ក្រុមអ្នកស្រាវជ្រាវនិយាយថា ជាងមួយភាគបីនៃឱសថទទួលបានការយល់ព្រមពីមន្ទីររដ្ឋបាលម្ហូបអាហារនិងឱសថស.រ.អា.រួចស្រេចហើយ ហើយកំពុងត្រូវបានប្រើសម្រាប់ព្យាបាលជំងឺមួយចំនួនដែលមិនទាក់ទិននឹងជំងឺ COVID ទេ ដោយមានរួមបញ្ចូលជំងឺទឹកនោមផ្អែម មហារីកនិងជំងឺលើសឈាមជាដើម។ ពួកគេថ្លែងថា ការសិក្សាអំពីឱសថទាំងនេះដែលគេដឹងហើយនោះ ប្រហែលជាវិធីលឿនជាងក្នុងការរកការព្យាបាលប្រឆាំងនឹងមេរោគកូរ៉ូណាជាជាងខិតខំព្យាយាមបង្កើតឱសថប្រឆាំងនឹងវីរុសថ្មីនេះដោយចាប់ផ្តើមពីដៃទទេ។
ការសិក្សាស្រាវជ្រាវនេះដែលមានសហអ្នកនិពន្ធជិត១០០នាក់នេះត្រូវបានផ្សព្វផ្សាយតាមគេហទំព័រមុនការបោះពុម្ពផ្សាយការសិក្សាខាងជីវវិទ្យាឈ្មោះbioRxiv។ ក្រុមអ្នកស្រាវជ្រាវនិយាយថា ពួកគេបានដាក់ស្នើការសិក្សាស្រាវជ្រាវរបស់ពួកគេឱ្យទស្សនាវដ្តីមួយដើម្បីបោះពុម្ពផ្សាយ។ ដើម្បីបង្កើតបញ្ជីឱសថមានសក្តានុពលទាំងនេះ ក្រុមអ្នកវិទ្យាសាស្ត្របានសិក្សាអំពីព័ន្ធុនៃមេរោគកូរ៉ូណាហើយពិនិត្យមើល ជាពិសេសថាតើមេរោគនេះឆ្លងបែបណាចូលកោសិកាមនុស្ស។ពួកគេរកឃើញថា វីរុសនេះភ្ជាប់ខ្លួនជាមួយប្រូតេអ៊ីន មនុស្សដើម្បីបង្កើនចំនួន ហើយពួកគេក៏បានរកឃើញប្រូតេអ៊ីន មនុស្ស៣៣២ប្រភេទដែលវីរុសនេះប្រើជាប៉ារ៉ាស៊ីត។
បន្ទាប់មកក្រុមអ្នកវិទ្យាសាស្ត្រទាំងនេះស្វែងរកឱសថនិងគ្រឿងផ្សំថ្នាំទាំងឡាយណាដែលភ្ជាប់ជាមួយប្រូតេអ៊ីនមនុស្សនេះដែរ។ មធ្យោបាយនេះគឺថា ប្រសិនបើឱសថទាំងនេះភ្ជាប់ជាមួយប្រូតេអ៊ីនមនុស្សនោះ នោះថ្នាំទាំងនេះអាចការពារកុំឱ្យមេរោគកូរ៉ូណាប្រើប្រូតេអ៊ីនជាប៉ារ៉ាស៊ីត ហើយបញ្ឈប់មិនឱ្យវីរុសចូលក្នុងកោសិកាមនុស្សហើយបង្កើនចំនួនរបស់វា។
ក្រុមអ្នកស្រាវជ្រាវទាំងនេះឲ្យដឹងថា ឱសថមានលទ្ធភាពផ្សេងៗគ្នាក្នុងការ
ទប់ទល់ការបង្កើនចំនួនមេរោគកូរ៉ូណាក្នុងកោសិកាមនុស្ស។ ឱសថទាំងនេះ
រួមមាន Metformin ដែលមនុស្សមានជំងឺទឹកនោមផ្អែមប្រភេទ ២ប្រើប្រាស់ និងថ្នាំ Haloperidol សម្រាប់អ្នកមានជំងឺ Schizophrenia និងថ្នាំ Chloroquine ដែលជាឱសថសម្រាប់ព្យាបាលជំងឺគ្រុនចាញ់ដែលមានការចាប់អារម្មណ៍ខ្លាំងសម្រាប់ប្រឆាំងមេរោគកូរ៉ូណា។
កាលពីសប្តាហ៍ទីបីនៃខែមីនា ប្រធានាធិបតីស.រ.អា. លោក Donald Trump បានហៅថ្នាំ Chloroquine ថា ជាថ្នាំ «ដែលមានប្រសិទ្ធភាព» ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺ COVID-19។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Anthony Fauci នាយកនៃវិទ្យាស្ថានស.រ.អា.ខាងប្រតិកម្មថ្នាំ Allergy និងជំងឺឆ្លង បាននិយាយដោយប្រុងប្រយ័ត្នថា ភ័ស្តុតាងដែលថាថ្នាំ Chloroquine អាចជួយព្យាបាលប្រឆាំងនឹងមេរោគកូរ៉ូណាទើបតែឋិតក្នុងតំណាក់កាល«សន្និដ្ឋាន» ហើយលោកក៏បានមានប្រសាសន៍ដែរថា គេត្រូវមានការសាកល្បងខាងគ្លីនិក ដើម្បីឱ្យដឹងអំពីប្រសិទ្ធភាពរបស់ឱសថនេះ។ រដ្ឋញូវយ៉ក ដែលមានអ្នកជំងឺនេះច្រើន បាននិយាយថា រដ្ឋនេះធ្វើការសាកល្បងប្រើឱសថនេះនៅថ្ងៃអង្គារទី២៤ ខែមីនា។
តាមពិតគឺគេដឹងរួចហើយពីផលប៉ះពាល់ដោយសារថ្នាំនេះក្នុងការព្យាបាលជំងឺគ្រុនចាញ់ហើយវាជាហេតុផលមួយក្នុងបណ្តាហេតុផលទាមទារឲ្យពិចារណាការប្រើថ្នាំនេះសម្រាប់ព្យាបាលជំងឺ COVID -19។
កាលពីអាទិត្យទី៣ខែមីនាលោក Trump បាននិយាយអំពីថ្នាំ Chloroquine ថា៖ «ជារឿងល្អ ថ្នាំនេះបានត្រូវប្រើយូរមកហើយ ដូច្នេះយើងដឹងថាបើមានវាមិនដំណើរការដូចគ្រោងទុក ផលប៉ះពាល់ពីថ្នាំនេះមិននាំឱ្យនរណាម្នាក់ស្លាប់ទេ ព្រោះយើងដឹងអំពីថ្នាំនេះហើយ»។
ឱសថឯទៀតៗដែលមន្ទីររដ្ឋបាលម្ហូបអាហារនិងឱសថស.រ.អា. បានយល់ព្រមឱ្យប្រើនៅក្នុងបញ្ជីនៃថ្នាំដែលមានសក្តានុពលក្នុងការព្យាបាលជំងឺនេះដែលឋិតនៅក្នុងការសិក្សាថ្មីៗបំផុតនេះ រួមមានប្រភេទថ្នាំអង់ទីប៊ីយ៉ូទិច ថ្នាំ anticoagulants កុំឱ្យឈាមកក ឱសថចាក់ការពារសរីរាង្គ និងថ្នាំព្យាបាលការរលាក។
នៅពេលនេះមិនទាន់មានការបញ្ជាក់អំពីថ្នាំព្យាបាលឬវ៉ាក់សាំងប្រឆាំងនឹងមេរោគកូរ៉ូណាទេ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ក្រុមអ្នកវិទ្យាសាស្ត្រនៅទូទាំងពិភពលោកបានចាប់ផ្តើមធ្វើការស្រាវជ្រាវដើម្បីអភិវឌ្ឍប្រភេទថ្នាំទាំងពីរនេះ។ ក្រុមអ្នកស្រាវជ្រាវបានចាប់ផ្តើមធ្វើសាកល្បងឱសថមួយចំនួនដែលត្រូវប្រើសម្រាប់ព្យាបាលជំងឺផ្សេងៗដោយសង្ឃឹមថា ថ្នាំទាំងនេះអាចជួយប្រយុទ្ធប្រឆាំងនឹងមេរោគCOVID-19 ដោយរួមមានថ្នាំដែលត្រូវបានផលិតសម្រាប់ព្យាបាលជំងឺ Ebola សម្រាប់កម្ចាត់មេរោគ HIV និងសម្រាប់ព្យាបាលជំងឺគ្រុនចាញ់។
ក្រុមមន្ត្រីស.រ.អា.បានស្ទង់ប្រមាណថា គេត្រូវចំណាយពេលពី១២ទៅ១៨ខែទើបមានថ្នាំវ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណាសម្រាប់ប្រជាពលរដ្ឋទូទៅ។ នៅពេលជាមួយគ្នានេះ ក្រុមអ្នកស្រាវជ្រាវកំពុងខិតខំព្យាយាមអភិវឌ្ឍការព្យាបាលដែលអាចបន្ធូរបន្ថយភាពធ្ងន់ធ្ងរនៃរោគសញ្ញាឬកាត់បន្ថយការរាលដាលនៃជំងឺនេះ៕
ប្រែសម្រួលដោយពិន ស៊ីសុវណ្ណ