ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំងឺ​កូវីដ១៩ មិន​បាន​បង្អាក់​ដល់​ការ​ជួញដូរ​គ្រឿង​ញៀន​ដែល​កំពុង​រីកចម្រើន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នោះ​ទេ​


រូបឯកសារ៖ ការដុតគ្រឿងញៀនខុសច្បាប់ចោលអំឡុងពេលទិវាប្រឆាំងការជួញដូរគ្រឿងញៀន នៅជាយក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ ការដុតគ្រឿងញៀនខុសច្បាប់ចោលអំឡុងពេលទិវាប្រឆាំងការជួញដូរគ្រឿងញៀន នៅជាយក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។

​ការ​បង្រ្កាប​គ្រឿងញៀន​ក្នុង​ទ្រង់ទ្រាយ​ធំ​ដែល​មាន​ជា​ហូរហែ និង​ថ្នាំ​ញៀន​ប្រភេទ​មេតាហ្វេតាមីន​មាន​តម្លៃ​ថោក​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នៅ​ក្នុង​ឆ្នាំ​នេះ​បង្ហាញ​ថា ជំងឺ​កូវីដ១៩ មិន​បាន​បង្អាក់​លំហូរ​គ្រឿងញៀន​នៅ​តំបន់​នេះ​នោះ​ទេ​ ទោះ​បី​ជា​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ នេះ​ បាន​នាំ​ឲ្យ​មាន​ការបិទ​ព្រំដែន​ក៏​ដោយ។

ក្រុម​អ្នក​ជំនាញ​និយាយ​ថា​ លើស​ពី​ទៀត ជំងឺ​កូវីដ១៩ ​បាន​បញ្ជាក់​ពី​ភាព​បត់បែន​យ៉ាង​ឆាប់រហ័ស​នៃ​ក្រុម​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន ដែល​គ្រប់គ្រងលើ​ការ​ជួញដូរ​ថ្នាំ​ញៀន​មេតាហ្វេតាមីន​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា។

​លោក Jeremy Douglas ប្រធាន​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ផ្នែក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​តំបន់​ប៉ាស៊ីហ្វិក (UNODC) បាន​ប្រាប់ VOA ថា៖ «យើង​គិត​ថា ការ​ជួញដូរ​គ្រឿងញៀន​គឺ​មាន​ជា​ធម្មតា​នៅ​ឆ្នាំ ២០២០ ដែល​នេះ​អាច​និយាយ​បាន​ថា ការ​ផ្គត់ផ្គង់​គ្រឿងញៀន​នៅ​តែ​កើនឡើង​ ដូចជា​កាល​ពី​ពីរ​បី​ឆ្នាំ​មុន​នេះ​ដែរ»។

លោក Douglas ​បាន​ថ្លែង​ប្រាប់​ VOA តាម​ទូរសព្ទ​ពី​ទីក្រុង​បាងកក​ថា៖ «ប្រសិន​បើ​ទិន្នន័យ​ពីប្រទេស​មីយ៉ាន់ម៉ា ថៃ វៀតណាម និង​កម្ពុជា​អាច​ចាត់​ទុកជា​សូចនាករ​បាន​ ហើយ​យើង​គិត​ថា ទិន្នន័យ​ទាំងនោះ​អាច​ប្រើ​ជា​សូចនាការ​បាន​ នោះការ​ផ្គត់ផ្គង់​គ្រឿងញៀន​នៅ​តំបន់​មេគង្គ​គឺ​យ៉ាង​ហោច​ណាស់​មាន​ស្មើ​ ឬ​អាច​ខ្ពស់​ជាង​ការ​ផ្គត់ផ្គង់​កាល​ពី​ឆ្នាំ​មុន​នៅ​ក្នុង​បណ្តា​ប្រទេស​ទាំង​នោះ»។​

តម្លៃ​ថោក

​តម្លៃ​ថ្នាំ​ញៀន​មេតាហ្វេតាមីន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​កាលពី​ឆ្នាំ​មុន​គឺ​ជា​តម្លៃ​ទាប​បំផុត​រួច​ទៅ​ហើយ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​មក​នេះ ទោះ​បីជា​គុណភាពនៃ​ថ្នាំ​ញៀន​ប្រភេទ​នេះកាន់​តែ​ល្អ​ជាង​មុន​ក៏​ដោយ។

ទិន្នន័យដែល​ប្រមូលដោយ​ការិយាល័យ UNODC អំឡុងពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​បង្ហាញ​ថា ​តម្លៃ​ថ្នាំ​ញៀន​មេតាហ្វេតាមីន​ក្នុង​ទម្រង់​ជា​ម្សៅ​គ្រីស្តាល់ ឬទម្រង់​ជា​ទឹកកក ដែល​លក់​ដូរ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​វៀតណាម មាន​តម្លៃ​ស្មើ​នឹង​កាល​ពី​ឆ្នាំ ២០១៩ ដែរ។ នៅ​ប្រទេស​កម្ពុជា តម្លៃ​ថ្នាំ​ «យ៉ាបា» ដែល​ជា​ប្រភេទ​ថ្នាំ​ញៀន​បាន​ពី​ការ​លាយបញ្ចូល​គ្នា​រវាង​ថ្នាំ​មេតាហ្វេតាមីន​ និង​សារធាតុ​កាហ្វេអ៊ីន បាន​ធ្លាក់​ចុះ​ប្រហែល​ពាក់កណ្តាល​ មក​ត្រឹម​តិច​ជាង​មួយ​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​គ្រាប់។ ការិយាល័យ UNODC និយាយ​ថា ប្រទេស​ថៃ​ក៏​បាន​រាយការណ៍​ពី​ការ​ធ្លាក់ចុះ​ដូចគ្នា​នៃ​តម្លៃ​ថ្នាំ​មេតាហ្វេតាមីន​ប្រភេទ​ទឹកកក និង​ថ្នាំ​យ៉ាបា​នៅ​ចុង​ឆ្នាំ ២០១៩ និង​នៅ​ដើម​ឆ្នាំ ២០២០ ដែរ បើ​ប្រៀប​ជាមួយ​នឹង​រយៈពេល​ដូចគ្នា​នេះ​កាល​ពី​ឆ្នាំ​២០១៨។

នា​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ នៅ​តំបន់​ត្រីកោណ​មាស ដែល​ជា​តំបន់​ជួញដូរ​គ្រឿងញៀន​ប្រភេទ​ហេរ៉ូអ៊ីនជា​យូរយារ​មក​ហើយ និង​ដែល​ស្ថិត​នៅ​តំបន់ដាច់ស្រាល និង​គ្មាន​ច្បាប់​គ្រប់គ្រង​ត្រឹមត្រូវ​រវាង​ប្រទេស​ឡាវ មីយាន់ម៉ា និង​ថៃ គេ​ឃើញ​ក្រុម​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែនបាន​កែប្រែ​តំបន់​នេះ​ទៅ​ជា​កន្លែង​ផលិត​ថ្នាំ​ញៀន​មេតាហ្វេមីន​ក្នុង​ស្តង់ដារ​ខ្ពស់​មួយ​នៅ​លើ​ពិភពលោក។ នេះ​បើ​យោង​ទៅ​តាម​ការិយាល័យ UNODC។ ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​មួយ​នេះ ដែល​ត្រូវ​បាន​ការពារដោយ​ក្រុម​សកម្មប្រយុទ្ធ​គាំទ្រ​ដោយ​រដ្ឋាភិបាល និង​កងកម្លាំង​កុលសម្ព័ន្ធ​ឧទ្ទាម​នៅ​រដ្ឋ Shan ភាគ​ខាង​កើត​ប្រទេស​មីយ៉ាន់ម៉ា បាន​ឲ្យ​ដឹង​ថា ថ្នាំ​ញៀន​ពី​ក្រុម​ជួញដូរ​គ្រឿងញៀន​បាន​ឆ្លងកាត់​ពាសពេញ​តំបន់​អាស៊ីអាគ្នេយ៍ និង​ចូល​មក​ក្នុង​ទីផ្សារ​ដែល​ផ្តល់​ការ​ចំណេញ​ច្រើន​ដូចជា នៅ​ប្រទេស​អូស្ត្រាលី និង​ជប៉ុន​ជា​ដើម។ ការិយាល័យ UNODC បាន​វាយតម្លៃ​ទីផ្សារ​ថ្នាំញៀន​មេតាហ្វេតាមីន​នៅ​តំបន់​អាស៊ី​បូព៌ា និង​តំបន់​អាស៊ីអាគ្នេយ៍​ថា មានតម្លៃ​ប្រមាណ ៦១,៤ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ​

ចាប់​តាំង​ពី​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ មក ការ​រឹបអូស​គ្រឿងញៀននៅ​តែ​បន្ដ​ធ្វើ​ឡើង​ដូច​កាល​ពី​ឆ្នាំ​២០១៩ ដែរ ឬ​ស្ទើរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ខ្លាំងជាង​ទៅ​ទៀត។

​កាល​ពី​ដើម​ខែ​កក្កដា អាជ្ញាធរ​ថៃ​បាន​និយាយ​ថា ពួកគេ​រឹបអូស​បាន​ថ្នាំញៀន​មេតាហ្វេតាមីន​ប្រភេទ​ជា​ម្សៅ​គ្រីស្តាល់​ ដែល​កំពុង​ត្រូវ​បាន​ជួញដូរទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ចំនួន ១,៤២ តោន។ កាល​ពី​ខែ​ឧសភា អាជ្ញាធរមីយ៉ាន់ម៉ា​បាន​ប្រកាសពី​ការ​បង្រ្កាប​គ្រឿងញៀន​ដ៏​ធំ​បំផុត​មួយ​នៅ​តំបន់​អាស៊ី​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​មក​នេះ ដោយ​រឹប​អូស​បាន​ថ្នាំ​ញៀន​មេតាហ្វេតាមីន​ចំនួន​ ២០០ ​លាន​គ្រាប់​ និង​ថ្នាំ​ញៀន​មេតាហ្វេតាមីន​ប្រភេទ​ទឹកកក​ចំនួន ៥០០​ គីឡូក្រាម។ អាជ្ញាធរ​ក៏​រឹបអូស​បាន​សារធាតុ​គីមីខុស​ច្បាប់​ដើម្បី​ផលិត​គ្រឿងញៀនក្នុង​សណ្ឋាន​រឹងចំនួន ៣៥​ តោន និង​សណ្ឋាន​រាវ​ចំនួន​ ១៦៣.០០០ លីត្រ និងចាប់បាន​ជន​សង្ស័យ​ចំនួន ៣៣​ នាក់​ផង​ដែរ។

​ជា​ទូទៅ ការ​រឹបអូស​កាន់​តែ​ច្រើន​អាច​នាំ​ឲ្យ​មាន​ការ​ផលិត​ច្រើន​ជាង​មុន ឬ​បង្ហាញ​ថា មាន​ការ​អនុវត្ត​ច្បាប់​ប្រសើរ​ជាង​មុន។ លោក Richard Horsey ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​អង្គការ​មិន​ស្វែង​រក​ប្រាក់​កម្រៃ International Crisis Group ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​មីយ៉ាន់ម៉ា បាន​និយាយ​ថា ​តម្លៃ​គ្រឿងញៀន​នៅ​រក្សា​បាន​ទាប​បញ្ជាក់ពី​ការ​ផលិត​បាន​ច្រើន​ជាង​មុន។

លោក​បាន​បន្តថា ដោយសារ​តែ​តម្លៃ​គ្រឿងញៀន​នៅ​ថេរ​ វាជា​សញ្ញា​បង្ហាញ​យ៉ាង​ច្បាស់ថា ការ​រឹបអូស​កាន់​តែ​ធំ​នាំ​ឲ្យ​មាន​ការ​ផលិត​ឡើងវិញ​កាន់​តែ​ខ្លាំង ហើយ​ប៉ូលិស​គ្រាន់​តែ​អាច​រឹបអូសបាន​គ្រឿងញៀន​ដែលត្រូវ​បាន​ផលិតឡើងកាន់​តែ​ច្រើន​នោះ​តែ​ប៉ុណ្ណោះ»។

លោក Horsey បាន​ប្រាប់​ VOA តាម​ទូរសព្ទ​ពី​ទីក្រុង​យ៉ាងហ្គន ប្រទេស​មីយ៉ាន់ម៉ា ​ថា៖ «ដូច្នេះ ខ្ញុំ​គិត​ថា ក្រុម​ឧក្រិដ្ឋជន​ឆ្លង​ដែន ដែល​ជា​មេខ្លោង​បណ្តាញ​ជួញដូរគ្រឿងញៀន​នៅ​រដ្ឋ Shan បាន​បង្ហាញថា ពួកគេ​ពិតជា​អាច​ទប់ទល់​នឹង​បញ្ហា​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ១៩ ​បាន»។

​ផែនការ​បន្ដបន្ទាប់

លោក Horsey បាន​ប្រដូច​ក្រុម​ជួញដូរ​គ្រឿងញៀន​នោះ​ទៅ​នឹង​អាជីវកម្ម​មួយ​ចំនួន​តូច​ដែល​នៅ​តែ​ជោគជ័យ​អំឡុងពេល​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ដូចជា ក្រុមហ៊ុន​លក់​រាយ​ផលិតផល​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​គឺ​ ក្រុមហ៊ុន Amazon​ ដែល​បាន​ប្រើប្រាស់​ទំហំ​ដ៏​ធំ ភាព​វៃឆ្លាត និង​លុយ​ដ៏​ច្រើន​ ដើម្បី​សម្រប​យ៉ាងឆាប់រហ័ស​ទៅ​តាម​ស្ថានភាព​ទីផ្សារ​ដែល​ប្រែប្រួល។

​លោក​បាន​និយាយ​ថា៖ «ពួកគេ​មាន​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ចាក់ស្រេះ។ នេះ​មាន​ន័យ​ថា ទោះ​បី​ជា​មាន​ការ​បិទ​ព្រំដែន​អ្វី​ក៏​ដោយ ក៏​ពួកគេ​នៅ​តែ​អាច​រក​វិធី​ផ្សេង​ដើម្បី​ជម្នះ​ឧបសគ្គ​នេះ​បាន។ ពួកគេ​មានផែនការ​បន្ដ​បន្ទាប់​រហូត»។

«​ដូច្នេះ​ ពួកគេ​មាន​ផ្លូវ​ដឹកជញ្ជូន​ផ្សេងៗ​ទៀត​ ដែល​ពួកគេ​តែងតែធ្វើ​ការ​ដឹក​សាកល្បង​ និង​កែច្នៃ​ជាប់រហូត​ ក៏ដូចជា​ រក្សា​នូវ​ជម្រើស​ដទៃទៀត​ទុក​ ដើម្បី​ធានា​ថា ប្រសិន​បើ​ផ្លូវ​ដឹកជញ្ជូនចម្បង​របស់​ពួកគេ​ជួប​បញ្ហា​ ពួកគេ​នៅ​មាន​ជម្រើស​ជា​ច្រើន​ទៀត។ ហើយ​ផែនការ​ទាំង​អស់​នេះ​បាន​ដំណើរការ​ដោយ​រលូន​អំឡុង​ពេលមាន​វិបត្តិ​ជំងឺ​កូវីដ១៩»។

​មធ្យោបាយ​ដ៏​ច្នៃប្រឌិត​របស់​ក្រុម​ជួញដូរ​គ្រឿងញៀនក្នុង​ការ​ដឹកជញ្ជូន​គ្រឿន​ញៀន​ហាក់​ដូចជា​មាន​អំណោយផល។

លោក Horsey បាន​និយាយ​ថា ចាប់​តាំង​ពី​មាន​ការ​បង្រ្កាប​ក្នុង​ទ្រង់ទ្រាយធំ​ជា​បន្តបន្ទាប់​នា​ឆ្នាំ​នេះ ក្រុម​ជួញដូរ​គ្រឿងញៀន​បាន​ចាប់ផ្តើម​ប្ដូរ​ការ​ដឹកជញ្ជូន​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​តាមរយៈ​តំបន់​ភាគខាង​ជើង​រដ្ឋ Shan ទៅតំបន់​ភាគ​ខាង​កើត និង​ភាគ​ខាងត្បូងវិញ។ លោក​បាន​បន្ត​ថា ក៏​មាន​សញ្ញា​កាល​ពី​ដើម​ទី​ផង​ដែរ​ ដែល​ថា ពួកគេ​បាន​ចាប់ផ្តើម​ធ្វើ​ការ​នាំ​ចេញ​ថ្នាំ​ញៀន​មេតាហ្វេតាមីន​ប្រភេទទឹកកក​ពី​ប្រទេស​មីយ៉ាន់ម៉ា​តាម​រដ្ឋ​ Rakhine នៅភាគ​ខាង​លិច​ប្រទេស ដោយ​ប្រើប្រាស់តំបន់​ឆ្នេរ​ដើម្បី​ទៅ​អាច​ដល់​តំបន់​ឆ្នេរ​ Bay of Bengal បាន​។

ការិយាល័យ UNODC និយាយ​ថា ការ​រឹបអូស​គ្រឿងញៀន​ទៅ​កាន់​ប្រទេស​មីយ៉ាន់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ក៏​បាន​បង្ហាញ​ថា ក្រុម​ជួញដូរ​គ្រឿងញៀន​ក៏​បាន​ផ្លាស់ប្តូរ​គ្រឿងផ្សំ​ថ្នាំ​ញៀន​មេតាហ្វេតាមីន​ផង​ដែរ​ តាមរយៈ​ការ​ជំនួស ឬ​បន្ថែម​សារធាតុ Ephedrine ជាមួយ​នឹង​ល្បាយ​សារធាតុ​គីមី​ដទៃ​ទៀត​ រួម​មាន​ សូដ្យូម និង​ Benzyl Cyanide ដែល​នេះ​ឆ្លុះបញ្ចាំង​បន្ថែមទៀត​ពី​ភាព​បត់បែន​របស់​ពួកគេ។ ​

​សារធាតុ​គីមី​ភាគច្រើន​គឺ​មកពី​ប្រទេស​ចិន​ ដែល​នៅ​ជាប់​នោះ។​

ក្រុម​អ្នក​ជំនាញ​និយាយ​ថា​ នៅ​ខាង​ព្រំដែន​ប្រទេស​មីយ៉ាន់ម៉ាឯ​ណោះ​វិញ ក្រុម​ជីវពល​ និង​មេ​ក្រុម​ប្រដាប់​អាវុធ​នៅ​តំបន់​ស្វយ័ត​បាន​ជួយ​សម្រួល​ទៅ​ដល់​ការ​ជួញដូរ​នោះ។

លោក Tom Kramer អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ Transnational Institute​ មាន​មូលដ្ឋាន​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដែល​សិក្សា​ពី​ការ​ជួញដូរ​គ្រឿង​ញៀន និង​ជម្លោះ​កុលសម្ព័ន្ធ​នៅ​មីយ៉ាន់ម៉ា បាន​និយាយ​ថា ការ​ជួយពី​សំណាក់​ក្រុម​ជីវពល និង​មេក្រុម​ប្រដាប់​នេះ​ក៏​បាន​ជួយឲ្យ​ក្រុម​ជួញដូរ​គ្រឿងញៀន​គេចផុត​ពី​ការ​រឹតបន្តឹង​តាម​ព្រំដែន​ ដែល​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ផង​ដែរ។

លោក​បាន​និយាយ​ថា៖ «ផ្លូវ​ដឹក​ជញ្ជូន​គ្រឿងញៀន​ខុស​ច្បាប់ដទៃ​ទៀត​នៅ​តែ​មាន ហើយ​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​តែ​តាមដានគ្រប់គ្រង​នោះ​ពិតណាស់​គឺ ផ្លូវ​ជួញដូរ​គ្រឿងញៀនចម្បង»។

​ដោយ​គិត​ពី​ទំហំ​នៃ​ការ​ដឹកជញ្ជូន​ លោក Tom Kramer បាន​សង្ស័យ​ថា ការ​ជួញដូរ​មួយ​ចំនួន​ក៏​បាន​ឆ្លង​ផុត​តម្រួត​ផ្លូវ​ការ ហើយ​ឆ្លង​ផុត​ដោយសារ​តែ​មាន​អំពើ​ពុករលួយ​ដ៏​រ៉ាំរ៉ៃ។ ​

លោក​បាន​បន្ថែម​ថា ទោះ​បី​ជា​មាន​ការ​បិទ​សេដ្ឋកិច្ច​ក៏​ដោយ «ក៏​វា​នៅ​តែ​ពាក់ព័ន្ធនឹង​លុយ​ច្រើន ហើយ​មនុស្ស​តែងតែ​អាច​រក​មធ្យោបាយ​ផ្សេងៗ​ ដើម្បី​នាំ​យក​ទំនិញ​ផ្សេងៗ​ចូល​ក្នុង​ប្រទេស។ ព្រំដែន​មាន​ចន្លោះ​ប្រហោង​យ៉ាង​ខ្លាំង ហើយវា​មាន​ការ​លំបាក​យ៉ាងខ្លាំង​នៅ​ក្នុង​ការ​គ្រប់គ្រង​លើ​ទំនិញ​ចេញ​ចូល»។

ចំណែក​ទី​ផ្សារ

លោក Jeremy Douglas ប្រធាន​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ផ្នែក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​តំបន់​ប៉ាស៊ីហ្វិក (UNODC) មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក​ បាន​លើកឡើងថា ភាព​ងាយស្រួល​ដែល​ក្រុម​ជួញដូរ​គ្រឿងញៀន​នៅ​ប្រទេស​មីយ៉ាន់ម៉ា​អាច​បន្ត​ប្រតិបត្តិការ​បាន​អំឡុងពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ជួយ​ឲ្យ​ពួកគេ​ទទួល​បាន​ចំណែក​ទីផ្សារ​ពី​លើ​គូប្រជែង​ដទៃ​ទៀត ដែល​ត្រូវ​ដឹកជញ្ជូន​សារធាតុ​គីមីផលិតគ្រឿងញៀន​តាម​សមុទ្រ និង​អាកាស ដោយសារ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ត្រូវ​បង្អាក់។

លោក​បាន​បន្ត​ថា៖ « ពួកគេ​មិន​ដែល​មាន​បញ្ហារក្សា​នូវ​សង្វាក់​ផលិតកម្ម​នោះ​ទេ។ ពួកគេ​មាន​ស្តុក​សារធាតុ​គីមី​យ៉ាង​ច្រើន និង​បន្ត​ទទួល​បាន​សារធាតុ​គីមី​ដើម្បី​បញ្ជូន​ទៅ​កន្លែង​ផលិត​នៅ​តំបន់​ត្រីកោណ ហើយ​ពួកគេ​រក្សា​ផលិតកម្ម​បាន​ក្នុង​កម្រិត​ខ្ពស់​ អំឡុង​ពេល​មាន​ការ​រាតត្បាត​ជំងឺកូវីដ១៩ ហើយ​ពួកគេ​នៅ​តែបន្ត​ផ្គត់ផ្គង់គ្រឿងញៀន​ជាប់​រហូត»៕​

​ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG