ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមអ្នកជំនាញ៖ ជំងឺ​កូវីដ១៩ អាច​«គ្រប់គ្រងបាន» នៅ​អូស្ត្រាលី


រូបឯកសារ៖ អ្នកថ្មើរជើងម្នាក់ ដើរ​នៅក្បែរហាងលក់ទំនិញ​ក្នុងទីក្រុង Melbourne កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកថ្មើរជើងម្នាក់ ដើរ​នៅក្បែរហាងលក់ទំនិញ​ក្នុងទីក្រុង Melbourne កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។

ជីវិតរស់នៅ​ក្នុង​តំបន់​ជាច្រើន​ក្នុង​ប្រទេស​អូស្ត្រាលី​ ចាប់ផ្តើម​ស្រដៀង​ទៅនឹង​ស្ថានភាព​មុន​ពេល​កើត​មាន​ជំងឺ​កូវីដ១៩​ វិញហើយ។

កាល​ពី​ថ្ងៃ​ទី២៣ តុលា ការ​រឹតត្បិត​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩ ​ត្រូវ​បាន​បន្ធូរបន្ថយ​នៅ​រដ្ឋ New South Wales។ កន្លែង​ទីសក្ការៈ​បូជា ​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​ចូល​រហូត​ដល់ ៣០០​នាក់ ខណៈកន្លែង​ហាត់ប្រាណ ​ក៏​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​ចូល​ច្រើន​ជាង​មុន​ផងដែរ។ អ្នក​គាំទ្រ​ចំនួន​ជិត​៤​ម៉ឺន​នាក់​ បានចូលរួម​ទស្សនាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កីឡាបាល់ឱប​ (National Rugby League) នៅ​ក្រុង​ស៊ីដនី កាលពី​ថ្ងៃ​ទី​២៥ ខែ​តុលា។

នា​ពេល​បច្ចុប្បន្ន នៅ​ទូទាំង​ប្រទេស​អូស្ត្រាលី​ ដែល​មាន​ប្រជាជន​សរុប​ ២៥លាន​នាក់ មាន​ក្តីសង្ឃឹម​បែប​ប្រយ័ត្នប្រយែង​មួយ​ដែល​ថា យ៉ាងហោចណាស់​សម្រាប់​ពេល​នេះ​វីរុស​កូរ៉ូណា​ ​អាចត្រូវ​គ្រប់គ្រង​បាន។ គិតត្រឹមចុងខែតុលា នៅ​អូស្ត្រាលី​ មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ ជាង​២​៧.៥០០ និង​ករណី​ស្លាប់​ប្រមាណ ៩០០​នាក់​ ត្រូវ​បាន​កត់ត្រា​ទុក ចាប់តាំង​ពី​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ត្រូវ​បាន​កំណត់ឃើញ​លើកដំបូងកាល​ពី​ចុង​ខែ​មករា។ ហើយ​គេ​បាន​ធ្វើ​តេស្តទៅ​លើ​មនុស្ស​ចំនួនជាង​ ៨,៥​ លាន​នាក់​។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាលអូស្ត្រាលីលោក Greg Hunt និយាយ​ថា ការ​បិទ​ព្រំដែន​របស់អូស្ត្រាលី ​មិនឲ្យអ្នក​ដំណើរ​ពី​ក្រៅ​ប្រទេស​ចូល កាល​ពី​ខែ​មីនា​ ក៏​បាន​ដើរតួ​យ៉ាង​សំខាន់​ផងដែរ​ នៅ​ក្នុង​ការ​គ្រប់គ្រង​ការ​ឆ្លង​ជំងឺ​កូវីដ១៩។

លោក Hunt បាន​ថ្លែង​ថា៖ «អ្វី​ដែល​យើង​បាន​ឃើញ​ គឹ​ថា នៅ​ទូទាំងប្រទេស​ យើងធ្វើបានយ៉ាង​ល្អ​អស្ចារ្យ ហើយ​វិធានការ​ការពារ​ចម្បងចំនួន​បួន​រួម​មាន​ ការ​ការពារ​តាម​ព្រំដែន​អន្តរជាតិ​របស់​យើង​ ការ​ធ្វើ​តេស្ត ដែល​មាន​លក្ខណៈ​ល្អ​ដូចៗ​គ្នា​នៅ​តាម​រដ្ឋ និង​តំបន់​ផ្សេងៗ​ ការ​តាមដាន​កំណត់​ ដែល​ទទួល​បាន​លទ្ធផល​យ៉ាង​ល្អ​ប្រពៃ​ ដោយ​រដ្ឋ New South Wales ឈាន​ដល់ទទួល​បាន​បទដ្ឋាន​កម្រិត​ខ្ពស់។ រដ្ឋ Victoria ធ្លាប់​មាន​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ ប៉ុន្តែ​ស្ថានភាព​ កំពុង​តែ​មាន​ភាព​ប្រសើរ​ជាង​មុន ហើយ​ខ្ញុំ​គិត​ថា នេះ​គឺ​ជា សារ​ដ៏​សំខាន់​មួយ និង​ចុងក្រោយ​គឺ ​ការ​រក្សា​គម្លាត​ពី​គ្នា»។

ការ​ធ្វើ​ដំណើរជា​អន្តរជាតិ​ចេញ​និង​ចូល​ប្រទេស​អូស្ត្រាលី ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​នៅ​តែ​ត្រូវ​បាន​រឹតត្បិត​រហូត​ដល់​ឆ្នាំ​ក្រោយ សូម្បី​តែ​ការ​ធ្វើ​ដំណើរ​ដែល​ចាត់​ទុកថា​ ស្ថិត​ក្នុង​លក្ខខណ្ឌ​សុវត្ថិភាព​ បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ណូវែលសេឡង់​ធ្វើដំណើរ​តាម​ជើងយន្តហោះ​ទៅកាន់​រដ្ឋ New South Wales និង​តំបន់​ភាគ​ខាង​ជើង​ប្រទេស​អូស្ត្រាលី​នោះ​ក៏ដោយ។ ​

​ពលរដ្ឋ​អូស្ត្រាលី​មួយ​ចំនួន​ កំពុង​តាម​ដាន​ស្ថានការណ៍ដោយ​សឹង​តែ​មិន​ជឿ និង​ព្រួយបារម្ភ​ពី​សាច់​ញាតិ និង​មិត្តភក្តិ​ ខណៈ​ដែល​ករណី​ឆ្លង​វីរុសកូរ៉ូណា​ បាន​កើនឡើង​សាជាថ្មី​នៅ​តំបន់​ដទៃ​ទៀត​នៅ​លើ​ពិភពលោក។ ​

អ្នកស្រី Raina McIntyre សាស្ត្រាចារ្យ​ផ្នែក​សន្តិសុខ​ជីវៈ​នៅ​វិទ្យាស្ថាន Kirby នៃ​សាកលវិទ្យាល័យ​ New South Wales និយាយ​ថា ស្ថានភាពពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩ នៅ​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​ គឺ​គួរ​ឲ្យ​ខ្លាច។

អ្នកស្រី McIntyre ថ្លែងថា៖ «វា​ពិតជា​រឿង​គួរ​ឲ្យ​រន្ធត់​ណាស់។ នៅ​ពេល​ដែល​យើង​គិត​ពី​ការ​រាតត្បាត​ជំងឺ​ជា​សាកល យើង​មិន​បាន​គិតថា ប្រទេស​សម្បូរ​ទៅ​ដោយ​ធនធាន និង​មាន​ចំណូល​ខ្ពស់ អាច​ចុះដុនដាប​ដូចនេះ​ នោះ​ទេ។ ប៉ុន្តែ​នេះ​ជា​រឿង​ពិត​ដែលពួកយើង​បាន​ឃើញ»។ ​

​វិធានការ​បិទសកម្មភាព​សេដ្ឋកិច្ចនៅទី​ក្រុង​ Melbourne ដែល​ជា​វិធានការ​ដ៏​តឹងរ៉ឹង​ជាង​គេ​បង្អស់​មួយ​នៅ​លើ​ពិភពលោក អាច​ត្រូវបន្ធូរបន្ថយ​ក្នុង​ពេល​ឆាប់ៗ​នេះ ខណៈ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ត្រូវ​បាន​រាយការណ៍​ថា ​បាន​បន្ត​ធ្លាក់​ចុះ។ រដ្ឋ Victoria ធ្លាប់​ជា​កន្លែង​ប្រកាសអាសន្ន​ជំងឺ​កូវីដ១៩ ធំ​ជាង​គេ​មួយ​នៅ​ប្រទេស​អូស្ត្រាលី ប៉ុន្តែអាជ្ញាធរ​បានសង្ឃឹម​ថា បទ​បញ្ជា​តឹងរ៉ឹង​ឲ្យ​ស្នាក់នៅ​ផ្ទះ និង​វិធានការ​ដទៃ​ទៀត ដែល​ត្រូវ​បាន​អនុវត្តអស់រយៈពេល​ជាង ១០០ថ្ងៃ នឹង​មាន​ប្រសិទ្ធភាព។ ​

យ៉ាងណាក្តី ករណី​ឆ្លងជំងឺ​កូវីដ១៩ ​ថ្មី​មួយ​ចំនួន នៅ​តែ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល។ មន្ត្រី​សុខាភិបាល​ បាន​ផ្ញើសារ​តាម​ទូរស័ព្ទទៅ​កាន់មនុស្ស​ប្រហែល ១សែន​ ៤​ម៉ឺននាក់​ ដែល​រស់​នៅ​តំបន់​ជាយ​ទីក្រុង Melbourne​ ដោយ​ជំរុញ​ឲ្យ​ពួកគេទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ បន្ទាប់​ពី​សិស្ស​ម្នាក់ ​បានទៅរៀន ទាំង​កើត​ជំងឺ​កូវីដ១៩។

មន្ត្រី​អូស្ត្រាលីយល់​ស្រប​ថា ទោះ​បី​ជា​វីរុស​កូរ៉ូណា​ អាចគ្រប់គ្រងបាន​មួយ​ភាគ​ធំ​ក៏ដោយ​ ជោគជ័យ​ពិតប្រាកដ​គឺ ​លុះត្រា​តែ​វ៉ាក់សាំង​ប្រកប​ដោយ​សុវត្ថិភាព​ និង​ទុក​ចិត្ត​បាន ​មាន​សម្រាប់​គ្រប់គ្នា៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្ត្របញ្ញា

XS
SM
MD
LG