ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ជា​មេឃុំ​​គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋានម្នាក់​នៅខេត្ត​កំពត​ រង​ការគំរាម​កំហែងពី​មន្ត្រីកសិកម្ម​ខេត្ត​ ពាក់​ព័ន្ធ​នឹង​ការ​ធ្វើនយោបាយ


គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ចាប់​ផ្តើម​ហែក្បួន​ឃោសនា​ការបោះ​ឆ្នោត​ថ្ងៃ​ដំបូង​នៅ​សង្កាត់កោះ​ដាច់​ ខណ្ឌ​ជ្រោយ​ចង្វារ​ នៅ​​រាជធានី​ភ្នំពេញ​ ថ្ងៃទី​២១ ខែឧសភា​ ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ចាប់​ផ្តើម​ហែក្បួន​ឃោសនា​ការបោះ​ឆ្នោត​ថ្ងៃ​ដំបូង​នៅ​សង្កាត់កោះ​ដាច់​ ខណ្ឌ​ជ្រោយ​ចង្វារ​ នៅ​​រាជធានី​ភ្នំពេញ​ ថ្ងៃទី​២១ ខែឧសភា​ ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

បេក្ខ​ភាព​ឈរ​ឈ្មោះ​ជា​មេឃុំ​ម្នាក់របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូ​លដ្ឋាន​ នៅ​ក្នុង​ឃុំ​ដំណាក់​សុក្រំ ស្រុក​ដង​ទង់ ខេត្ត​កំពត និ​ង​មាន​តួនាទី​ជា​ប្រធា​ន​សហ​គម​ន៍កសិ​កម្ម បាន​ឱ្យ​ដឹងនៅថ្ងៃ​ពុធ​នេះ​ថា ​លោក​ត្រូវ​បាន​ប្រធាន​មន្ទីរ​កសិ​កម្ម​ខេត្ត​ ​បង្ខំ​ឱ្យ​លាលែង​ពី​តំណែងជាប្រធានសហគមន៍​ ប្រសិន​បើ​ចង់ឈរ​ឈ្មោះ​ជា​បេក្ខ​ភាព​មេឃុំ​ សម្រាប់​គណ​បក្ស​នយោបាយ​ក្នុងការ​បោះ​ឆ្នោត​នា​ខែ​មិថុនា​ខាង​មុខ​នេះ​។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ហៅកាត់​ថា​ គ.ប.ម​ ដែល​បង្កើត​ឡើង​ដោយ​អតីត​មេដឹកនាំ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​មួយក្រុម​ បាន​ដាក់​បេក្ខជន​ឱ្យ​ឈរឈ្មោះ​ក្នុងកា​របោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី​៥​នៅ​តាម​ឃុំ​សង្កាត់​ចំនួន​៣២​ ក្នុងចំណោម​ឃុំសង្កាត់​សរុប​ចំនួន​១៦៥២នៅទូទាំង​ប្រទេស​។ ដោយឡែក​នៅ​ឃុំ​ដំណាក់​សុក្រំ ស្រុក​ដង​ទង់ ខេត្ត​កំពត គណបក្ស​នេះ​រំពឹង​ថា​ បេក្ខជន​ខ្លួន​នឹង​អាច​ជាប់​ឆ្នោត​ធ្វើ​ជា​មេ​ឃុំ​។

​លោក​ អ៊ួន​ សុ​ផល ​អាយុ​៦០​ឆ្នាំ ជា​ប្រធាន​សហគ​មន៍​កសិកម្ម​រតនៈពល​រដ្ឋ​សាមគ្គី ស្ថិត​ក្នុង​ឃុំ​ដំណាក់​សុក្រំ​ និង​បច្ចុប្បន្ន​ជា​ជំទប់​ឃុំ​ទី២ ​ដែល​មាន​កូតា​មក​ពី​គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន​តាំង​ពីឆ្នាំ​២០​១៧​ ​ប្រាប់​វីអូអេ​ថា​ កាល​ពី​ថ្ងៃទី១៩​ខែ​ឧសភា​នេះ ​លោក​បា​ន​ទទួល​រងសម្តី​គំរាម​ពី​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពត​ ដែល​បានចុះ​ទៅ​ជួបលោក​ និងបង្ខំ​លោក​ឱ្យលា​ឈប់​ពី​តំណែង​ជា​ប្រធាន​សហ​គមន៍​ ​ប្រសិន​បើ​លោក​នៅ​តែឈរ​ឈ្មោះ​ជា​បេក្ខ​ភាព​មេ​ឃុំ​របស់​គណ​បក្ស​ដែល​មាន​ស្លាក​សញ្ញា​ត្រីកោណ​មួយនេះ។

​លោក អ៊ួន​ សុ​ផល បន្ត​ថា តួនាទី​ប្រធាន​សហ​គមន៍​នេះ​ ​គឺ​កើត​ចេញពីការ​បោះឆ្នោត​គាំទ្រតាម​រយៈ​ការធ្វើសមាជ និង​សន្និ​បាតរ​បស់​ប្រជា​ពល​រដ្ឋ​ និង​សមា​ជិក​ក្នុង​សហគមន៍ ដោយ​មិន​បាន​ទទួល​ប្រាក់​ខែរដ្ឋ​នោះ​ទេ ​តែ​សមា​ជិក​សហគមន៍​បាន​ផ្តល់​ថវិកា​ឧបត្ថម្ភបន្តិច​បន្តួច​ប៉ុណ្ណោះ​ដើម្បី​បំពេញ​ការងារ​។

ប៉ុន្តែ​លោកនិយាយ​ថាសហ​គមន៍​នេះ គឺ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​មន្ទីរ​កសិកម្ម​ខេត្ត​។ លោក​ចាត់​ទុក​ការ​ហាម​ឃាត់​ និ​ង​បង្ខំ​ឱ្យ​រូប​លោក​លា​លែង​ពី​តំណែងបែបនេះ​ ជា​ការ​បិទសិទ្ធិ​សេរី​ភាព​របស់​រូប​លោក​ក្នុង​ការ​ចូល​រួម​សកម្ម​ភាព​នយោ​បាយ។

លោក​និយាយថា៖ ​«​ខ្ញុំ​សូម​ពីរ​។ ទី​មួយ​សូម​លិខិត​ដើម្បី​ឱ្យខ្ញុំ​លា​លែង​ពីមន្ទីរ​យោង​តាម​ច្បាប់​ណា​មួយ​អ៊ីចឹង​មក​។ ហើយ​ទីពីរ​សូម​ឱ្យធ្វើ​មហា​សន្និ​បាត​វិសា​មញ្ញ​ដើម្បី​ការ​លា​ឈប់​ពី​សមា​ជិក។ អ៊ីចឹង​ ពេល​នេះ អត់​ទាន់​មាន​ឃើញ​លិខិត​ណា​មួយ​មក​ទេ»។

បើតាម​ ​លោក អ៊ួន​ សុ​ផល​ នៅ​ពេល​លោក​បំពេញ​ការ​ងារ​បានរយៈពេល​៥ឆ្នាំ​កន្លងមកនោះ​ គឺ​លោក​ជា​រឿយ​ៗ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ប្រជា​ពលរដ្ឋ និ​ង​ភាគី​ពាក់​ព័ន្ធ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មន្ត្រី​ដែល​មាន​និន្នាការ​គណ​បក្ស​កាន់​អំណាច​ អាចមាន​ការ​ភ័យ​ខ្លាច​នឹងប្រជាប្រិយ​ភាព​របស់​លោក ដែល​អាច​នឹងដណ្តើម​តំណែង​ជា​មេឃុំ​បាន​នា​ពេល​ខាង​មុខ​នោះ​។

​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពត ​លោក ចាន់​ រិទ្ធិ ចាត់​ទុក​ សកម្ម​ភាព​របស់​លោក ​អ៊ួន សុផល​ ដែល​ជា​ប្រធាន​សហ​គមន៍​មួយ​រូប​នោះ គឺ​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​សហ​គមន៍ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ​កសិ​កម្ម​ខេត្ត។ ទោះជាយ៉ាង​ណា​ លោកមិនអាចបញ្ជាក់​បាន​ថា​ តើ​ការ​ធ្វើ​នយោបាយ​របស់​លោក ​អ៊ួន សុផល​ នៅ​កម្រិត​មូលដ្ឋាន​ បាន​នឹង​កំពុងធ្វើ​ឡើង​ស្រប​តាម​ ឬ​ក៏ផ្ទុយ​នឹង​ច្បាប់​ពាក់​ព័ន្ធ​ណាមួយ​ក្នុង​ដំណើរ​ការ​ចូលរួម​ឈរ​បោះឆ្នោត​ ឬ​យ៉ាង​ណា​ទេ។

លោក​ថ្លែង​ថា៖ ​«ប្រធាន​សហគមន៍ គឺមិនមែនជាប្រធាន​គណបក្ស​ណាមួយ​នោះទេ គណបក្ស​ធំ គណបក្ស​ប្រជាជន​ក៏ដោយ​មិនឱ្យ​ដាច់ខាត ក្នុង​នាម​មន្ទីរ​ជំនាញ​គឺ​បាន​ន័យ​ថា អ៊ីចឹង​ខ្លួន​ឯង​យក​សហ​គមន៍​ដែល​ខ្ញុំ​ខំ​បង្កើត​ ជួយ​បង្កើត​ឱ្យហ្នឹង​ ដើម្បី​បម្រើ​ផល​ប្រយោជន៍​គណ​បក្ស​អ៊ីចឹង​ហ៍​»។

អគ្គ​លេខា​ធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ​សាម អ៊ីន ​សោកស្តាយចំពោះ​ទង្វើរបស់​អាជ្ញាធរ​មូលដ្ឋាន និ​ង​មន្ត្រី​រាជ​ការ​ដែ​ល​មាន​និន្នការ​គាំទ្រ​គណបក្ស​កាន់​អំណាច ​ដោយ​លោក​អះអាង​ថា​ តែងតែប្រើ​អំណាច​របស់​ខ្លួន​ខុស​ពីច្បាប់ដើរគំរាម​កំហែង​សកម្ម​ជន​គណ​បក្ស​ផ្សេង​យ៉ាង​ដូច្នេះ​។ លោក​បន្ថែម​ថា មន្ត្រី​រាជការ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ​ត្រូវ​តែ​រក្សាអព្យាក្រឹត​ភាព​ខ្លួន​ ក្នុង​ការ​បំពេញ​ការ​ងារ និង​សូមកុំ​បង្ហាញ​ការ​លម្អៀង​ផ្នែក​នយោបាយ​។

​លោកថ្លែង​ថា៖ ​«អត់​មាន​ប្រើ​សិទ្ធិ​អំណាច​អ្វី​ បង្ខំ​ឱ្យគេ​លាឈប់ ​លាអីទេ ​អាហ្នឹង​ជាការ​ប្រើប្រាស់​សិទ្ធិអំណាច​ខុស​ហើយ​ ខុស​ផ្លូវ​ច្បាប់​ និង​តួនាទី​របស់​ខ្លួន​ហើយ​»។

អ្នក​នាំ​ពាក្យ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​លោក​ ហង្ស ពុទ្ធា​ ពន្យល់​ថា​ ​បើសិន​ជា​មន្ត្រីរាជ​ការ​ចង់​ឈរ​ឈ្មោះ​ជាតំណែង​មេឃុំ ឬឈរ​ឈ្មោះ​បោះឆ្នោត​ ត្រូវ​សុំ​ច្បាប់​ឈប់​សម្រាក់​ពិសេស​មុនថ្ងៃ​បើក​យុទ្ធនា​ការ​ឃោសនា​បោះឆ្នោត​ រហូត​ដល់ថ្ងៃ​ប្រកាស​លទ្ធ​ផល​ជា​ផ្លូវការ​។ តែ​លោក​ថា ​ករណី​ប្រធាន​សហ​គមន៍​ មិន​ទទួល​បានប្រាក់​ខែ​រដ្ឋ ដែល​ចង់​ឈរ​ឈ្មោះ​ជា​តំណែង​មេឃុំ​ គឺ​មិន​មាន​ច្បាប់​ណា​មួយ​ចែង​ ឬ​ហាម​ឃាត់​នោះ​ទេ​។

លោក​ថ្លែង​ថា​៖ ​«បើ​សិន​ជា​គាត់​ជាបេក្ខជន ហើយ​គាត់​មាន​ក្របខណ្ឌ​មន្ត្រីរាជការ​ នោះ​គាត់​ត្រូវ​ធ្វើ​លិខិត​សុំ​ច្បាប់​ពិសេស​រហូត​ដល់ថ្ងៃប្រកាស​លទ្ធផល​បោះ​ឆ្នោត។ ប៉ុន្តែនេះ គាត់​មិនមែនជា​មន្ត្រីរាជ​ការ​ទទួល​ប្រាក់​បៀវត្សរ៍​របស់​រដ្ឋ​ទេ អ៊ីចឹង​គាត់​មិនមាន​អ្វីពាក់ព័ន្ធនឹង​នីតិ​វិធីដែល​ ខ្ញុំត្រូវ​ឆ្លើយ​ថាគាត់​ គួរ​ធ្វើ​យ៉ាង​ណា ឬធ្វើ​យ៉ាង​ណីនោះទេ»។

បើ​តាម​«បទ​បញ្ជា​ និងនីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥»​ ក្នុងជំពូក​ទី​៦ បាន​ឱ្យ​ដឹង​ថា ​ភាព​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ គឺ​ប្រជា​ពល​រដ្ឋ​ទាំងពីរភេទ​មាន​សញ្ជាតិ​ខ្មែរ​ពីដើម​កំណើត​ ហើយ​ត្រូវ​ចេះអាន​និង​សរសេរ​អក្សរ​ខ្មែរ មាន​អាយុ​យ៉ាង​តិច​២៥​ឆ្នាំ​ និ​ង​បាន​ចុះ​បញ្ជី​ក្នុង​សង្កាត់​ដែល​មានបំណង​ឈរ​ឈ្មោះ​។

មន្រ្តី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល លោក​ កន សាវាង្ស​ បានលើកឡើងថា​ ចំពោះ​បុគ្គល​សហ​គមន៍ ​គឺ​មិន​មាន​ច្បាប់​ណា​មួយ​ហាម​ឃាត់មិន​ឱ្យ​ចូល​រួម​ធ្វើ​នយោ​បាយ​ជា​មួយគណ​បក្ស​នយោ​បាយ​ណា​មួយ​នោះ​ទេ។ ​លោក​ចាត់​ទុក​ការ​បង្ខំរបស់​ប្រធាន​មន្ទីរ​កសិកម្មខេត្តកំពត​ ឱ្យប្រធានសហគមន៍ក្នុង​ឃុំ​ដំណាក់​សុក្រំ លាលែង​ពីតំណែង​នេះ​ ថា​ជា​ទម្រង់​នៃការ​បំពាន​សិទ្ធិ​នយោ​បាយ​ ដែល​អាច​បើកផ្លូវ​ឱ្យ​មាន​ការ​ប្តឹង​ផ្តល់គ្នាទៅតុលាការ​ផងដែររវាង​គូភាគី​ទំនាស់​៕

XS
SM
MD
LG