ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​​ឃុំ​ខ្លួន​មន្ត្រី​៣​នាក់ ជុំវិញ​ការ​ផ្តល់​សេវា​រត់ការ​ចូល​ធ្វើការ​ក្រប​ខណ្ឌ​រដ្ឋ


រូបឯកសារ៖ ប៉ូលិសដើរល្បាតនៅខាងក្រៅបរិវេណសាលាដំបូងរាជធានីភ្នំពេញ ក្នុងអំឡុងសវនាការកាត់ទោសសកម្មជនគណបក្សប្រឆាំងដែលពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២។
រូបឯកសារ៖ ប៉ូលិសដើរល្បាតនៅខាងក្រៅបរិវេណសាលាដំបូងរាជធានីភ្នំពេញ ក្នុងអំឡុងសវនាការកាត់ទោសសកម្មជនគណបក្សប្រឆាំងដែលពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២។

សាលាដំបូង​រាជធានីភ្នំពេញ​នឹង​បន្ត​នីតិវិធី​ច្បាប់​ចាត់​ការ​សំណុំរឿង​របស់មន្ត្រី​រាជការ​ចំនួន​បីរូប​ នៅ​ក្នុង​ក្របខណ្ឌ​ក្រសួង​អប់រំ យុវជន​ និងកីឡា និង​ក្រសួង​ផែនការ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​អំណាច ក្នុង​ករណី​នាំមនុស្ស​ចូលធ្វើ​ការ​ក្នុង​ស្ថាប័នរដ្ឋ។ នេះ​បើតាមអ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) និង​មន្រ្តី​តុលាការ។

មន្ត្រីរាជការ​ទាំង​បី​នាក់​នោះរួមមាន​ លោក នង រុន​ ជាគ្រូបង្រៀន​នៅវិទ្យាល័យ​សុខអាន​ព្រៃ​សណ្តែក​ អ្នកស្រី ស៊ុន ពេជ្រសុមាលី​ ជាគ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​ធន់​មន់​ និង​លោក ហ៊ុយ ពិសិដ្ឋ​ ជា​អនុប្រធាន​ការិយា​ល័យ​អភិវឌ្ឍន៍​ជន​បទ​នៃ​ក្រសួង​ផែនការ។

អ្នក​នាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក សយ​ ចាន់វិចិត្រ បញ្ជាក់​វីអូអេ​ឱ្យ​ដឹង​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​ចៅ​ក្រម​ស៊ើប​សួរ​បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ជន​សង្ស័យ​ទាំង​បីនាក់​រួច​ហើយ​ កាល​ពី​ថ្ងៃ​ទី​ ៩ ខែ​ឧសភា​ ឆ្នាំ​ ២០២៤។

លោក​បន្ថែម​ក្នុងន័យ​ដើម​ថា៖ «ការពាក់​ព័ន្ធផ្សេង​ទៀត​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ចំណាត់​ការ​ផ្ទៃ​ក្នុង​របស់​អង្គភាព​ ដូច្នេះ​ខ្ញុំ​សូម​មិន​ធ្វើ​អត្ថា​ធិប្បាយ»។

បើ​តាម​លោក សយ ចាន់​វិចិត្រ​ មន្ត្រី​រាជការ​ទាំង​បីរូបដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃុំខ្លួន​ជា​បណ្តោះ​អាសន្ន​រង់​ចាំ​ការ​កាត់​ទោស​នោះ​ ត្រូវ​បាន​សង្ស័យ​ថា បាន​ប្រព្រឹត្តបទល្មើស​ ចាប់​ពី​ឆ្នាំ​ ២០២៣ ​មក​ និង​បន្តរហូត​មក​ដល់​ខែ​ឧសភា​ ឆ្នាំ ​២០២៤ ​នេះ។

ចំណាត់​ការ​ច្បាប់​ប្រឆាំង​នឹង​មន្ត្រី​រាជការ​ទាំង​បី​រូបនេះ​កើត​ឡើង​ ក្រោយ​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​លោក ហ៊ុន ម៉ានី​ បាន​ប្រកាស​កែ​ទម្រង់​ការ​ជ្រើស​រើស​មន្ត្រី​រាជការ​ជា​បន្តបន្ទាប់​ ពោលគឺ​អ្នកដែល​ចង់​ចូល​បម្រើ​ការងារ​ក្នុង​ក្រប​ខណ្ឌ​រដ្ឋ ត្រូវ​តែមានសមត្ថភាព​ពិតប្រាកដ​ ហើយត្រូវ​នឹង​ជំនាញ​ដែលខ្លួន​ជ្រើស​រើស។ រីឯ​ការ​ជ្រើសរើស​នោះ​ទៀត​សោត​គឺមិន​អាស្រ័យ​លើបក្ខពួក​និយម​នោះ​ទេ។

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​ពីអ្នកនាំពាក្យអ​យ្យការអម​សាលា​ដំបូង​រាជធានី​ភ្នំពេញលោក ប្លង់ សុផល​ បាន​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ។ ប៉ុន្តែ​លោក​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​តាម​ប្រព័ន្ធ​តេឡេក្រាម​កាល​ពី​ថ្ងៃ​ទី ​១១ ខែ​ឧសភា​ថា ​តំណាង​អយ្យការ​អមសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បានសម្រេច​ចោទ​ប្រកាន់​មនុស្ស​ទាំង​បីនាក់​ពី​បទរំលោភ​អំណាច តាម​បញ្ញត្តិមាត្រា​ ៣៥ ​នៃច្បាប់​ស្តី​ពីការ​ប្រឆាំង​អំពើ​ពុក​រលួយ ពាក់ព័ន្ធ នឹង​ករណី​រត់​ការយក​មនុស្ស​ចូលក្រប​ខណ្ឌគ្រូ​បង្រៀន និង​តាម​ក្រសួង​ស្ថាប័ន​មួយចំនួន​ទៀត។

បើ​តាម​មាត្រា​នេះ អ្នក​ប្រព្រឹត្ត​អាច​ជាប់​ទោស​ទណ្ឌ​ពន្ធនាគារ​ពី​ ២ឆ្នាំ​ទៅ​ ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ៤លាន​រៀល​ទៅ ​១០លាន​រៀល​។

រូបឯកសារ៖ ទិដ្ឋភាពក្រសួង​អប់រំ យុវជន​និង​កីឡាកាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២០ ​រាជធានីភ្នំពេញ។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ ទិដ្ឋភាពក្រសួង​អប់រំ យុវជន​និង​កីឡាកាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២០ ​រាជធានីភ្នំពេញ។ (ទុំ ម្លិះ/វីអូអេ)

ក្នុង​របាយការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​អង្គភាព​ព័ត៌​មាន​ក្នុងស្រុក ជន​សង្ស័យ​ទាំងបី​នាក់នោះ​ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពី​ពុក​រលួយ​រក​ឃើញ​ថាបាន​សហ​ការ​គ្នា​រត់​ការ​បញ្ចូល​ចូលក្របខណ្ឌ​ ដោយ​ខុសច្បាប់​ ចាប់​ពី​ឆ្នាំ​ ២០២៣​ ដល់ខែ​ឧសភា ​ឆ្នាំ​ ២០២៤ នេះ។ សកម្ម​ភាព​រត់​ការ​ទាំង​នោះ​ រួមមាន ការ​រត់​ការ​ចូល​ក្រប​ខណ្ឌ​គ្រូបង្រៀន​រដ្ឋ​ និង​ក្របខណ្ឌ​ក្រសួង​ផ្សេង​ៗ​ទៀត​ ក៏ដូច​ជា​ការ​ទទួល​ធ្វើ​សញ្ញា​បត្រ​ក្លែង​ក្លាយ​ចាប់​ពីកម្រិត​ទុតិយ​ភូមិ​ដល់​ឧត្តម​សិក្សា។

អ្នកនាំពាក្យ​ក្រសួង​អប់រំ អ្នកស្រី ឃួន វិច្ឆិកា​ ប្រាប់​វីអូអេ​ថា ក្រសួង​អប់រំតែង​តែ​មាន​វិធាន​ការ​ទៅ​លើ​មន្ត្រី​រូប​ណា​ ដែល​ប្រពឹត្ត​ខុស​នឹង​ច្បាប់​សហលក្ខខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល​ ហើយ​សំណុំរឿង​របស់​គ្រូបង្រៀន​ពីរនាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ កំពុង​ស្ថិត​ក្នុង​នីតិ​វិធី​របស់​តុលាការ។

អ្នកស្រី​បន្ថែម​ថា​៖ «​កន្លងមក​ នៅ​ពេល​ដែលក្រសួង​អប់រំ​រក​ឃើញ​ថា​មាន​បុគ្គលិក​អប់​រំ​ណាម្នាក់​ ដែល​គាត់​ប្រ​ព្រឹត្ត​ខុស​ពីគោល​ការណ៍​ណែ​នាំ​ក៏ដូច​ជា​ច្បាប់​ ដែល​បាន​ចែង​ ក្រសួង​អប់រំ​ យុវជន និង​កីឡា​ តែង​តែ​រៀប​ចំ​ជា​ក្រុម​ប្រឹក្សា​វិន័យ​ដើម្បី​ពិនិត្យ​មើល​អំពី​កម្រិត​ទោស​ដើម្បី​កំណត់​ទោស​សម្រាប់​បុគ្គលិក​អប់រំ​នោះ»។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ថ្លែង​ថា ​អង្គការ​សង្គម​ស៊ីវិល​សាទរនឹង​វិធានការ​ច្បាប់​ប្រឆាំង​នឹង​អំពើសូក​ប៉ាន់​ក្នុង​ករណី​រត់​ការ​ឱ្យមនុស្ស​បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌរដ្ឋ។ ទោះយ៉ាង​ណា លោក​ថា វា​គួរតែ​មាន​ការ​ស៊ើប​អង្កេត​រក​អ្នកពាក់​ព័ន្ធ​ឯទៀតក្នុង​សំណុំ​រឿង​នេះ។

លោក​ថ្លែង​ថា​៖ «​អ៊ីចឹង សំខាន់​គឺការ​ស៊ើប​អង្កេត​និង​ការ​ស្រាវជ្រាវ​រកជន​ដែល​ពាក់​ព័ន្ធ​ ពី​ព្រោះ​រឿង​ខ្លះ​ វាមិន​មែន​ពាក់​ព័ន្ធ​តែជន​ដែលត្រូវបាន​ចោទប្រកាន់​ទេ​។ វា​ជន​ដទៃ​ទៀតដែល​ពាក់​ព័ន្ធនឹង​ផង​ដែរ។ អាហ្នឹង​ ជា​រឿង​សំខាន់​ណាស់»។

គួរ​បញ្ជាក់​ថា កាល​ពី​ខែ​មករា ​ឆ្នាំ​ ២០២២​ អង្គការ​តម្លា​ភាព​អន្តរជាតិ​ដែល​មាន​ទីតាំង​នៅ​ប្រទេស​អាល្លឺម៉ង់ ​បាន​ចេញ​សន្ទស្សន៍​នៃ​ការ​យល់​ដឹង​អំពី​អំពើ​ពុក​រលួយ​ឆ្នាំ​ ២០២១ ​ដោយ​បង្ហាញ​ថា​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​នៅ​ឡើយ។ ហើយ​កាល​ពី​ខែ​មករា ​ឆ្នាំ​ ២០១៧​ អង្គការ​តម្លា​ភាព​កម្ពុជា​រក​ឃើញ​ថា ​ស្ថាប័ន​តុលាការ ​ប៉ូលិស​ និង​វិស័យ​សាធារណៈ​ នៅ​តែ​ជា​ស្ថាប័ន​ដែល​មាន​កម្រិត​អំពើ​ពុក​រលួយ​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG