ទេសចរចិនវ័យចំណាស់់ម្នាក់បានស្លាប់នៅក្នុងប្រទេសបារាំងដោយសារមេរោគវីរុសកូរ៉ូណា។ បុរសអាយុ៨០ឆ្នាំរូបនេះដែលបានស្លាប់នៅក្នុងក្រុងប៉ារីស ជាមនុស្សទីមួយក្នុងទ្វីបអឺរ៉ុបដែលបានស្លាប់ដោយសារមេរោគវីរុសនេះដែលមានប្រភពក្នុងប្រទេសចិន។
បន្ថែមពីលើនេះ មានការរាយការណ៍ថា មានការឆ្លងមេរោគនេះទីមួយក្នុងទ្វីប អាហ្វ្រិក គឺនៅក្នុងប្រទេសអេហ្ស៊ីប។
នៅក្នុងក្រុងប៉េកាំង ពួកមន្ត្រីក្រុងនេះបានតម្រូវដល់ប្រជារាស្ត្រទាំងអស់ដែលវិលត្រឡប់មកកាន់រដ្ឋធានីវិញឱ្យនៅដាច់ពីគេដោយខ្លួនឯងចំនួន១៤ថ្ងៃ។នៅពេលដែលប្រទេសចិនកំពុងខិតខំព្យាយាមបញ្ឈប់ការរាលដាលនៃមេរោគ
កូរ៉ូណាថ្មីនេះ កាសែត Beijing Daily របស់រដ្ឋបានរាយការណ៍កាលពីថ្ងៃសុក្រថាពួកជនទាំងឡាយណាដែលប្រកែកមិនព្រមនៅដាច់ពីគេឬរំលោភលើបទបញ្ញត្តិឯទៀតៗក្នុងការទប់ទល់នឹងការរាតត្បាតនៃជំងឺនេះ«នឹងទទួលខុសត្រូវតាមច្បាប់»។
គណៈកម្មការសុខភាពជាតិនៃប្រទេសចិនបាននិយាយកាលពីថ្ងៃសៅរ៍ថាមានមនុស្ស១៤៣ថែមទៀតបានស្លាប់ដោយសារមេរោគនេះ ហើយចំនួនមនុស្សបាត់បង់ជីវិតទាំងអស់កើនឡើងដល់ជាង១,៥០០នាក់ហើយ។
គណៈកម្មការនេះក៏បានបញ្ជាក់ដែរថាមានករណីថ្មីៗនៃអ្នកឆ្លងមេរោគនេះ២,៦៤១នាក់ទៀត។
គណៈកម្មការសុខភាពជាតិនៃប្រទេសចិនបាននិយាយកាលពីថ្ងៃសៅរ៍ថា ការស្លាប់នៃមនុស្សភាគច្រើនកាលពីពេលថ្មីៗនេះបានកើតមានឡើងនៅក្នុងក្រុង Wuhan ដែលជាទីរួមខេត្ត Hubei ដែលគេមានជំនឿថាការរាលដាលនៃមេរោគវីរុសកូរ៉ូណាបានចាប់ផ្តើមពីទីនោះ។
មកត្រឹមយប់ថ្ងៃសុក្រមានករណីអ្នកមានជំងឺនេះចំនួន៦៦,៤៩២នាក់ហើយមានអ្នកស្លាប់ទាំងអស់ចំនួន១,៥២៣នាក់។
បេសកកម្មរួមគ្នាមួយជាមួយប្រទេសចិនដឹកនាំដោយអង្គការសុខភាពពិភពលោកនឹងបើកធ្វើការស៊ើបអង្កេតអំពីមេរោគកូរ៉ូណាវីរុសនៅដំណាច់សប្តាហ៍នេះ។ លោក Tedros Adhanom Ghebreyesus ប្រធានអង្គការ WHO បាននិយាយប្រាប់ពួកអ្នកកាសែតកាលពីថ្ងៃសុក្រនៅក្នុងក្រុងហ្សឺណែវ ថា លោករំពឹងថាក្រុមមួយនឹងធ្វើដំណើរទោដល់ប្រទេសចិននៅដំណាច់សប្តាហ៍នេះហើយថា «នឹងមានការយកចិត្តទុកដាក់ជាពិសេសឱ្យយល់អំពីការចម្លងមេរោគវីរុសនេះ, ភាពធ្ងន់ធ្ងរនៃជំងឺនេះនិងផលប៉ះពាល់ដោយវិធានការដែលកំពុងមានធ្វើ»។
កាលពីថ្ងៃសុក្រប្រធានាធិបតីចិន Xi Jinping បានអំពាវនាវឱ្យមានសេចក្តីព្រាងច្បាប់ខាងសាធារណៈសុខាភិបាលខ្លាំងជាងមុននៅពេលដែលប្រទេសចិនរកមធ្យោបាយដោះស្រាយបញ្ហារាតត្បាតនៃមេរោគនេះ។ បើតាមបណ្តាញទូរទស្សន៍ China Global Television ថាលោក Xi គូសបញ្ជាក់សេចក្តីត្រូវការពង្រឹងផ្នែកកម្សោយនិងបំបាត់ចន្លោះប្រហោងខាងផ្លូវច្បាប់ដែលបានត្រូវបញ្ចេញឱ្យឃើញដោយការរាតត្បាតជំងឺនេះនៅពេលនេះ៕