កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃសមាជិកសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា «អាស៊ាន» ទាំង ១០ប្រទេស ជាមួយនឹងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson នាសប្ដាហ៍នេះ ធ្វើឡើង ខណៈពេលមានភាពតានតឹងនៅឧបទ្វីបកូរ៉េ ក៏ដូចជា ការព្រួយបារម្ភជុំវិញឥទ្ធិពលរបស់ចិន ដែលកំពុងតែកើនឡើង នៅតំបន់អាស៊ីអាគ្នេយ៍។
កិច្ចប្រជុំនេះជាផ្នែកមួយក្នុងដំណើរការរៀបចំកិច្ចប្រជុំកំពូលប្រចាំតំបន់នៅខែវិច្ឆិកា ដែលនឹងមានការចូលរួមពីសំណាក់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ។
លោករដ្ឋមន្រ្តីការបរទេស Tillerson បាននិយាយកាលពីដើមឡើយថា រដ្ឋមន្រ្តីការបរទេសអាស៊ានបានស្នើសុំកិច្ចប្រជុំនេះជាផ្នែកមួយនៃកិច្ចប្រឹងប្រែងប្រចាំតំបន់ដើម្បីទាក់ទងជាមួយនឹងរដ្ឋបាលប្រធានាធិបតីថ្មីនៅសហរដ្ឋអាមេរិក។
កិច្ចប្រជុំនៅរដ្ឋធានីវ៉ាស៊ីនតោនធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកលោក Mike Pence ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរួមមានប្រទេសឥណ្ឌូនេស៊ីផងដែរ។
អំឡុងពេលដំណើរទស្សនកិច្ចនោះ លោក Pence បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន «កំពុងចាត់វិធានការដើម្បីពង្រឹងភាពជាដៃគូរបស់យើងជាមួយបណ្តាប្រទេសអាស៊ាន និងពង្រឹងមិត្តភាពរបស់យើង» ក្នុងគោលដៅរឹតបន្តឹងទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងដោះស្រាយជម្លោះនៅតំបន់សមុទ្រចិនខាងត្បូង។
ក្រុមអ្នកវិភាគបានប្រាប់ VOA ថា បណ្តាប្រទេសសមាជិកអាស៊ានកំពុងតែជំរុញកិច្ចពិភាក្សាជាមួយនឹងសហរដ្ឋអាមេរិក ចាប់តាំងពីរដ្ឋបាលប្រធានាធិបតីថ្មីចូលកាន់តំណែងក្នុងខែមករា។
អ្នករាយការណ៍តាមបណ្តាញផ្សព្វផ្សាយនានានិយាយថា វោហារសាស្ត្រ «អាមេរិកត្រូវតែដំបូងគេ» របស់រដ្ឋបាលប្រធានាធិបតីថ្មី និងការដកខ្លួនរបស់រដ្ឋាភិបាលអាមេរិកចេញពីកិច្ចព្រមព្រៀងភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ហៅកាត់ថា TPP បានធ្វើឲ្យក្រុមមេដឹកនាំអាស៊ានទទឹងចិត្ត។
សេដ្ឋកិច្ចតំបន់អាស៊ានបានរីកចម្រើនដោយសារពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក ដែលនាពេលបច្ចុប្បន្នមានតម្លៃ ២២៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្តែចំណាត់ការឆ្ពោះទៅរកលទ្ធិគាំពារនិយមផ្នែកពាណិជ្ជកម្ម លើកឡើងដោយក្រុមអ្នកសេដ្ឋកិច្ចអង្គការសហប្រជាជាតិនាសប្តាហ៍នេះ បានបង្កឲ្យមានការព្រួយបារម្ភពីផលប៉ះពាល់កាន់តែខ្លាំងកា្លជាមុនទៅលើកំណើនសេដ្ឋកិច្ចក្នុងតំបន់។
ការសាបរលាបនៃកិច្ចព្រមព្រៀងភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក បានផ្តល់ឱកាសកាន់តែច្រើនជាងមុនសម្រាប់ប្រទេសចិន ដែលឥឡូវនេះជាដៃគូពាណិជ្ជកម្មចម្បងក្នុងតំបន់ ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនតាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចពេញលេញក្នុងតំបន់ ហៅកាត់ថា RCEP។ សមាជិកក្នុងកិច្ចព្រមព្រៀងនេះ ក្រៅពីបណ្តាប្រទេសសមាជិកអាស៊ាន នៅមានប្រទេស អូស្រ្តាលី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងនូវែលហ្សេឡង់។
លោក Thitinan Pongsudhirak នាយកវិទ្យាស្ថានសនិ្តសុខ និងសិក្សាអន្តរជាតិនៃមហាវិទ្យាល័យ Chulalongkorn និយាយថា តាមរយៈការស្តារទំនាក់ទំនងឡើងវិញជាមួយតំបន់អាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិកកំពុងតែទទួលស្គាល់ថា ខ្លួនកំពុងតែបាត់បង់ប្រយោជន៍ទៅឲ្យប្រទេសចិន។
លោក Thitinan បានប្រាប់ VOA ថា៖ «នេះជាការបញ្ជាក់ច្បាស់ថា រដ្ឋបាលលោកត្រាំចង់ស្តារសម្ព័ន្ធភាពទ្វេភាគីទាំងនោះឡើងវិញ ហើយចង់ធ្វើការជាមួយនឹងដៃគូនានា ដូចជា ប្រទេសសិង្ហបុរី និងបណ្តាប្រទេសដទៃទៀតក្នុងតំបន់ ដើម្បីលើកកម្ពស់គោលជំហររបស់អាមេរិកក្នុងតំបន់ ដើម្បីទទួលបានចំណែកប្រយោជន៍មួយចំនួនមកវិញ តទល់នឹងប្រទេសចិន»។
កាលពីដើមសប្តាហ៍នេះ លោកប្រធានាធិបតីត្រាំបានកោះហៅនាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsein Long ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte និងនាយករដ្ឋមន្រ្តីថៃ លោក Prayut Chan-o-cha ជាមួយនឹងការអញ្ជើញលក្ខណៈឯកជនមួយមកកាន់សេតវិមាន។
ក្រុមអ្នកវិភាគនិយាយថា សំណើពីលោកដូណាល់ ត្រាំ ត្រូវបានធ្វើឡើង បន្ទាប់ពីមានសេចក្តីថ្លែងការណ៍ពីកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំកំពូលអាស៊ាន ដែលបានបន្ទាបបន្ទន់ ការដែលថា ចិនកំពុងតែពង្រីកវត្តមានផ្នែកសន្តិសុខកាន់តែធំនៅតំបន់សមុទ្រចិនខាងត្បូង តាមរយៈការសាង់សង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់កោះ ដែលមានជម្លោះ។
លោក Thitinan និយាយថា សេចក្តីថ្លែងការណ៍ចុងក្រោយរបស់អាស៊ានបានកំណត់ជាជ័យជម្នះផ្នែកការទូតមួយសម្រាប់ចិន។
«ដូច្នេះ ជាមូលដ្ឋានគឺ ចិនទទួលបានអ្វីដែលពួកគេចង់បាន ហើយឥឡូវនេះ ចិនមានក្រឡាលើ ដោយសារពួកគេមានសន្លឹកបៀរច្រើន ដើម្បីលេង»។
លោកមានប្រសាសន៍បន្តទៀតថា៖ «សហរដ្ឋអាមេរិក គឺអវត្តមានហើយ ដូច្នេះហើយបានជា លោក Tillerson ហើយឥឡូវនេះលោកដូណាល់ ត្រាំ ក៏ដូចជា រដ្ឋាភិបាលអាមេរិកទាំងមូល កំពុងតែស្តារក្រឡាខ្លួនឡើងវិញ។ ហើយអាស៊ាន គឺមានអ្វីមួយ ដែលពួកគេកំពុងតាមរក»។
ក្រុមអ្នកវិភាគនិយាយថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៅរដ្ឋធានីវ៉ាស៊ីនតោន ត្រូវបានគេយល់ឃើញថា បានផ្តល់ឱកាសសំខាន់មួយ ដើម្បីពិភាក្សាពីក្តីបារម្ភរបស់អាស៊ានជុំវិញភាពតានតឹងនៅឧបទ្វីបកូរ៉េ។
នៅចុងកិច្ចប្រជុំថ្នាក់ដឹកនាំនេះ ប្រធានាធិបតីហ្វីលីពីនលោក Duterte បានអំពាវនាវឲ្យអាមេរិក បង្ហាញការអត់ធ្មត់ក្នុងការប្រឈមផ្នែកការទូតជាមួយនឹងប្រទេសកូរ៉េខាងជើង ពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។
លោក Phil Robertson អនុប្រធានប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា ការកោះហៅរបស់ប្រធានាធិបតីអាមេរិកទៅកាន់ប្រទេសថៃ ហ្វីលីពីន និងសិង្ហបុរី បានកំណត់នូវ ការវិលត្រឡប់ទៅរកគោលនយោបាយសន្តិសុខប្រចាំតំបន់ របស់សហរដ្ឋអាមេរិក ដែលធ្លាប់បានឃើញ អំឡុងសម័យកាលសង្រ្គាមលោកលើកទីពីរ។
លោក Robertson បានប្រាប់ទៅ VOA ថា៖ «អ្វីដែលរៀងច្បាស់នោះគឺថា នៅពេលដែលអ្នកឈោងទៅរកប្រទេសសិង្ហបុរី ហ្វីលីពីន ថៃ នៅពេលតែមួយ ថ្ងៃតែមួយ គឺអ្នកកំពុងតែកោះហៅកូនខ្លា ដែលជាផ្នែកចម្បងមួយនៃវត្តមានផ្នែកសន្តិសុខរបស់អាមេរិកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក»។
លោក James Chin នាយកវិទ្យាស្ថានសិក្សាអាស៊ីនៃមហាវិទ្យាល័យ University of Tasmania បាននិយាយថា កត្តាដទៃទៀតក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានគឺ សេចក្តីសង្ឃឹមរបស់អាមេរិកក្នុងការពង្រឹងការគាំទ្រជាលក្ខណៈតំបន់ក្នុងយុទ្ធសាស្រ្តសន្តិសុខណាមួយ ដើម្បីដោះស្រាយជាមួយកូរ៉េខាងជើង។
លោក Chin បាននិយាយថា៖ «គឺវាពាក់ព័ន្ធជាមួយនឹងកូរ៉េខាងជើង និងចិន។ នៅពេលបច្ចុប្បន្ន គឺវាពាក់ព័ន្ធនឹងប្រទេសកូរ៉េខាងជើងជាង។ គឺ អំពីការបង្កើតជាក្រុមចម្រុះមួយ។ ខ្ញុំសង្ស័យថា ពួកគេកំពុងតែស្ថិតនៅក្នុងដំណើរការតទល់នឹងកូរ៉េខាងជើង មិនថាចិនកំពុងតែធ្វើអ្វីនោះទេ ដូច្នេះពួកគេ [កំពុងព្យាយាម] រៀបចំជាក្រុមចម្រុះណាមួយហើយ»។
ក្រុមអ្នកវិភាគនិយាយថា អាស៊ាន ដែលកំពុងតែមានការខ្វែងគ្នាចំពោះការគាំទ្ររវាងចិន និងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងរួបរួមគ្នា ប្រសិនបើសហរដ្ឋអាមេរិក និងចិនសហការគ្នាដើម្បីសម្រួលភាពតានតឹងនៅឧបទ្វីបកូរ៉េ៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា