ការស្ទង់មតិប្រចាំឆ្នាំដោយក្លិបអ្នកកាសែតបរទេសនៃប្រទេសចិន FCCC បានរកឃើញថា ៨១ភាគរយ នៃអ្នកឆ្លើយតបនឹងការស្ទង់មតិនេះថា ស្ថានភាពរាយការណ៍ហាក់ដូចជាមានភាពប្រសើរជាងមុន ប៉ុន្តែអ្នកសារព័ត៌មានសឹងតែទាំងអស់ថ្លែងថា ការរាយការណ៍មិនមានស្តង់ដារអន្តរជាតិទេ។
បញ្ហាសំខាន់ៗនៅតែមានតទៅទៀត រួមមានការពិបាកក្នុងការសុំទិដ្ឋាការរយៈពេលយូរ ដែលនាំឱ្យការិយាល័យព័ត៌មានបរទេសមានបុគ្គលិកតិច ហើយប៉ូលិសឬមន្ត្រីឯទៀតៗបានរារាំងអ្នកកាសែតនៅពេលបំពេញការងារ។ ក្រុមអ្នកសារព័ត៌មានក៏ត្រូវបានយាយីដែរ នៅពេលទៅរាយការណ៍នៅក្នុងតំបន់ Xinjiang និងតំបន់ព្រំដែន។
ជារៀងរាល់ឆ្នាំ ក្លិប FCCC ស្ទង់មតិអ្នកកាសែតជាង ១៥៥ នាក់ មកពីអាស៊ី អឺរ៉ុប អាមេរិកឡាទីននិងអាមេរិកខាងជើង។ របាយការណ៍ពេលថ្មីបំផុតរបស់ក្លិបនេះផ្អែកលើការឆ្លើយតបចំនួន ១០១ នឹងការស្ទង់មតិនោះ ដែលពិនិត្យមើលស្ថានភាពធ្វើការងាររបស់បុគ្គលិកបណ្តាញព័ត៌មានបរទេស។
ស្ថានទូតចិនប្រចាំរដ្ឋធានីវ៉ាស៊ីនតោនមិនបានឆ្លើយតបជាបន្ទាន់នឹងអ៊ីម៉ែលរបស់វីអូអេសុំអត្ថាធិប្បាយអំពីការរកឃើញទាំងនេះទេ។
ការពិបាកមួយក្នុងបណ្តាការពិបាកធំៗគឺការសុំទិដ្ឋាការ។ អ្នកឆ្លើយនឹងការស្ទង់មតិនេះប្រមាណមួយភាគបីបាននិយាយថា ការិយាល័យពួកគេនៅតែខ្វះបុគ្គលិកដោយសារមានការពិបាកក្នុងការបន្តទិដ្ឋាការ ឬគ្មានជោគជ័យក្នុងការដាក់ពាក្យសុំទិដ្ឋាការថ្មី។
អាជ្ញាធរចិនភាគច្រើនចេញឱ្យតែទិដ្ឋាការរយៈពេលខ្លី។ ក្លិប FCCC បានរកឃើញថា ក្នុងឆ្នាំ ២០២៣ មានបណ្តាញព័ត៌មានអាមេរិកតែមួយគត់ដែលបានទទួលការអនុញ្ញាត។ ហើយបណ្តាញព័ត៌មានកាណាដាគ្មានអ្នកយកព័ត៌មានប្រចាំក្នុងប្រទេសចិនបួនឆ្នាំមកហើយ។
អ្នកឆ្លើយតបនឹងការស្ទង់មតិនេះបាននិយាយថា ខណៈការរឹតត្បិតដោយសារការរាតត្បាតកូវីដត្រូវបានបន្ធូរបន្ថយ ពួកគេបានត្រឡប់ទៅរកភាពមិនប្រាកដប្រជាវិញទាំងមិនដឹងថាព័ត៌មានអ្វីត្រូវបានគេឃ្លាំមើល ឬការធ្វើដំណើរណាត្រូវបានគេកាត់បន្ថយមកត្រឹមរយៈពេលខ្លី។
អ្នកដែលត្រូវបានស្ទង់មតិបួននាក់ក្នុងចំណោម ៥ នាក់បាននិយាយថា ពួកគេបានជួបប្រទះការជ្រៀតជ្រែកនិងការយាយី ហើយជាងពាក់កណ្តាលបានរាយការណ៍ថា ពួកគេត្រូវបានរារាំងមិនឱ្យរាយការណ៍ ឬត្រូវបានថតដោយពួកប៉ូលិសឬមន្ត្រីឯទៀតៗ។
ជិតពាក់កណ្តាលនៃអ្នកកាសែតដែលរាយការណ៍ពីតំបន់ Xinjiang ឬតំបន់ទីបេ បានពោលថា ពួកគេបានជួបប្រទះការយាយីច្រើនជាងមុន។ ប៉ុន្តែពួកអ្នកសារព័ត៌មានដែលបានរាយការណ៍ឬព្យាយាមធ្វើដំណើរទៅកាន់តំបន់ព្រំដែនឯទៀតៗនៅក្នុងប្រទេសចិនក៏បានរាយការណ៍ថា មានការយាយីដែរ។
បន្ទាប់ពីតំបន់ Xinjiang តំបន់ដែលត្រូវរាយការណ៍ថាមានឧបសគ្គ គឺព្រំដែនជាមួយប្រទេសរុស្ស៊ី ដោយ ៧៩% នៃអ្នកសារព័ត៌មានដែលព្យាយាមរាយការណ៍ពីទីនោះក៏មានការពិបាកដែរ។
អ្នកកាសែតម្នាក់នៃបណ្តាញព័ត៌មានអឺរ៉ុបមួយ ដែលក្លិប FCCC មិនបានបញ្ចេញឈ្មោះ បានពណ៌នាថាត្រូវបានតាមដានដោយរថយន្តមួយចំនួន នៅពេលធ្វើដំណើរទៅរាយការណ៍នៅក្រុងមួយតាមព្រំដែនរុស្ស៊ី។
អ្នកកាសែតរូបនេះបានពោលថា៖ «ពួកគេមិនបានជ្រៀតជ្រែកទេ នៅពេលយើងសម្ភាស ទោះជាពួកគេបានជួបជាមួយអ្នកត្រូវសម្ភាសយ៉ាងតិចណាស់ម្នាក់ដែរ នៅពេលបន្ទាប់មក។ នៅពេលយើងទៅដល់សណ្ឋាគារ បុគ្គលិកសណ្ឋាគារនេះបាននិយាយយោងអំពីយើងថាជា «អ្នកកាសែតដែលសន្តិសុខរដ្ឋបានព្រមានអំពី» កាលពីពេលមុននេះ»។
បទពិសោធន៍ស្រដៀងគ្នានេះត្រូវបានរាយការណ៍ដោយអ្នកកាសែតដែលបានធ្វើដំណើរទៅតំបន់ Inner Mongolia។ ក្លិប FCCC បានពណ៌នាដោយលម្អិតអំពីករណីចំនួនបី ដែលពួកបុគ្គលមិនស្លៀកពាក់ឯកសណ្ឋានព្រមានមនុស្សកុំឱ្យនិយាយជាមួយអ្នកសារព័ត៌មាន ឬដើរតាមពួកបុគ្គលិកបណ្តាញព័ត៌មាន។
នៅក្នុងសេចក្តីរាយការណ៍របស់ខ្លួន ក្លិប FCCC កត់សម្គាល់ថា៖ «បើតាមបទបញ្ញត្តិផ្ទាល់របស់ប្រទេសចិន អ្នកកាសែតបរទេសអាចរាយការណ៍ដោយសេរីអំពីប្រធានបទនានានិងអាចនិយាយជាមួយនរណាក៏បានតាមដែលពួកគេចង់»។
ការស្ទង់មតិនេះចែងថា មានកំណើនអ្នកកាសែត«ត្រូវអញ្ជើញឱ្យទៅផឹកតែ» ជាមធ្យោបាយមួយដែលមន្ត្រីចិនអញ្ជើញអ្នកសារព័ត៌មានបរទេសទៅកាន់ជំនួបក្រៅផ្លូវការ។ នៅក្នុងជំនួបទាំងនោះ អ្នកកាសែតត្រូវបានសួរអំពីការរាយការណ៍របស់ពួកគេ។ ទោះជាក្លិប FCCC ថ្លែងថា ការនិយាយគ្នាទាំងនោះមាន«ភាពរាក់ទាក់»ជាធម្មតាក៏ដោយ ក៏ក្លិបនេះកត់សម្គាល់ថាវាអាចត្រូវប្រើជាទម្រង់មួយនៃការបំភិតបំភ័យ។
ការតាមឃ្លាំមើលជាកង្វល់មួយទៀត ដោយក្រុមអ្នកឆ្លើយនឹងការស្ទង់មតិនេះឃើញប្រភពព័ត៌មានច្រើនជាងមុនប្រកែកមិនផ្តល់សម្ភាសន៍ឬសុំកុំឱ្យបញ្ចេញឈ្មោះពួកគេ។
អ្នកត្រូវស្ទង់មតិសឹងតែទាំងអស់បានពោលថា ពួកគេមានជំនឿថា ពួកគេត្រូវតាមឃ្លាំមើលដោយប្រព័ន្ធឌីជីថល តាមរយៈ កម្មវិធីឬ app ទំនាក់ទំនងនានាលើទូរស័ព្ទ ហើយផ្ទះឬការិយាល័យរបស់ពួកគេត្រូវបានគេលួចថតសំឡេង។
ក្លិប FCCC និយាយថា ការរឹតត្បិតនិងការយាយីរារាំងបណ្តាញព័ត៌មានមិនឱ្យរាយការណ៍ដោយមានតុល្យភាពជាងមុនអំពីរូបភាពនៃជីវិតក្នុងប្រទេសចិន។
ក្លិប FCCC បាននិយាយនៅក្នុងសេចក្តីរាយការណ៍របស់ខ្លួនថា៖ «លទ្ធផលគឺការរាយការណ៍អំពីប្រទេសចិនដែលមិនអាចរៀបរាប់ឱ្យបានពេញលេញអំពីសក្តានុពលដ៏ស្មុគស្មាញខ្លាំងនៃប្រទេសនេះ។ អ្នកឆ្លើយឆ្លងព័ត៌មានដែលត្រូវបានរឹតត្បិតក្នុងកន្លែងដែលពួកគេអាចធ្វើដំណើរទៅបាន និងជាមួយនរណាគេអាចនិយាយជាមួយបាន មិនអាចដឹងដោយស៊ីជម្រៅអំពីប្រធានបទនិងពណ៌នាអំពីទិដ្ឋភាពរបស់ប្រទេសនេះបានទេ។ លទ្ធផលគឺការរាយការណ៍អំពីប្រទេសចិនក្នុងទំហំតូចចង្អៀត និងមានភាពតំណាងតិចជាងមុន»។
ប្រទេសចិនមានប្រវត្តិមិនល្អអំពីសេរីភាពសារព័ត៌មាន ដោយស្ថិតនៅលំដាប់ទី ១៧៩ ក្នុងចំណោមប្រទេស ១៨០ នៅលើសន្ទស្សន៍សេរីភាពកាសែតដែលលំដាប់ទី ១ ជាលំដាប់ថ្នាក់ល្អបំផុត។
អង្គការឃ្លាំមើលបណ្តាញព័ត៌មានគឺអង្គការអ្នកកាសែតគ្មានព្រំដែនដែលបានរៀបចំសន្ទស្សន៍នេះ បាននិយាយថា ប្រទេសចិនកំពុងធ្វើ«យុទ្ធនាការបង្ក្រាបអ្នកកាសែតនិងសិទ្ធិនៃការទទួលព័ត៌មាននៅទូទាំងពិភពលោក»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ