ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ទាំងពីរ​នឹង​បើក​ឱ្យ​ពិភាក្សា​លើ​ច្បាប់​បោះឆ្នោត​និង​បង្កើត​គ.ជ.ប


ថ្នាក់​ដឹកនាំ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក​ឧបនាយរដ្ឋមន្ត្រី​ ស ខេង រដ្ឋមន្ត្រី​មហាផ្ទៃ និង ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ចូល​រួម​ប្រជុំ​នៅ​ក្នុង​មន្ទីរ​រដ្ឋសភា​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៥។ (ហេង រស្មី/VOA)
ថ្នាក់​ដឹកនាំ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក​ឧបនាយរដ្ឋមន្ត្រី​ ស ខេង រដ្ឋមន្ត្រី​មហាផ្ទៃ និង ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ចូល​រួម​ប្រជុំ​នៅ​ក្នុង​មន្ទីរ​រដ្ឋសភា​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៥។ (ហេង រស្មី/VOA)

ក្រោយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ចប់​ការ​ពិភាក្សា​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ច័ន្ទ​លើសេចក្តី​ព្រាង​ច្បាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រគណបក្ស​ទាំង​ពីរ​បាន​ប្រកាស​ថា​នឹង​រៀប​ចំសិក្ខាសាលា​ថ្នាក់​ជាតិ​មួយ​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​នេះ។​

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋសភា​បាន​ឱ្យ​ដឹងថា​ក្រោយ​ពី​បាន​ដោះ​ស្រាយ​បញ្ចប់​នូវ​ចំណុច​ដែល​នៅ​សេស​សល់​ពាក់​ព័ន្ធ​នឹង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀប​ចំ​ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​គជប​ និង​ សេចក្តី​ព្រៀង​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តីពីការ​បោះ​ឆ្នោត។​ ក្រុម​ការងារ​នៃ​គណបក្ស​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​ថា​ នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ​ នៅ​ថ្ងៃ​ទី​៩​ខែ​មិនា​នៅ​វិមាន​រដ្ឋសភា។​

សិក្ខា​សាលា​នេះ​ក៏​បាន​អញ្ជើញ​សាធារណជនដែល​មាន​បំណង​ចង់​ចូល​រួម​អាច​មក​ទាក់​ទង​ជាមួយ​អគ្គលេខា​ធិការ​ដ្ឋាន​នៃ​រដ្ឋសភា​ដើម្បី​ចុះ​ឈ្មោះ។​

លោក​ គល់ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត​មួយ​ដែល​មាន​ឈ្មោះ​ថា​ខុម ហ្វ្រែល​ បាន​បញ្ជាក់​ថា​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ដែល​មាន​អង្គការ​ចំនួន​២០​ជាសមាជិក​មិន​ទាន់​សម្រេច​ថា​នឹង​ចូល​រួមក្នុង​សិក្ខាសាលា​នៅឡើយទេ។​លោក​បាន​បញ្ជាក់​ថា​នៅ​ថ្ងៃ​ស្អែក​នេះ​យើង​នឹង​ពិភាក្សា​គ្នា​ដើម្បី​សម្រេច​ថា​តើ​គួរ​តែ​ចូល​រួម​ឬ ​មិន​ចូល​រួម។​

លោក​និយាយ​ថា៖​«យើង​នឹង​ជជែក​គ្នា​រក​ចំណុច​រួម​នៅ​ក្នុង​សមាជិក​នៃ​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត»។​

លោក​គល់ បញ្ញា​ បាន​បញ្ជាក់​ថា​បើ​ទោះបី​ជា​យ៉ាង​ណាក៏​ដោយ​ក៏​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ព្យាយាម​ផ្តល់​អនុសាសន៍​ដល់​គណបក្ស​ទាំង​ពីរ​ទាក់​ទឹន​នឹង​សេចក្តី​ព្រាង​ច្បាប់​ទាំង​ពីរ​ដែល​គណបក្ស​ទាំង​ពីរ​ទើប​តែ​បញ្ចប់​ការ​ពិភាក្សា​កាល​ពី​ពេល​ថ្មីៗ​នេះ។​

អនុសាសន៍​ដែល​អង្គការ​សង្គម​ស៊ីវិល​គ្រោង​នឹង​ស្នើ​ឡើង​ទាក់​ទឹន​នឹង​ច្បាប់​គជប​គឺ​ ពាក់​ព័ន្ធ​នឹង​មូលនិធិ​របស់​គជប​គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​មូលនិធិ​គជប​អាចទាក់​ទង​ប្រទេស​ម្ចាស់​ជំនួយ​ដើម្បី​ឱ្យ​មាន​គណនីយ​ពិសេស​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​បាន​ដោយ​មិន​ចាំ​បាច់​មូល​និធិ​នេះ​ចូល​តាម​គណនីយ​រតនា​គារ​ជាតិ​ទេ។​

ពេល​វេលា​នៃ​ការ​ឃោសនា​បោះ​ឆ្នោត​គឺ​ត្រូវ​ទុក​ដដែល​ពី​ព្រោះ​រយៈ​ពេល​៣០​ថ្ងៃ​សម​ល្មម​នឹង​គណបក្ស​ដែល​មិន​មាន​លទ្ធភាព​ធ្វើ​សកម្មភាព​របស់​ខ្លួន​អាចឃោសនា​បាន។ ចំណែក​ឯ​ប្បញ្ញត្តិ​ទាក់​ទឹន​នឹង​អង្គការ​សង្គម​ស៊ីវិល​គួរ​តែ​ឱ្យ​នៅ​ដដែល។​

លោក គល់ បញ្ញា ​មាន​ប្រសាសន៍​ថា​គណបក្ស​ទាំង​ពីរ​គួរ​តែ​ដក​ប្បញ្ញត្តិ​ណា​ទាក់​ទឹន​នឹង​អង្គការ​សង្គម​ស៊ីវិល​ដែល​និយាយ​ពីការ​ជេរ​ប្រមាថ​គួរ​តែ​ត្រូវ​បាន​ដក​ចេញ​ហើយ​ទាក់​ទឹន​នឹង​កង​កម្លាំង​ប្រដាប់​អាវុធ ​មន្ត្រី​នគរបាល​ និង​ មន្ត្រី​តុលាការ​ មិន​ត្រូវ​ធ្វើ​សកម្មភាព​គាំទ្រ​ ឃោស​នា​ប្រឆាំង​នឹង​គណបក្ស​ណាមួយ​បាន​ទេ​ពី​ព្រោះ​នេះ​ជា​ផ្នែក​មួយ​នៃ​ច្បាប់​គណបក្ស​ដែល​ត្រូវ​មាន​ប្បញ្ញត្តិ​មួយ​ដែល​ចែង​ឱ្យ​បាន​ច្បាស់​នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត។​

លោក​ ឈឹម ផលវរុណ​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សរសើរ​សេចក្តី​ព្រាង​ច្បាប់​ដែល​គណបក្ស​ទាំង​ពីរ​បានឯក​ភាព​គ្នា​រួច​ហើយ។ ​លោក​បាន​បញ្ជាក់​ថា​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជារាស្ត្រ​ដើម្បី​ចៀស​វាង​កុំ​ឱ្យ​ចោទ​ប្រកាន់​និង​ទម្លាក់​កំហុស​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។​

លោក​និយាយ​ថា៖​«គាំទ្រ​គឺ​ការធ្វើច្បាប់​បោះ​ឆ្នោត​ឬ​ក៏​ធ្វើកំណែ​ទម្រង់​ច្បាប់​បោះ​ឆ្នោត​គឺ​យើង​ធ្វើ​ដើម្បី​ឱ្យ​អ្នក​ពាក់​ព័ន្ធ​ជា​ពិសេស​អ្នក​ដែល​ទទួល​សិទ្ធិ​ពី​ប្រជាពលរដ្ឋ​បាន​ន័យ​ថា​គណបក្ស​ដែល​ជាប់​ឆ្នោត​ហ្នឹង​ឯង​គឺ​មាន​តែ​ពីរ​គណបក្ស​ហ្នឹង​ឯង​គឺ​គាត់​ធ្វើ​ហ្នឹង​វា​ឆ្លុះ​បញ្ចាំង​នឹង​ឆន្ទៈ​រាស្ត្រ​ហើយ»។​

លោក​បាន​បញ្ជាក់​ថា​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​មិន​មែន​ធ្វើ​ឱ្យ​អ្នក​ឈ្នះ​ទៅ​ជាអ្នកចាញ់​ ហើយ ​អ្នក​ចាញ់​ទៅ​ជា​អ្នកឈ្នះ​ឆ្នោត​បាន​ទេ។ ការ​ធ្វើ​វិសោធនកម្ម​នេះ​គឺ​ដើម្បី​បញ្ចប់​អ្វី​ដែល​ម្នាក់​ៗ​មាន​លេស​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅ​មក៕

XS
SM
MD
LG