សមាជិកសភាសហរដ្ឋអាមេរិកជាស្ត្រីជាង ៥០ នាក់ ចង់ឲ្យមេដឹកនាំនានានៅរដ្ឋសភាធ្វើការស៊ើបអង្កេតលើការចោទប្រកាន់អំពីការបំពានផ្លូវភេទ ដែលធ្វើឡើងដោយលោក Donald Trump មុនពេលលោកកាន់តំណែងជាប្រធានាធិបតី។
សមាជិករដ្ឋសភាទាំងនោះបានផ្ញើលិខិតមួយច្បាប់កាលពីថ្ងៃចន្ទម្សិលមិញទៅកាន់សមាជិកសភាខាងគណបក្សសាធារណរដ្ឋលោក Trey Gowdy និងសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យលោក Elijah Cummings ដែលជាសមាជិកមួយរូបផងដែរនៃគណៈកម្មាធិការរដ្ឋសភាទទួលបន្ទុកលើការគ្រប់គ្រង និងការកែទម្រង់រដ្ឋាភិបាល។
លិខិតរបស់ក្រុមការងារសមាជិកសភាជាស្ត្រីខាងគណបក្សប្រជាធិបតេយ្យបានសរសេរថា៖ «យ៉ាងហោចណាស់មានស្ត្រី ១៧ នាក់ បានចោទប្រកាន់លោកប្រធានាធិបតី Trump ជាសាធារណៈអំពីការបៀតបៀនផ្លូវភេទ»។
ខ្លឹមសាររបស់លិខិតនោះត្រូវបានសរសេរបន្ថែមទៀតថា៖ «ប្រជាពលរដ្ឋអាមេរិកាំងគួរតែទទួលបាននូវការផ្ដល់ការស៊ើបអង្កេតពេញលេញមួយទៅលើការពិតនៃការចោទប្រកាន់ទាំងនេះ។ ការលើកឡើងផ្ទាល់ខ្លួនរបស់លោក Trump ទំនងជាបង្ហាញឲ្យឃើញថា ការចោទប្រកាន់ទាំងនេះគឺត្រឹមត្រូវ។ លោកគិតថា ខ្លួនលោកមានសេរីភាពក្នុងការបន្តធ្វើដូច្នេះចំពោះស្ត្រីភេទ។ យើងមិនអាចធ្វើព្រងើយកន្តើយចំពោះស្ត្រីជាច្រើន ដែលបានចេញមុខចោទប្រកាន់លើលោក Trump ទាំងនេះទេ»។
លិខិតនោះក៏បានអញ្ជើញលោក Trump ឲ្យបង្ហាញភស្តុតាងដើម្បីការពារខ្លួនលោកផងដែរ។
កាលពីព្រឹកថ្ងៃចន្ទម្សិលមិញ សមាជិកព្រឹទ្ធសភា ៤ រូប បានអំពាវនាវឲ្យលោក Trump ចុះចេញពីតំណែង ពាក់ព័ន្ធនឹងការចោទប្រកាន់ទាំងនេះ៕