ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ឥណ្ឌា និង​បារាំង​បន្ត​បិទ​ប្រទេស​នៅ​ពេល​ដែល​ពិភពលោក​មាន​ករណី​មេរោគ​កូរ៉ូណា​ចំនួន​២លាន


ប៉ូលិស​ និង​អ្នក​ស្ម័គ្រ​ចិត្ត​បញ្ឈប់​រថយន្ត​មួយ​នៅ​កន្លែង​ត្រួតពិនិត្យ​ ក្នុង​ពេល​បិទ​ប្រទេស​ដើម្បី​ទប់ទល់​ការ​រីករាលដាល​នៃ​មេរោគ​កូរ៉ូណា នៅ​ក្នុង​ក្រុង Siliguri កាលពី​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។
ប៉ូលិស​ និង​អ្នក​ស្ម័គ្រ​ចិត្ត​បញ្ឈប់​រថយន្ត​មួយ​នៅ​កន្លែង​ត្រួតពិនិត្យ​ ក្នុង​ពេល​បិទ​ប្រទេស​ដើម្បី​ទប់ទល់​ការ​រីករាលដាល​នៃ​មេរោគ​កូរ៉ូណា នៅ​ក្នុង​ក្រុង Siliguri កាលពី​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។

ប្រទេស​ឥណ្ឌា ​បារាំង ​និង​នីហ្សេរីយ៉ា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ជាច្រើន​ដែល​មេដឹកនាំ​របស់​ពួកគេ​កំពុង​បន្ត​ការ​បិទ​ប្រទេស​ដែល​មាន​គោលបំណង​បញ្ឈប់​ការរាលដាល​មេរោគ​កូរ៉ូណា នៅពេល​ដែល​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​នៅ​ទូទាំង​ពិភពលោក​ឡើង​ទៅ​ដល់​ចំនួន​២លាន។

ដោយ​ការឆ្លង​នៅ​ក្នុង​ប្រទេស​របស់​លោក​មាន​ជាង​១ម៉ឺ៣រយ​ករណី នាយក​រដ្ឋ មន្រ្តី​ឥណ្ឌា​លោក Narendra Modi បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​បិទ​ប្រទេស​នៅ​ទូទាំង​ប្រទេស​នឹង​ធ្វើ​ឡើង​រហូត​ដល់​ថ្ងៃទី៣ ខែឧសភា។

ប្រធានាធិបតី​បារាំង​លោក ម៉ានុយអែល ម៉ាក្រុង បាន​ធ្វើ​សុន្ទរកថា​តាម​ទូរទស្សន៍ កាលពី​យប់​ថ្ងៃ​ចន្ទ​ដោយ​និយាយ​ថា ការ​បិទ​ប្រទេស​បារាំង​ នឹង​មាន​រហូត​ដល់​ថ្ងៃទី១១ ខែឧសភា នៅ​ពេល​នោះ អាជ្ញាធរ​នឹង​បើក​សាលារៀន​ឡើងវិញ។

លោក​ប្រធានាធិបតី​ម៉ាក្រុង​បាន​មាន​ប្រសាសន៍​ថា «នៅ​តំបន់​ដីគោក និង​ដែនដី​នៅ​ឯ​នាយសមុទ្រ​របស់​បារាំង ការ​រាលដាល​ជា​សាកល​នូវ​មេរោគ​កូរ៉ូណា​មិន​ទាន់​គ្រប់គ្រង​បាន​នៅ​ឡើយ​ទេ។ ដូច្នេះ យើង​ត្រូវតែ​បន្ត​ការ​ខំប្រឹងប្រែង​របស់​យើង និង​បន្ត​អនុវត្ត​ច្បាប់​នេះ។ ពលរដ្ឋ​គោរព​ច្បាប់​នេះ​កាន់​តែ​ខ្លាំង អាយុជីវិត ពលរដ្ឋ​កាន់​តែ​ច្រើន​ត្រូវ​បាន​ជួយ​សង្គ្រោះ»។

ប្រទេស​នីហ្សេរីយ៉ា​ក៏​កំពុង​បន្ថែម​បទបញ្ជា​បិទ​ប្រទេស​មួយ​សប្តាហ៍​ទៀត​នៅ​ក្នុង​រដ្ឋ​ចំនួន​៣គឺ​រដ្ឋ Lagos រដ្ឋ Abuja និងរដ្ឋ Ogun ខណៈ​ដែល​ប្រធានាធិបតី​តួកគី និយាយ​ថា ការ​បិទ​ប្រទេស​រយៈពេល​៤៨ម៉ោង​នៅ​ចុង​សប្តាហ៍ នឹង​ធ្វើ​ឡើង​ម្តង​ទៀត​នៅ​សប្តាហ៍​នេះ។

រហូត​មក​ទល់​ពេល​នេះ សហរដ្ឋអាមេរិក បាន​រកឃើញ​ការ​ឆ្លង​៦សែន​ករណី ដោយ​រដ្ឋ​ញូវយ៉ក​មាន​ករណី​ឆ្លង​ខ្លាំង​ជាង​គេ​បំផុត។

មាន​ប្រហែល​១សែន​៦ពាន់​ករណី​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក និង​១សែន​៩ម៉ឺន​៥ពាន់​ករណី​នៅ​ក្នុង​រដ្ឋ​ញូវយ៉ក​ទាំងមូល​ដែល​មាន​ចំនួន​ច្រើន​ជាង​ប្រទេស​អេស្ប៉ាញ ឬ អ៊ីតាលី៕

XS
SM
MD
LG