សត្វអណ្តើកហ្លួងប្រមាណ៥១ក្បាល ដែលជិតផុតពូជត្រូវបានលែងឱ្យចូលទីជម្រកធម្មជាតិវិញ នៅតាមដងព្រែកស្រែអំបិលក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ នៅក្នុងពិធីមួយដែលរៀបចំដោយឡើងដោយអង្គការ Wildlife Conservation Society (WCS) និងសហការជាមួយរដ្ឋបាលជលផលនិងសហភាពអឺរ៉ុប។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះ បញ្ជាក់ថា អណ្តើកហ្លួងទាំង៥១ក្បាលនោះ ដែលមានឈ្មោះបច្ចេកទេសអន្តរជាតិថា Southern River Terrapin (Batagur affinis)ត្រូវប្រមូលយកមកថែរក្សាអភិរក្សទុកជាបន្តបន្ទាប់ពីឆ្នាំ២០០៦ដល់ឆ្នាំ២០១៥ នៅពេលអណ្តើកទាំងនេះបានចេញពីសំបុករបស់វានៅតាមបណ្តោយព្រែកស្រែអំបិលនិងព្រែកកំពង់លើនៅក្នុងខេត្តព្រះសីហនុ។
ក្នុងចំណោមអណ្តើកហ្លួងទាំង៥១ក្បាលនោះ មានអណ្តើកញី៣១ក្បាល និងឈ្មោល២០ក្បាល ដែលមានអាយុចន្លោះពី៦ទៅ១៥ឆ្នាំ។ អណ្តើកដែលត្រូវលែងទៅក្នុងជម្រកធម្មជាតិវិញនេះត្រូវបានបង្កប់នូវបន្ទះឈីបដែលនឹងអនុញ្ញាតឱ្យក្រុមអ្នកអភិរក្សអាចបន្តតាមដានដំណើរជីវិតសត្វនេះក្នុងធម្មជាតិ។
អណ្តើកហ្លួងនេះដំបូងឡើយត្រូវគេជឿថាបានផុតពូជពីប្រទេសកម្ពុជាទៅហើយរហូតដល់ឆ្នាំនាំ២០០០នៅពេលដែលក្រុមអ្នកជំនាញអាមេរិកមួយក្រុមមកពីអង្គការ WCS និងរដ្ឋបាលជលផលកម្ពុជាបានរកឃើញពពួកសត្វអណ្តើកនោះឡើងវិញនៅតាមដងព្រែកស្រែអំបិល។ ក៏ប៉ុន្តែអង្គការនេះបញ្ជាក់ថា ការបន្តបូមខ្សាច់ នេសាទខុសច្បាប់ និងការបាត់បង់ដែនជម្រកសត្វព្រៃបន្តគំរាមកំហែងដល់ការរស់រាននៃប្រភេទសត្វកម្រទាំងនេះ។
នៅក្នុងពិធីលែងអណ្តើកហ្លួងនៅតាមបណ្តោយព្រែកស្រែអំបិលនោះ លោក ពុំ សុថា ប្រធានរដ្ឋបាលជលផលបានអបអរនិងថ្លែងអំណរគុណចំពោះការចូលរួមសហការរវាងអាជ្ញាធរដែនដី ប្រជាពលរដ្ឋនិងអង្គការ WCS ក្នុងការអភិរក្សប្រភេទសត្វដែលជិតផុតពូជនេះ ដោយលោកជំរុញឱ្យបន្តកិច្ចប្រឹងប្រែងនេះ។
លោក កែន សេរីរដ្ឋា ប្រធានគម្រោងនៅកម្ពុជារបស់អង្គការ WCS ត្រូវបានដកស្រង់សម្តីនៅក្នុងសេចក្តីថ្លែងការណ៍នោះ ដោយលោកសង្ឃឹមថា ការកើនឡើងនៃចំនួនអណ្តើកពេញវ័យនៅក្នុងធម្មជាតិក្រោយការលែងអណ្តើករាប់សិបក្បាលនេះ នឹងអនុញ្ញាតឱ្យប្រភេទសត្វកម្រនេះបន្តពូជនិងបង្កើនចំនួនច្រើនទៀតក្នុងប៉ុន្មានឆ្នាំខាងមុខ។
គួរបញ្ជាក់ថា គម្រោងអភិរក្សអណ្តើកហ្លួងនេះត្រូវបានអនុវត្តដោយអង្គការ WCS ដោយសហការជាមួយរដ្ឋបាលជលផល និងទទួលការឧបត្ថម្ភថវិកាពីសហគមន៍អឺរ៉ុប និងអង្គការនិងស្ថាប័ននៃប្រទេសមួយចំនួនទៀត៕