ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​ឡើង​ទៅ​ដល់​៩រយនាក់​ហើយ


អ្នក​ដំណើរ​នៅ​លើ​កប៉ាល់​កម្សាន្ត​ឈ្មោះ World Dream ដែល​ចត​នៅ​កន្លែង​ជិះ​កប៉ាល់​កម្សាន្ត Kai Tak នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។
អ្នក​ដំណើរ​នៅ​លើ​កប៉ាល់​កម្សាន្ត​ឈ្មោះ World Dream ដែល​ចត​នៅ​កន្លែង​ជិះ​កប៉ាល់​កម្សាន្ត Kai Tak នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០។

ចំនួន​មនុស្ស​ស្លាប់​មកពី​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា​នៅ​ក្នុង​ប្រទេស​ចិន ​បាន​ឡើង​ទៅ​ដល់​៩រយនាក់​ខណៈ​ដែល​មាន​ការកើនឡើង​នូវ​ករណី​នៃ​ការ​ឆ្លង​មេរោគ​នោះ​នៅចក្រ​ភព​អង់គ្លេស ​បាន​នាំ​ឲ្យ​រដ្ឋាភិបាលនោះ​ប្រកាស​ថា ​មេ​រោគ​នោះ ​មានការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ ​និង​យ៉ាង​ខ្លាំង​ដល់​សុខភាព​សាធារ​ណៈ។ ​ចក្រភព​អង់គ្លេស​បាន​រាយការណ៍​ករណី​នៃ​ការ​ឆ្លង​ថ្មី​ចំនួន៤​កាល​ពី​ថ្ងៃ​ចន្ទ ​ដែល​បាន​ធ្វើ​ឲ្យ​មាន​ចំនួន​មនុស្ស ៨នាក់​ដែល​បាន​ធ្វើតេស្ត​មានមេរោគ​នោះ។

លោក Matt Hanock រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​អង់គ្លេស ​បាន​ធ្វើ​ការ​ប្រកាស​ដោយ​ផ្តល់ឲ្យ​រដ្ឋាភិបាល​នូវ​អំណាច​កាន់​តែ​ច្រើន​ឡើង​ដើម្បី​ដាក់​មនុស្ស​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​នៅ​ក្នុងការ​ស្វះស្វែង​ធ្វើ​កុំ​ឲ្យ​មេរោគ​នេះ​រាលដាល។

លោក Tedros Adhanom អគ្គនាយក​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទថា ​ការរាលដាល​នៃ​មេរោគ​កូរ៉ូណា​រវាង​មនុស្ស​ដែល​មិន​មាន​ប្រវត្តិធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន ​អាច​បណ្តាល​ឲ្យ​មាន​ការលំបាក​កាន់​តែ​ខ្លាំង​ឡើង។

លោក​បាន​និយាយ​សំដៅ​ដល់​ករណី​ថ្មីៗ​នៅ​ក្នុង​ចក្រ​ភព​អង់គ្លេស​ និង​ប្រទេស​បារាំង​ថា «ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ​យើង​បាន​ឃើញ​ការ​ព្រួយ​កង្វល់​ខ្លះ​ពីការ​ឆ្លង​មេរោគនោះ​ពីមនុស្ស​ទៅ​មនុស្ស​ដែល​មិន​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន»។

លោក Tedros ​បានមាន​ប្រសាសន៍ទៀតថា ​ក្រុម​អ្នក​ជំនាញ​សុខាភិបាល​នាំ​មុខ​របស់​អង្គការ​សុខភាព​ពិភពលោក​ (WHO) បាន​ទៅ​ដល់​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ចន្ទ​ដើម្បី​ជួយ​ស៊ើបអង្កេត​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​នេះ។

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ​ត្រាំ ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា លោក​រំពឹង​ថា ​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា​នេះ​នឹង​បាត់​នៅ​ក្នុង​ខែ​មេសា​ពីព្រោះ​តែ​អាកាស​ធាតុ​ក្តៅ។

លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​មាន​ប្រសាសន៍​ទៀត​ថា «និយាយ​ជា​ទូទៅ​កម្តៅ ​សម្លាប់​ប្រភេទ​មេរោគ​នេះ»។

នៅ​ថ្ងៃ​ចន្ទ​ដែរ ​ប្រធានា​ធិបតី​ចិន​លោកស៊ី ​ជីង​ពីង ​បាន​ចុះ​ទៅ​សួរសុខ​ទុក្ខ​ដ៏​កម្រ​មួយនៅមន្ទីរពេទ្យ​ក្នុង​ទីក្រុង​ប៉េកាំង​ដោយ​បាន​និយាយ​ជាមួយ​បុគ្គលិកថែទាំ​សុខភាព​ និង​អ្នក​ជំងឺ៕

XS
SM
MD
LG