មន្ត្រីកំពូលៗរបស់គណបក្សកុម្មុយនិស្តចិនរាប់រយនាក់ នឹងជួបប្រជុំគ្នានៅក្នុងទីក្រុងប៉េកាំង រយៈពេល ៤ ថ្ងៃ នាសប្ដាហ៍នេះ នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី ៦ របស់គណៈកម្មការកណ្ដាលទី ១៨ នៃគណបក្សកុម្មុយនិស្តចិន។ នេះបើតាមការរាយការណ៍ឲ្យដឹងដោយទីភ្នាក់ងារព័ត៌មាន Xinhua ដែលជាទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ចិន។
អ្នកដែលចូលរួមនៅក្នុងកិច្ចប្រជុំនោះមានដូចជា មេដឹកនាំរដ្ឋ រដ្ឋមន្ត្រី មន្ត្រីយោធា អភិបាលខេត្ត និងបញ្ញវន្តកំពូលៗ។ ការប្រជុំនេះអាចផ្ដល់នូវគន្លឹះអំពីទិសដៅនៃគោលនយោបាយរបស់គណបក្ស។
គោលនយោបាយគណបក្សចម្បងប្រចាំឆ្នាំនេះគឺ យុទ្ធនាការប្រឆាំងអំពើពុករលួយរបស់លោកប្រធានាធិបតីចិន Xi Jinping ដែលយុទ្ធនាការនេះត្រូវបានទីភ្នាក់ងារព័ត៌មាន Xinhua រាយការណ៍ឲ្យដឹងថា បានអនុវត្តនូវការដាក់ទោសទណ្ឌដល់មនុស្សច្រើនជាងមួយលាននាក់។ កិច្ចប្រជុំនេះធ្វើឡើងប្រហែលមួយឆ្នាំមុនពេលការធ្វើសមាជគណបក្សជាតិលើកទី ១៩ ដែលការធ្វើសមាជនេះគឺដើម្បីជ្រើសតាំងលោកប្រធានាធិបតី Xi Jinping ឲ្យបន្តធ្វើអគ្គលេខាធិការរបស់គណបក្សកាន់អំណាចនៅក្នុងអាណត្តិទីពីរដែលមានរយៈពេល ៥ ឆ្នាំ បន្តទៀត។
កិច្ចប្រជុំពេញអង្គលើកទី ៦ របស់គណៈកម្មការកណ្ដាលទី ១៨ នៃគណបក្សកុម្មុយនិស្តចិននេះ ធ្វើឡើង ស្របពេលដែលប្រទេសចិនកំពុងឡោមព័ទ្ធដោយបញ្ហាសេដ្ឋកិច្ចយឺតយ៉ាវ បញ្ហាបំណុលខ្ពស់ និងបញ្ហាវិសមភាពប្រាក់ចំណូល៕