ឧក្រិដ្ឋកម្មបានធ្លាក់ចុះជាង ១ ភាគ ៥ នៅក្នុងប្រទេសហ្វីលីពីនក្នុងឆ្នាំ ២០១៧ នេះ ដែលករណីនេះបានធ្វើឲ្យសាធារណជនសប្បាយចិត្ត និងបានបង្ហាញថា ការធ្លាក់ចុះនេះអាចបណ្ដាលមកពីយុទ្ធនាការប្រឆាំងគ្រឿងញៀនដ៏ប្រល័យរបស់លោកប្រធានាធិបតី Rodrigo Duterte ដែលជាយុទ្ធនាការមួយបង្កឲ្យមានការខឹងសម្បាពីសំណាក់អន្តរជាតិពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស។
សកម្មភាពខុសច្បាប់នានាដែលធ្វើឡើងប្រឆាំងនឹងមនុស្ស និងទ្រព្យសម្បត្តិ បានធ្លាក់ចុះចំនួន ២១,៨ ភាគរយ ចាប់ពីខែមករារហូតដល់ខែវិច្ឆិកាក្នុងឆ្នាំនេះ បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នានេះដែរក្នុងឆ្នាំ ២០១៦។ នេះបើយោងតាមតួលេខរបស់នគរបាលជាតិហ្វីលីពីនដែលបានផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសហ្វីលីពីន។
តួលេខនោះសំដៅលើដំណើរវិវឌ្ឍទៅមុខនៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនដែលពោរពេញដោយភាពប្រទាំងប្រទើសរបស់លោក Duterte ក៏ដូចជាកិច្ចប្រឹងប្រែងជាទូទៅរបស់ប៉ូលិសផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក Antonio Contreras អ្នកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ De La Salle ក្នុងប្រទេសហ្វីលីពីន។
តួលេខរបស់នគរបាលជាតិហ្វីលីពីនដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសហ្វីលីពីន បានបង្ហាញថា ចំនួនសរុបនៃឧក្រិដ្ឋកម្មដែលបានរាយការណ៍ដែលត្រូវបានប្រើប្រាស់សម្រាប់គោលបំណងស្ថិតិនានា បានធ្លាក់ចុះមកនៅត្រឹម ១០០៦៦៨ ករណីនៅក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០១៧ នេះ។ គេឃើញមានតែករណីមនុស្សឃាតប៉ុណ្ណោះ ដែលមានការកើនឡើង។
អ្នកនាំពាក្យការិយាល័យប្រធានាធិបតីបានប្រាប់អ្នកយកព័ត៌មាននានាកាលពីថ្ងៃច័ន្ទកន្លងទៅនេះថា ឧក្រិដ្ឋកម្មបានធ្លាក់ចុះចំនួន ៣៥ ភាគរយ ប៉ុន្តែមិនបានផ្ដល់ព័ត៌មានលំអិតនោះទេ។
លោក Antonio Contreras បាននិយាយថា ការស្ទង់មតិកន្លងមកបានបង្ហាញថា ប្រជាពលរដ្ឋហ្វីលីពីនមានអារម្មណ៍ថាមានសុវត្ថិភាពជាងមុនក្រោយពីលោក Duterte បានចាប់ផ្ដើមយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់លោកមក៕