នៅក្នុងផ្នែកគោលនយោបាយការបរទេសនៃសុន្ទរកថាស្ដីពីស្ថានភាពសហព័ន្ធរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីយប់ថ្ងៃអង្គារម្សិលមិញ លោកបាននិយាយអំពីការបញ្ចប់ជម្លោះនានា ដែលទាហានអាមេរិកាំងបានវាយប្រយុទ្ធអស់រយៈពេលជាច្រើនឆ្នាំកន្លងមក និងរារាំងនូវអ្វីដែលលោកយល់ថាជាជម្លោះនៅពេលអនាគតដែលមិនអាចជៀសបាន ប្រសិនបើរដ្ឋបាលរបស់លោកមិនមានគោលនយោបាយលើរឿងនេះទេ។
លោក Trump បានកត់សម្គាល់អំពីផលប៉ះពាល់ធំធេងនៃសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ ដែលបណ្ដាលឲ្យទាហានអាមេរិកាំងស្លាប់ជិត ៧ ពាន់នាក់តាំងពីឆ្នាំ ២០០១ មក។
លោកបាននិយាយថា បន្ទាប់ពីបានវាយប្រយុទ្ធអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងប្រទេសអាហ្វហ្គានីស្ថានលោក ឥឡូវនេះគឺជាពេលដែល «យ៉ាងហោចណាស់ព្យាយាមដើម្បីសន្តិភាព» ដោយលោកបាននិយាយថា ពួកតាលីបង់ចង់បានដូចគ្នានេះដែរ។
លោក Trump និយាយដូច្នេះថា៖ «រដ្ឋបាលរបស់ខ្ញុំបានធ្វើការពិភាក្សាប្រកបដោយផ្លែផ្កាជាមួយនឹងក្រុមនានានៅអាហ្វហ្គានីស្ថាន ដែលក្នុងនោះមានទាំងក្រុមពួកតាលីបង់ផងដែរ។ ស្របពេលដែលការចរចាទាំងនេះមានការវិវឌ្ឍទៅមុខ យើងនឹងអាចកាត់បន្ថយវត្តមានរបស់ទាហានរបស់យើង និងផ្ដោតលើការប្រឆាំងនឹងអំពើភេរវកម្ម»។
លោកក៏បានបញ្ជាឲ្យមានការដកកងទ័ពអាមេរិកាំងចេញពីប្រទេសស៊ីរីផងដែរ ដែលនៅទីនោះ ពួកគេបានវាយប្រយុទ្ធដើម្បីកម្ទេចក្រុមជ្រុលនិយមរដ្ឋឥស្លាម តាំងពីក្រុមនេះបានវាយដណ្ដើមយកតំបន់ជាច្រើននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងភាគខាងកើតប្រទេសស៊ីរីកាលពីឆ្នាំ ២០១៤។
ចំណុចសំខាន់មួយទៀត លោក Trump បានលើកឡើងពីវិស័យពាណិជ្ជកម្ម ជាពិសេសគឺសង្គ្រាមពាណិជ្ជកម្មជាមួយនឹងប្រទេសចិន ដែលលោកបានបញ្ជាក់ថា ការចរចានៅបន្តដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយរវាងសហរដ្ឋអាមេរិក និងចិន ដែលរួមបញ្ចូលនូវការការពារការងារអាមេរិក ការកាត់បន្ថយឱនភាពពាណិជ្ជកម្ម និងការបញ្ចប់ការធ្វើពាណិជ្ជកម្មមិនយុត្តិធម៌៕