ក្រសួងយុត្តិធម៌ស.រ.អា.បាននិយាយថាខ្លួននឹងពិនិត្យមើលជាថ្មីអំពីការកាត់ក្តីឱ្យប៉ូលិសម្នាក់ក្នុងក្រុង Cleveland គ្មានទោសពីបទចោទប្រកាន់ថាបានបាញ់កាំភ្លើង១៣៧គ្រាប់ទម្លាយកញ្ចក់ឡានមួយគ្រឿងដែលបានបណ្តាលឱ្យជនស្បែកខ្មៅពីរនាក់គ្មានអាវុធជិះក្នុងរថយន្តនោះបាត់បង់ជីវិត។
ក្រសួងយុត្តិធម៌អាមេរិកាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅក្រោយការចេញសាលក្រមនៃការកាត់ក្តីនេះកាលពីថ្ងៃសៅរ៍ថាការិយាល័យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ការិយាល័យ FBI និងផ្នែកសិទ្ធិពលរដ្ឋនៃក្រសួងយុត្តិធម៌ស.រ.អា.បានតាមឃ្លាំមើលការស៊ើបអង្កេតអំពីការដេញតាមទ្បានមួយដែលមានល្បឿនលឿននិងការបាញ់កាំភ្លើងកាលពីខែវិច្ឆិកាឆ្នាំ២០១២។
ក្រសួងយុត្តិធម៌បាននិយាយថាខ្លួននឹងមិនពិនិត្យសើរើជាថ្មីអំពីការឆ្លើយរបស់សាក្សីនិងភស្តុតាងដែលបានត្រូវដាក់បង្ហាញនៅក្នុងការកាត់ក្តីប៉ូលិសឈ្មោះ Michael Brelo ទេ ក៏ប៉ុន្តែនឹងពិនិត្យមើលថាអាចមានជំហានបន្ថែមដ៏ត្រឹមត្រូវដែរឬទេ។
កាលពីថ្ងៃសៅរ៍ ចៅក្រម John O'Donnell បាននិយាយថាលោកមិនអាចកំណត់ថាលោក Brelo តែម្នាក់ឯងបានបាញ់កាំភ្លើងដ៏ប្រល័យនេះឬយ៉ាងណានោះទេ។ ចៅក្រមរូបនេះបានថ្លែងបន្ថែមថា «សាលក្រមនេះមិនគួរជាបុព្វហេតុសម្រាប់ឱ្យសង្គមមានអរិយធម៌មួយអបអរសាទរឬធ្វើកុប្បកម្មឡើយ»។
លោក Frank Jackson អភិបាលក្រុង Clevland បានហៅសាលក្រមនេះថាជា «ពេលវេលាមួយមានការកំណត់ច្បាស់លាស់» សម្រាប់ក្រុងលោកហើយលោកបានលើកទឹកចិត្តឱ្យមានបាតុកម្មដោយសន្តិវិធីនិងការសន្ទនាគ្នា។
ការកាត់ក្តីឱ្យប៉ូលិសនេះរួចខ្លួនកើតឡើងក្រោយរយៈពេលមួយខែនៃការផ្តល់សក្ខីកម្មនៅក្នុងការកាត់ក្តីលោក Brelo នៅក្នុងការស្លាប់របស់លោក Timothy Russell និងអ្នកស្រី Malissa Williams កាលពីខែវិច្ឆិកា ឆ្នាំ២០១២។ ប៉ូលិស១៣នាក់បានបាញ់កាំភ្លើងដាក់ឡានរបស់ជនពីរនាក់នោះនៅក្រោយក្រុមប៉ូលិសបានបើកតាមទ្បាននោះក្នុងល្បឿនយ៉ាងលឿន ក៏ប៉ុន្តែមានលោក Brelo តែម្នាក់គត់ដែលបានត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋ៕