រដ្ឋាភិបាលនានានៅជុំវិញពិភពលោកកំពុងប្រើវិបត្តិជំងឺកូវីដ ១៩ ដើម្បីបន្តឹងក្បួនច្បាប់នានារបស់ប្រព័ន្ធផ្សព្វផ្សាយ និងបំបិទមាត់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ នេះបើតាមការបញ្ជាក់របស់អង្គការសិទ្ធិមនុស្ស និងអង្គការសិទ្ធិប្រព័ន្ធផ្សព្វផ្សាយនានា។
ឧទាហរណ៍អំពីចំណុចនេះមានជាហូរហែដូចជាការចាប់ខ្លួនលោកវេជ្ជបណ្ឌិត Li Wenliang ដោយអាជ្ញាធរចិន ការចាប់ខ្លួនអ្នករាយការណ៍ព័ត៌មាន និងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសអ៊ីរ៉ង់ តួកគី និងថៃ និងក្ដីរំពឹងនៃការផាកពិន័យ និងចាប់ដាក់ពន្ធនាគារចំពោះការផ្សព្វផ្សាយព័ត៌មាន «មិនពិត» នៅក្រោមច្បាប់គ្រាអាសន្នថ្មីរបស់ប្រទេសហុងគ្រីជាដើម។
មេដឹកនាំនានាបានចាប់ផ្ដើមប្រើច្បាប់ថ្មី ដោយមិនកំណត់ថានឹងបញ្ចប់នៅពេលណា។ ករណីនេះបានធ្វើឲ្យអង្គការសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនានាព្រមានថា រដ្ឋាភិបាលផ្ដាច់ការនានាអាចរំលោភអំណាចថ្មីរបស់ខ្លួននេះដើម្បីបង្ក្រាបលើអ្នករិះគន់។
អ្នកកាសែតនៅទូទាំងពិភពលោកបានរងការរារាំងរួចមកហើយនៅពេលដែលរាយការណ៍អំពីជំងឺកូវីដ ១៩។ ប្រទេសអាហ្វ្រិកខាងត្បូង និងអ៊ីរ៉ង់បានរារាំងអ្នករាយការណ៍ព័ត៌មានមិនឲ្យសម្ភាសន៍ប្រភព «មិនផ្លូវការ»។ ប្រទេសហ្វីលីពីនអនុញ្ញាតឲ្យតែប្រព័ន្ធផ្សព្វផ្សាយរដ្ឋចូលក្នុងសន្និសីទកាសែតតែប៉ុណ្ណោះ ដោយស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបញ្ជូនសំណួរជាមុន៕