សមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាចចំនួន៤២រូប នៅព្រឹកថ្ងៃអង្គារនេះ បានលើកដៃអនុម័តវិសោធនកម្មលើកទី២នៃច្បាប់ស្តីពីគណបក្សនយោបាយ បើទោះជាក្រុមសមាជិកព្រឹទ្ធសភារបស់គណបក្សប្រឆាំងធ្វើពហិការ មិនចូលរួមប្រជុំ ដោយអះអាងថា សេចក្តីស្នើច្បាប់នេះមានចរិតនយោបាយ និងផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ។
កាលពីសប្តាហ៍មុន រដ្ឋសភាដែលមានតែក្រុមតំណាងរាស្រ្តគណបក្សកាន់អំណាច ក៏បានអនុម័តវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ ដោយគ្មានវត្តមានរបស់តំណាងរាស្រ្តគណបក្សប្រឆាំងផងដែរ។
លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា សមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាចបានសម្រេចអនុម័តច្បាប់វិសោធនកម្មស្តីពីគណបក្សនយោបាយ ដោយយល់ស្របទាំងស្រុងទៅតាមរដ្ឋសភា។ លោកអះអាងថា ការអនុម័តនេះធ្វើឡើងស្របទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដោយបានសម្រេចយកមតិភាគច្រើន។
លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា៖
«ការសម្រេចហ្នឹង គឺយើងសម្រេចជាឯកឆន្ទហើយ ៤២លើ៤២។ វាអាចគ្រប់កូរ៉ុមប្រជុំ ហើយបើយើងយកសំឡេង៥០%បូកមួយ តែ៣៣ទេ។ ហើយយើងសម្រេចដល់៤២។ អីចឹងគឺលើសលុបហើយ»។
អ្នកនាំពាក្យរូបនេះបន្ថែមថា ព្រឹទ្ធសភានឹងបញ្ជូនវិសោធនកម្មច្បាប់ដែលទើបតែអនុម័តនេះត្រឡប់ទៅរដ្ឋសភាវិញ ហើយរដ្ឋសភានឹងបញ្ជូនថ្វាយព្រះមហាក្សត្រដើម្បីឡាយព្រះហស្ថលេខាប្រកាសដាក់ឲ្យប្រើប្រាស់ជាការប្រញាប់។
វិសោធនកម្មលើកទីពីរនៃច្បាប់ស្តីពីគណបក្សនយោបាយនេះ ស្នើឡើងដោយក្រុមតំណាងរាស្រ្តគណបក្សកាន់អំណាច ស្របទៅតាមការបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
វិសោធនកម្មច្បាប់នេះបានកំណត់ថា គ្រប់គណបក្សនយោបាយទាំងអស់នឹងត្រូវរំលាយចោល ប្រសិនបើមានទំនាក់ទំនងជាមួយបុគ្គលដែលជាប់ពាក់ព័ន្ធនឹងបទល្មើសមជ្ឈឹម ឬបទឧក្រិដ្ឋណាមួយ។
កាលពីសប្តាហ៍កន្លងទៅ មន្ត្រីសំខាន់ៗនៃគណបក្សសង្គ្រោះជាតិ បានធ្វើដំណើរទៅកាន់ទីក្រុងហុងកុង ដើម្បីជួបលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង ជាលើកចុងក្រោយ មុនពេលសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះចូលជាធរមាន។
ខណៈព្រឹទ្ធសភាកំពុងពិភាក្សា និងអនុម័តវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសស្តីពីគណបក្សនយោបាយនេះ ក្រុមសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយដោយប្រកាសពីមូលហេតុនៃការធ្វើពហិការ មិនចូលរួមជាមួយក្រុមសមាជិកគណបក្សកាន់អំណាច។ សេចក្តីប្រកាសនេះលើកឡើងថា វិសោធនកម្មនោះមានចរិតនយោបាយ និងបានគាបសង្កត់លើគណបក្សនយោបាយជាដៃគូ ក្នុងន័យកម្ចាត់ខ្មែរគ្នាឯង។ សេចក្តីថ្លែងការណ៍នោះបន្តថា សេចក្តីស្នើច្បាប់នេះមិនស្របតាមគោលការណ៍នីតិរដ្ឋ និងផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។
សេចក្តីថ្លែងការណ៍នោះបន្ថែមក្នុងន័យដើមថា៖
«ក្រុមសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី មិនគាំទ្រ និងទាមទារឲ្យបញ្ឈប់ការពិភាក្សា និងការអនុម័ត ពិនិត្យផ្តល់យោបល់សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីគណបក្សនយោបាយនេះ ដើម្បីធានាការពារផលប្រយោជន៍ជាតិ ការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ និងឯកភាពជាតិ»។
លោក ទាវ វណ្ណុល សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី បានប្រាប់ VOA អំពីមូលហេតុនៃការធ្វើពហិការមិនចូលរួម គឺដោយសារវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះធ្វើឡើងសំដៅតែលើគណបក្សនយោបាយ ឬបុគ្គលណាមួយ ដោយមិនបានផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋជាទូទៅ។ លោកបន្ថែមថា បើទោះជាវិសោធនកម្មច្បាប់នេះធ្វើឡើងផ្ទុយពីគោលការណ៍រដ្ឋធម្មនុញ្ញក៏ដោយ ក៏គណបក្សប្រឆាំងនឹងបង្ខំចិត្តអនុវត្តទៅតាមការសម្រេចនោះ នៅពេលដែលវិសោធនកម្មច្បាប់នេះចូលជាធរមាន។
លោក ទាវ វណ្ណុល សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី បញ្ជាក់ប្រាប់ VOA យ៉ាងដូច្នេះថា៖
«នៅពេលណាដែលច្បាប់នេះចូលជាធរមាន នេះខ្ញុំនិយាយក្នុងគណបក្សសម រង្ស៊ី ចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរឈ្មោះ ព្រោះឈ្មោះគណបក្សហ្នឹងវាទាក់ទងនឹងឯកឧត្តមសម រង្ស៊ី ដែលរាជរដ្ឋាភិបាលថា គាត់ជាទណ្ឌិត។ ហើយយើងដឹងហើយប្រជារាស្រ្តខ្មែររាប់លាននាក់ ដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ដឹងថា រឿងឯកឧត្តមសម រង្ស៊ី គឺជារឿងនយោបាយសុទ្ធសាធ»។
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយ និងសង្គម លើកឡើងថា វិសោធនកម្មច្បាប់នេះធ្វើឡើងក្នុងចេតនាសំដៅទៅលើគណបក្សប្រឆាំង បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរងការចោទប្រកាន់ និងកាត់ទោសឲ្យជាប់ពន្ធនាគារក្រោយលោក ហ៊ុន សែន ប្តឹងជាច្រើនករណីនោះ បានបង្ហោះសារវាយប្រហាររដ្ឋាភិបាលរបស់លោក ហ៊ុន សែន ជាបន្តបន្ទាប់ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ។
លោក កន សាវាង្ស មន្ត្រីផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល ដែលជាអង្គការឃ្លាំមើលដំណើរការប្រព្រឹត្តទៅរបស់សភា លើកឡើងថា ការស្នើច្បាប់ណាមួយដោយគ្មានការចូលរួមផ្តល់យោបល់ពីអ្នកពាក់ព័ន្ធនឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងបង្ហាញពីការប្រកួតប្រជែងមិនស្មើភាពរវាងគណបក្សនយោបាយ។
លោកបញ្ជាក់ថា៖
«បើសិនគណបក្សពីរ ប្រឆាំងគ្នាហ្នឹង មានកម្លាំងស្មើគ្នា មានសំឡេងនៃការគាំទ្រប្រហាក់ប្រហែលគ្នា ហើយទៅរំលាយ តើយើងធ្វើម៉េច? ធ្វើម៉េចដែលវាអាចឲ្យការបោះឆ្នោតមួយសេរីបាន? ធ្វើម៉េចប្រជាពលរដ្ឋចូលរួមដោយសេរីបាន? ចូលរួមដោយការជឿទុកចិត្តបាន? ត្រង់នេះហើយដែលយើងមើលឃើញថា ចំណុចទាំងហ្នឹង ការអនុវត្តលក្ខណៈបែបហ្នឹង វាហាក់ដូចជាវាអត់បានល្អ ហើយវាមានការប៉ះពាល់ដល់ការចូលរួមរបស់ប្រជាពលរដ្ឋផងដែរ»។
លោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅប្រទេសបារាំងដើម្បីគេចចេញពីការដាក់ទោសដោយតុលាការកម្ពុជាក្នុងសំណុំរឿងជាច្រើន នៅពេលដែលលោកស្ថិតក្នុងតំណែងជាប្រធានគណបក្សសង្គ្រោះជាតិ។ ខណៈកំពុងរស់នៅប្រទេសបារាំង លោក សម រង្ស៊ីតែងបង្ហោះសារជាសំណេរ ជារូបភាព និងជាវីដេអូ រិះគន់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ព្រមទាំងឃោសនាឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ។ ការណ៍នេះធ្វើមានការមិនពេញចិត្តពីសំណាក់លោក ហ៊ុន សែន និងអ្នកគាំទ្រមួយចំនួនរបស់គណបក្សកាន់អំណាច។
ការបង្កើតនិងការអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយទំាងពីរលើកយ៉ាងតក់ក្រហល់ដូចនេះ ត្រូវបានគេមើលឃើញថា ជាចេតនាផ្តាច់លោក សម រង្ស៊ី ចេញពីនយោបាយកម្ពុជា និងគណបក្សសង្គ្រោះជាតិ៕