គណបក្សជំទាស់ធំជាងគេនៅកម្ពុជា គឺគណបក្សសង្គ្រោះជាតិ សម្រេចធ្វើកំណែទម្រង់ផ្ទៃក្នុងពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ ខណៈការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ កាន់តែខិតជិតមកដល់។
គណបក្សសង្គ្រោះជាតិ បានសម្រេចធ្វើកំណែទម្រង់លើចំណុច៣សំខាន់ៗ។ ទី១ គឺការជំរុញសាធារណជន ជាពិសេសយុវជន ឲ្យដាក់ពាក្យធ្វើជាបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ឲ្យបានច្រើន។ ទី២ គឺការផ្ទេរសិទ្ធិដល់គណៈកម្មាធិការប្រតិបត្តិថ្នាក់មូលដ្ឋាន ឲ្យធ្វើជាតំណាងទទួលពាក្យចុះឈ្មោះជាភ្នាក់ងារគណបក្សនយោបាយ។ និងទី៣ គឺការពង្រឹងសមត្ថភាពមន្ត្រីគណបក្សថ្នាក់មូលដ្ឋាន ការរៀបចំ និងបណ្ដុះបណ្ដាលភ្នាក់ងារគណបក្សសម្រាប់កិច្ចការបោះឆ្នោត ព្រមទាំងការជំរុញឲ្យពលរដ្ឋកម្ពុជាធ្វើអត្តសញ្ញាណប័ណ្ណ និងចុះឈ្មោះបោះឆ្នោតនាខែកញ្ញាខាងមុខ។
សេចក្តីសម្រេចនេះ ជាលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស កាលពីថ្ងៃច័ន្ទ ទី២៥ ដើម្បីរៀបចំយុទ្ធសាស្ត្រ សម្រាប់ការបោះឆ្នោតឃុំ សង្កាត់ នាខែមិថុនា ឆ្នាំ២០១៧ខាងមុខ។
លោក ប៉ុល ហំម មន្ត្រីជាន់ខ្ពស់គណបក្សជំទាស់ ថ្លែងប្រាប់ក្រុមអ្នកគាំទ្រនៅទីស្នាក់ការគណបក្សនៅព្រឹកថ្ងៃអង្គារនេះថា គណបក្សនេះនឹងបន្តធ្វើកំណទម្រង់បន្ថែមទៀត ពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ ដើម្បីត្រៀមខ្លួនចំពោះការបោះឆ្នោតខាងមុខ៕