អង្គការសុខភាពពិភពលោកបានបញ្ជាក់កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញថា មានករណីឆ្លងមេរោគកូរ៉ូណាវីរុស COVID-19 ចំនួន ៥០៥៨០ ករណី នៅទូទាំងពិភពលោក ដែល «បញ្ជាក់ដោយការធ្វើតេស្តនៅមន្ទីរពិសោធន៍» ដែលនៅក្នុងនោះ ករណីឆ្លងចំនួន ៥០០៥៤ ករណី គឺនៅក្នុងប្រទេសចិន។
អង្គការនេះបានបន្ថែមថា ករណីឆ្លងថ្មីចំនួន ១៥២៧ ករណី ត្រូវបានគេរាយការណ៍នៅទូទាំងពិភពលោកនៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលក្នុងនោះចំនួន ១៥០៦ ករណីគឺនៅក្នុងប្រទេសចិន។
ប៉ុន្តែ តួលេខរបស់រដ្ឋាភិបាលចិនខុសពីតួលេខរបស់អង្គការសុខភាពពិភពលោក ដោយសារតែកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលចិនបានផ្លាស់ប្ដូរវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យ និងរាប់ករណីឆ្លងថ្មី ដែលបណ្ដាលឲ្យមានការកើនឡើងនៅក្នុងចំនួននៃការឆ្លងដែលត្រូវបានគេរាយការណ៍។ តាមរយៈវិធីសាស្ត្រថ្មីនេះ គ្រូពេទ្យអាចប្រើរូបថតស្កេនសួត និងវិធីវិភាគផ្សេងទៀតដើម្បីធ្វើរោគវិនិច្ឆ័យលើអ្នកជំងឺ ជាជាងពឹងផ្អែកលើការធ្វើតេស្តនៅមន្ទីរពិសោធន៍។
រដ្ឋាភិបាលចិនបានបញ្ជាក់ថា មនុស្សជិត ១៧០០ រយនាក់ បានស្លាប់ដោយសារមេរោគ COVID-19 នេះ ហើយមនុស្សជាង ៦៨០០០ ពាន់នាក់បានឆ្លងមេរោគនេះ។ គណៈកម្មការសុខាភិបាលជាតិចិនបានបញ្ជាក់ថាមានករណីឆ្លងថ្មីចំនួន ១៨៤៣ ករណីនៅថ្ងៃអាទិត្យនេះ ដែលជាការធ្លាក់ចុះពីករណីឆ្លងថ្មីច្រើនជាងនេះនៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ក្នុងពេលពីរថ្ងៃកន្លងមកនេះ ចិនបានរាយការណ៍ថាមានករណីឆ្លងថ្មីជាង ៧៥០០ករណី។
គណៈកម្មការសុខាភិបាលជាតិចិនបានលើកឡើងកាលពីថ្ងៃសៅរ៍ថា ករណីស្លាប់ថ្មីៗភាគច្រើនដោយសារមេរោគនេះគឺនៅក្នុងទីក្រុង Wuhan ខេត្ត Hubei ដែលជាកន្លែងដែលគេជឿថា មេរោគនេះបានផ្ទុះឡើងដំបូង។
អង្គការសុខភាពពិភពលោកបានវាយតម្លៃថា ហានិភ័យនៃការឆ្លងមេរោគនេះគឺ «ខ្ពស់ខ្លាំង» នៅក្នុងប្រទេសចិន និង «ខ្ពស់» នៅតាមបណ្ដាប្រទេសផ្សេងទៀត៕