ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ដែល​បាន​ភ្ជង់​កាំភ្លើង​ដាក់​ពួក​ក្មេង​ជំទង់​នៅ​អាង​ហែល​ទឹក​បាន​លា​ចេញ​ពី​ដំណែង


Jane Bishkin មេធាវី​របស់​សមាគម​ Dallas County Police Officer ដែល​តំណាង​ឲ្យ​អតីត​មន្រ្តី​ប៉ូលិស​ David Eric Casebolt និយាយ​នៅ​ក្នុង​សន្និស្នីទ​កាសែត​មួយ កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥។
Jane Bishkin មេធាវី​របស់​សមាគម​ Dallas County Police Officer ដែល​តំណាង​ឲ្យ​អតីត​មន្រ្តី​ប៉ូលិស​ David Eric Casebolt និយាយ​នៅ​ក្នុង​សន្និស្នីទ​កាសែត​មួយ កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥។

ប៉ូលិស​នៅ​ក្នុង​រដ្ឋ​តិចសាស ​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​កំពុង​ស៊ើប​អង្កេត​ពី​សកម្មភាព​របស់​មន្រ្តី​ម្នាក់​ដែល​បាន​រុញ​ច្រាន​ក្មេង​ស្រី​ជំទង់​ម្នាក់​ដែល​គ្មាន​អាវុធ​ទៅ​លើ​ដី​ បន្ទាប់​ពី​មានការ​ហៅទូរស័ព្ទដើម្បី​ឲ្យ​បញ្ឈប់​ពិធី​ជប់​លាង​នៅអាង​ហែល​ទឹក។ មន្រ្តីរូប​នោះ​បាន​លា​ឈប់​ពី​តួនាទី​ប៉ូលិស​កាល​ពី​ថ្ងៃ​អង្គារ។ ​ក៏ប៉ុន្តែ ​ដោយ​មានការ​ពិនិត្យ​ពិច័យ​កំពុង​កើន​ឡើង​នៅ​ទូទាំង​ប្រទេសអំពីពូជ​សាសន៍និង​ការ​ប្រើ​កម្លាំង ​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ភ្នាក់ងារ​ពង្រឹង​ច្បាប់​នោះ ជាថ្មី​ម្តង​ទៀត ពួក​សកម្មជន​កំពុងរិះគន់​ភាព​អយុត្តិ​ធម៌លើ​រឿង​ក្តី​ថ្មី​ៗ​បំផុត​នេះចំពោះ​អ្វី​ដែល​ពួកគេ​មើល​ឃើញ​ពី​ការ​ប្រើ​កម្លាំង​ហួស។

អ្វី​ដែល​បាន​ចាប់​ផ្តើម​នៅ​ឯ​ពិធីជប់​លាង​នៅ​អាង​ហែល​ទឹកក្នុង​ទីក្រុង​ Dallas​ ភាគ​ខាង​ជើង ​បាន​បញ្ចប់​ដោយ​មានការ​ដាក់​ខ្នោះ​ដៃ ​ហើយ​និង​មាន​ការ​ទាញ​កាំភ្លើង។

អ្នក​ស្រុក​ក្នុង​សហគមន៍​បាន​ព្យាយាម​បិទ​ពិធី​ជប់​លាង​នោះ​កាល​ពី​ថ្ងៃ​សុក្រ ​ដោយ​បាន​អះអាង​ថា ​ពួក​ក្មេង​ជំទង់​មិន​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ទៅអាង​ហែល​ទឹក​នោះទេ។ បន្ទាប់មក ​ប៉ូលិស​បាន​មក​ដល់។

ក្មេង​ជំទង់ម្នាក់​បាន​ថត​វីដេអូ​ នៅពេល​ដែលលោក Eric Caseblt ​មន្រ្តី​ប៉ូលិស​នៃ​ការិយាល័យ​ប៉ូលិស​ទីក្រុង McKinney ​បាន​ច្រាន​ផ្តួល​នាង Dejerria Becton អាយុ​១៥​ឆ្នាំ​នោះ​ទៅ​លើ​ដី​។

«គាត់​បាន​ប្រាប់​ខ្ញុំ​ឲ្យ​បន្ត​ដើរ​ អញ្ចឹង​ខ្ញុំ​បន្ត​ដើរ ​ហើយខ្ញុំ​គិតថា ​គាត់​ស្មាន​តែ​យើង​បាន​និយាយ​ពាក្យ​មិន​គប្បី​ឲ្យ​គាត់។ ​គាត់​បាន​ចាប់​ដៃ​ខ្ញុំ កាច់​ដៃ​របស់​ខ្ញុំ​ទៅ​ក្រោយ​ហើយ​រុញ​ខ្ញុំ​ខ្ទប់​ទៅ​នឹង​ស្មៅ​ ហើយ​បាន​ចាប់ផ្តើម​ទាញ​សក់​ក្រងរបស់​ខ្ញុំ។ ខ្ញុំ​ប្រាប់​គាត់ឲ្យ​ដោះ​លែង​ខ្ញុំ ពី​ព្រោះ​ខ្នង​របស់​ខ្ញុំ​ឈឺ​ខ្លាំង​ណាស់‍»។

នៅ​ពេល​ដែល​មានការ​ចោទ​ប្រកាន់​ផ្សេង​ទៀត​ពី​ការ​ប្រើ​កម្លាំង​ហួស​បាន​ត្រូវ​ថត​ដោយ​ម៉ាស៊ីន​ថតរូប ​អ្នកឃើញ​ហេតុ​ការ​ណ៍​ផ្ទាល់​នឹង​ភ្នែក​ផ្សេង​ៗគ្នា​បាន​និយាយ​រឿង​រ៉ាវ​ផ្សេង​ៗ​គ្នា។​ ស្រ្តី​ម្នាក់​ដែល​បាន​ឃើញ​ឧបទ្ទវហេតុ​នោះ​បាន​ការ​ពារ​ប៉ូលិស។

«ប៉ូលីស​បាន​ចាប់​ដៃ​នាង ​នាង​បាន​ចាប់​ផ្តើម​ត​ដៃ​ប៉ូលីស ដែល​បាន​ធ្វើ​កិច្ច​ការ​ត្រឹមត្រូវ ​នៅពេល​ដែល​ក្មេង​ទាំង​នេះ​បាន​រត់គេច​ចេញ​ហើយ​បាន​ប្រើ​ប្រាស់ពាក្យ​ប្រមាថ​មើល​ងាយ និង​គំរាម​កំហែង​ដល់ឆ្មាំ​ការ​ពារ​សន្តិសុខ‍»។

សកម្ម​ជន​កំពុង​អំពាវនាវ​ឲ្យ​មាន​តម្លា​ភាព​ហើយ​និង​ចាត់​វិធានការ​ធ្វើ​ការ​ស៊ើប​អង្កេត។​ក្នុង​ចំណោម​នោះ ​មាន​លោក Satinder Singh សាខា​ការិយាល័យ​របស់​សហភាព​សេរីភាពពលរដ្ឋអាមេរិក​នៅ​ក្នុង​រដ្ឋ​តិចសាសដែល​បាន​ថ្លែង​តាម​ប្រព័ន្ធ Skype ​ថា៖​ «អ្វី​ដែល​ប៉ូលិស ​បាន​និយាយ​រហូតមក​ទល់​ពេល​នេះ​គឺ​ពួក​ក្មេង​ៗ​បាន​ចូលដោយ​គ្មាន​ការ​អនុញ្ញាតិ​។ ​នេះ​ជាឧក្រិដ្ឋ​កម្ម។ ក៏ប៉ុន្តែ ​សំណួរ​គឺ​ថា តើ​នេះ​ជា​មធ្យោបាយដ៏​ល្អ​បំផុត​ដើម្បី​ឆ្លើយ​តប​នៅពេល​នេះ​ឬ? តើ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​រីកកាន់​តែ​ធំ​ឡើង​ទៅ​ដល់​ចំណុច​មួយ​ដែល​មាន​មនុស្ស​ស្លាប់​ឬ? ឬ ​ខ្ញុំ​រុញ​ច្រាន​ក្មេង​ស្រី​ដែល​ស្លៀក​សម្លៀក​បំពាក់​មុជ​ទឹក​ទៅ​លើ​ដី​ហើយ​ខ្ញុំ​សង្កត់​ទៅ​លើ​នាង​ឬ ? តើ​ខ្ញុំ​គិត​ថា ​វា​ជា​ការ​ចាំបាច់​ដើម្បី​ភ្ជង់​កាំភ្លើងរបស់​ខ្ញុំ​ទៅ​ពួក​ក្មេង​ដែលស្លៀក​សម្លៀក​បំពាក់​ហែល​ទឹក​ឬ?‍»។

ក្មេង​ជំទង់​ៗ​ជា​ច្រើន​បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ឯ​កន្លែង​កើត​ហេតុ ក៏ប៉ុន្តែ ​មានតែ​បុរស​ម្នាក់ ប៉ុណ្ណោះ ដែល​បាន​ត្រូវ​រងការ​ចោទ​ប្រកាន់​ពីការ​ជ្រៀត​ជ្រែក​កិច្ច​ការ​ប៉ូលិស៕

ប្រែសម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG