ថ្មីៗនេះ ប្រទេសចិនបានបញ្ជាក់ថា ពលរដ្ឋរបស់ខ្លួនចំនួនបីនាក់ត្រូវបានសម្លាប់នៅក្នុងឃាតកម្មឆ្លងព្រំដែនមួយ ដែលអាចត្រូវបានធ្វើឡើងដោយទាហានកូរ៉េខាងជើង។ ហេតុការណ៍នេះ គឺជាលើកទីបីហើយ ក្នុងរយៈពេលប្រាំបីខែ ដែលជនជាតិចិនរស់នៅតាមបណ្តោយព្រំដែនដែលមានច្រកចេញចូលច្រើន ត្រូវបានសម្លាប់នៅក្នុងឧបទ្ទវហេតុពាក់ព័ន្ធជាមួយជនជាតិកូរ៉េខាងជើង ហើយវាបានបង្កឲ្យមានការព្រួយបារម្ភខាងសន្តិសុខ។
រយៈពេលជាងពីរសប្តាហ៍មកហើយ ចាប់តាំងពីអាជ្ញាធរចិនបានចេញផ្សាយព័ត៌មានលម្អិតស្ទើរតិចតួចអំពីការសម្លាប់ទាំងនេះ។ ការអះអាងរបស់ពួកគេពីឧបទ្ទវហេតុនេះត្រូវបានធ្វើឡើង បន្ទាប់ពីសារព័ត៌មានកូរ៉េខាងត្បូង បានទម្លាយព័ត៌មាន ដោយបានផ្សារភ្ជាប់ទាហានកូរ៉េខាងជើងទៅនឹងការស្លាប់ទាំងនោះ។
អាជ្ញាធរបាននិយាយថា អ្នកស្លាប់ទាំងបីនាក់ រួមមានបុរសម្នាក់អាយុ៥៦ឆ្នាំ មានត្រកូល Zhaoកូនស្រីរបស់គាត់អាយុ២៦ឆ្នាំ និងបុរសម្នាក់ទៀតមានអាយុ៦៧ឆ្នាំ។ អ្នកទាំងបីមិនមែនជាអ្នកភូមិ Nanping ដែលជាភូមិមួយមានទីតាំងនៅត្រើយទន្លេមួយឆ្លងពីប្រទេសកូរ៉េខាងជើងទេ។ អាជ្ញាធរមិនទាន់បានផ្ដល់ព័ត៌មានលម្អិតណាមួយនៅឡើយទេ ថាតើហេតុអ្វីបានជាពួកគេត្រូវបានគេយកជាគោលដៅនៃការសម្លាប់នោះ ឬអ្វីដែលពួកគេបានកំពុងធ្វើនៅក្នុងភូមិនោះ។
Nanping គឺជាភូមិដែលទាហានកូរ៉េខាងជើងធ្លាប់បានឆ្លងកាត់កាលពីខែធ្នូកន្លងទៅ ដោយបានសម្លាប់ប្រជាពលរដ្ឋចំនួនបួននាក់។ ជាការឆ្លើយតប ប្រទេសចិនបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងកូរ៉េខាងជើង ហើយ ឧបទ្ទវហេតុនេះ ត្រូវបានគេមើលឃើញថា ជាឧទាហរណ៍ចុងក្រោយមួយនៃការធ្លាក់ចុះទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងព្យុងយ៉ាង។
ប្រទេសកូរ៉េខាងជើងបានផ្គើននឹងសម្ព័ន្ធមិត្តចិននៅឆ្នាំ២០១៣ តាមរយៈការធ្វើតេស្តនុយក្លេអ៊ែរជាលើកទីបីរបស់ខ្លួន។ នៅចុងឆ្នំានោះដែរ លោក Kim Jong Un បានប្រហារជីវិតឪពុកមារបស់ខ្លួនឈ្មោះ Jang Song Thaek។ លោក Jang គឺជាអ្នកលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងប្រទេសចិន។
លោក Lu Chao សាស្រ្តាចារ្យនៅ Liaoning Academy of Social Sciences បាននិយាយថា កង្វះខាតស្បៀងអាហារនៅតាមព្រំដែន អាចជំរុញឲ្យមានសកម្មភាពផ្សេងៗដើម្បីបំពេញតម្រូវការ។ លោកបាននិយាយថា វាក៏អាចពាក់ព័ន្ធទៅនឹងស្ថានភាពផ្ទៃក្នុងនៃយោធារបស់កូរ៉េខាងជើងដែរ។
លោក Lu បាននិយាយថា អ្នកដែលបានឆ្លងកាត់ព្រំដែនចូលក្នុងទឹកដីចិន គឺជាទាហាន ហើយពួកគេប្រដាប់ទៅដោយអាវុធ។ លោកបានបន្តថា បញ្ហានេះធ្លាប់បានកើតឡើងកាលពីគ្រាមុនៗមក ប៉ុន្តែមិនញឹកញាប់ដូចនេះឡើយ ហើយនេះអាចពាក់ព័ន្ធនឹងបញ្ហាផ្សេងៗនៅក្នុងជួរយោធា។
លោក Chun Ki-won គឺជាអ្នកបួសនៅក្នុងវិហារគ្រិស្តឈ្មោះ Durihana ដែលជួយពួកជនភៀសខ្លួនកូរ៉េខាងជើង។ លោកបាននិយាយថា កាលពីមុន ពួកអ្នករត់ចោលស្រុកមិនត្រូវការជំនួយពីពួកទាហានទេ ដើម្បីឆ្លងកាត់ព្រំដែននោះ ប៉ុន្តែអ្វីៗទាំងអស់បានផ្លាស់ប្តូរនៅក្នុងឆ្នាំ២០១០ នៅពេលដែលប្រទេសចិន និងកូរ៉េខាងជើងបានចាប់ផ្តើមរឹតបន្តឹង។
លោក Chun បានឲ្យដឹងដែរថា ទោះបីជាទាហានមានតួនាទីការពារព្រំដែនក៏ដោយ ពួកគេក៏ត្រូវការរកប្រាក់ចំណូលដែរ។ ពួកឈ្មួញកណ្តាលត្រូវការស្ត្រីពីកូរ៉េខាងជើង ដែលភាគច្រើននៃពួកគេបានក្លាយជាស្រីពេស្យា ឬកូនក្រមុំសម្រាប់បុរសជនជាតិចិន ហើយក៏មានអ្នកដែលចង់ចូលក្នុងប្រទេសចិនដោយខ្លួនឯងផងដែរ។ លោក Chun បន្តថា ពួកគេទាំងអស់សុទ្ធតែគិតពីផលប្រយោជន៍ដូចៗគ្នា។
លោក Chun ក៏បានបន្ថែមដែរថា ខណៈដែលឧបទ្ទវហេតុនេះ មិនទំនងនឹងមានផលប៉ះពាល់ធំដុំដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ដោយ ប៉ុន្តែមតិរបស់សាធារណជនទំនងជាកាន់តែអាក្រក់ទៅៗ។
ឧបទ្ទវហេតុនេះបានបង្កឲ្យមានការជជែកពិភាក្សាដ៏ទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងប្រទេសចិន ដោយមានការចោទប្រកាន់ទៅលើប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងថា កំពុងព្យាយាមជំរុញឲ្យមានភាពតានតឹងរវាងប្រទេសទាំងពីរ។ អ្នកប្រើប្រាស់បណ្តាញ Weibo ម្នាក់បានអះអាងថា ការកើនឡើងនៃឧបទ្ទវហេតុជាច្រើនបន្តបន្ទាប់គ្នា មិនត្រឹមតែគូសបញ្ជាក់ពីកង្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសកូរ៉េខាងជើងប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញថានៅមានចន្លោះប្រហោងលើការចំណាយក្នុងការការពារជាតិរបស់ចិន ដែលបានចំណាយដ៏ច្រើនសន្ធឹកសន្ធាប់។
កាសែតចិន និងបទអត្ថាធិប្បាយតាមប្រព័ន្ធអ៊ីនធឺណែតមួយចំនួន បានឆ្លើយតបទៅនឹងព័ត៌មាននៃការសម្លាប់ដោយមានការស្រងាកចិត្ត មិនត្រឹមតែដោយសារតែអំពើហិង្សានោះទេ ប៉ុន្តែក៏ដោយសារតែពួកគេបានដឹងពីឧបទ្ទវហេតុនោះដំបូងបង្អស់ពីប្រព័ន្ធផ្សព្វផ្សាយនៅក្រៅប្រទេស។
ឮក្នុងវិចារណកថាថ្មីមួយ ដែលនិយាយពីការសម្លាប់នេះ កាសែត Beijing News បានសម្តែងការភ្ញាក់ផ្អើល និងការព្រួយបារម្ភថា ការសម្លាប់នៅតែបន្តកើតឡើង។ បទវិចារណកថានេះបានបន្តសរសេរថា មិនថាមានអ្វីបានកើតឡើងទេ អាជ្ញាធរគួរតែចាត់វិធានការដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ពលរដ្ឋចិនដែលរស់នៅក្បែរតំបន់ព្រំដែន៕
ប្រែសម្រួលដោយ ឆាយ គីមហ៊ង