រុង Wuhan ខេត្ត Hubei ប្រទេសចិន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

មន្ត្រី​សុខាភិបាល​ចិន​បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា ចំនួន​នៃ​អ្នក​ស្លាប់​ដោយសារ​មេរោគ​កូរ៉ូណា​វីរុស​ប្រភេទ​ថ្មី​បាន​កើន​ជាង ១ពាន់ ១ រយ​នាក់​ហើយ។

តួលេខ​របស់​គណៈកម្មការ​សុខាភិបាល​ជាតិ​ចិន​បាន​បង្ហាញ​ថា មាន​ករណី​ស្លាប់​ថ្មី​ដោយសារ​មេរោគ​នេះ​ចំនួន ៩៧ ករណី​ទៀត និង​អ្នក​ឆ្លង​មាន​ចំនួន​សរុប ៤ ម៉ឺន ៤ ពាន់ ៦៥៣ នាក់ តាំង​ពី​មេរោគ​នេះ​បាន​ផ្ទុះ​ឡើង​កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន​មក។

ទោះបីជា​ករណី​ឆ្លង​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី​នេះ​កើត​ឡើង​ជា​ចម្បង​តែ​នៅ​ក្នុង​ប្រទេស​ចិន​ក៏​ដោយ ក៏​គេ​ឃើញ​មាន​ករណី​ឆ្លង​មេរោគ​នេះ​រាប់​រយ​ករណី​ទៀត​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត ដោយ​ជា​ទូទៅ​អ្នក​ដែល​ឆ្លង​មេរោគ​នេះ​ភាគ​ច្រើន​ជា​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចិន។

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​បាន​រាយការណ៍​ថា រដ្ឋបាល​ខេត្ត Hubei ដែល​ជា​ចំណុច​ស្នូល​នៃ​ការ​ផ្ទុះ​ឡើង​មេរោគ​នេះ បាន​ដក​មន្ត្រី​សុខាភិបាល​កំពូល​ពីរ​រូប​របស់​ខ្លួន​ចេញ​ពី​តំណែង។

អង្គការ​សុខភាព​ពិភពលោក​បាន​ដាក់​ឈ្មោះ​មេរោគ​ថ្មី​នេះ​ជា​ផ្លូវការ​ថា COVID-19 នៅ​ឯ​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ គឺ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​លោក Tedros Adhanom Ghebreyesus បាន​និយាយ​ថា ការ​ឆ្លង​មេរោគ​នេះ​រវាង​មនុស្ស​និង​មនុស្ស​ដែល​មិន​ដែល​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន អាច​ក្លាយជា​បញ្ហា​ធ្ងន់ធ្ងរ។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​បុគ្គលិក​ដែល​មិន​សំខាន់​ចាំបាច់ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​អាច​ស្ម័គ្រចិត្ត​ចាកចេញ​ពី​ស្ថាន​កុងស៊ុល​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង​ហុងកុង​បាន ដោយសារតែ​ត្រូវ​មាន​ការ​ប្រយ័ត្នប្រយែង​ទាក់ទង​នឹង​ភាព​ស្រពិចស្រពិល​នៃ​មេរោគ​កូរ៉ូណាវីរុស​ប្រភេទ​ថ្មី​នេះ៕

XS
SM
MD
LG