ក្រុមអ្នកតំណាងរាស្រ្តកម្ពុជាបាននាំគ្នាចូលមកជួបពិភាក្សាជាមួយនឹងមន្ត្រី និងអ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន ដោយសម្តែងការព្រួយបារម្ភពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យកម្ពុជា។
ជំនួបកាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅនេះជា ទិដ្ឋភាពមួយ ដែលកម្របានឃើញក្នុងរយៈពេលជិត ១០ឆ្នាំនេះ។
កាលពីពាក់កណ្តាលឆ្នាំ២០០៩ ទិដ្ឋភាពស្រដៀងគ្នានេះបានកើតមានម្តងដែរ ដែលក្រុមអ្នកតំណាងរាស្រ្តមកពីគណបក្សចំនួនបីគឺ គណបក្សប្រជាជនកម្ពុជា គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានមកជួបសមភាគីសហរដ្ឋអាមេរិក ដើម្បីសិក្សាពីតម្លាភាពរបស់រដ្ឋាភិបាល តុល្យភាពអំណាច និងស្វែងរកវិធីពង្រឹងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
កម្មវិធីនៅពេលនោះរៀបចំដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) និងវិទ្យាស្ថានតំណាងរដ្ឋាភិបាល (IRG) របស់សហរដ្ឋអាមេរិក។
ប៉ុន្តែនៅលើកនេះក្រុមអ្នកតំណាងរាស្ត្រចំនួន ៦រូបដែលមកតែពីគណបក្សសង្គ្រោះជាតិរួមគ្នាជាមួយនឹងលោកសមរង្ស៊ី អតីតប្រធានគណបក្សបានមករៀបរាប់ពីការរំលាយគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា និងស្នើសុំឱ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ ដើម្បីទប់ស្កាត់ប្រទេសកម្ពុជាមិនឱ្យធ្លាក់ទៅក្នុងការដឹកនាំផ្តាច់ការ។ អ្នកតំណាងរាស្រ្តទាំងនោះមានលោកស្រី ជូឡុង សូម៉ូរា លោក អេង ឆៃអ៊ាង លោក នុត រំដួល លោក ហូរ វ៉ាន់ លោកតុ វ៉ាន់ចាន់ និងលោក អ៊ុច សេរីយុទ្ធ។
អ្នកតំណាងរាស្រ្តទាំងនេះបានជួបជាមួយនឹងអ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកដ៏មានឥទ្ធិពលជាច្រើនរូបក្នុងនោះមានលោក អាឡាំង ឡូវឹនសល និងលោក ស្ទីវ ឆាបុត សហប្រធានក្រុមការងារទទួលបន្ទុកកិច្ចការកម្ពុជា និងលោក Cory Gardner ដែលជា សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក និងជា ប្រធានអនុគណៈកម្មាធិការកិច្ចការទ្វីបអាស៊ីភាគខាងកើត ក្នុងគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក។
លោក តុ វ៉ាន់ចាន់ អ្នកតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តកណ្តាល និងជាពលរដ្ឋខ្មែរអាមេរិកាំងបានបញ្ជាក់ថា នេះគឺជា លើកទីមួយរបស់លោក ហើយដែលបានមកជួបជាមួយនឹងមន្ត្រីនិងអ្នកតំណាងរាស្រ្តសហរដ្ឋអាមរិកនៅរដ្ឋធានីវ៉ាស៊ីនតោន។
លោក វ៉ាន់ចាន់ សម្តែងពីសុទិដ្ឋិនិយម៖
«ខ្ញុំសង្កេតឃើញថា ក្នុងដំណើរបេសកកម្មរបស់យើងជើងនេះមកជួបកន្លែងណានៅគ្រប់កន្លែងទាំងអស់ឃើញគេយល់រឿង ហើយគេពន្យល់អំពីសកម្មភាព ហើយនឹងគេត្រូវធ្វើឱ្យយើងស្តាប់ ហើយខ្ញុំមើលឃើញថា មានប្រសិទ្ធភាពនឹងគ្រោះថ្នាក់សម្រាប់រដ្ឋាភិបាល ដែលកំពុងតែធ្វើមកលើគណបក្សសង្គ្រោះជាតិ»។
វិបត្តិនយោបាយកម្ពុជាបានចាប់ផ្តើមពីដើមខែកញ្ញា នៅពេលដែលកងកម្លាំងប៉ូលិសបានចាប់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិទៅដាក់ពន្ធនាគារ ហើយចោទពីបទក្បត់ជាតិ។
យុទ្ធនាការបង្ក្រាបលើក្រុមអ្នកប្រជាធិបតេយ្យនេះបន្តមកលើអ្នកសារព័ត៌មានឯករាជ្យ អង្គការសង្គមស៊ីវិល និងសូម្បីតែវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ដែលធ្លាប់រៀបចំដំណើរទស្សនកិច្ចឱ្យអ្នកតំណាងរាស្រ្តពីពេលមុនក៏ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជាផងដែរ។
តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ខែវិច្ឆិកា ដោយចោទពីបទក្បត់ជាតិឃុបឃិតជាមួយនឹងសហរដ្ឋអាមេរិករៀបចំធ្វើបដិវត្តន៍ពណ៌ ហើយបានហាមឃាត់មន្ត្រីចំនួន ១១៨នាក់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ អ្នកតំណាងរាស្ត្រចំនួន៥៥នាក់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង ៥០០០នាក់ ត្រូវបាត់បង់តំណែង។
លោក ហូរ វ៉ាន់ អ្នកតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលរាជធានីភ្នំពេញបានដាក់កំហុសលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ។
លោកបានបន្ថែមថា៖
«ដោយសារតែលោក ហ៊ុន សែន ម្នាក់គត់អាចធ្វើឱ្យប្រទេសយើងធ្លាក់ទៅដល់គ្រោះថ្នាក់បាត់បង់ប្រជាធិបតេយ្យទៅជាអំពើផ្តាច់ការគឺ យើងទាំងអស់គ្នាសោកស្តាយ ហើយយើងទាំងអស់គ្នាទាំងខ្ញុំទាំងគណបក្សទាំងប្រជាពលរដ្ឋគឺ នឹងតស៊ូមតិយ៉ាងណាឱ្យបានលទ្ធិប្រជាធិបតេយ្យ និងការដឹកនាំមួយដ៏ត្រឹមត្រូវនៅប្រទេសកម្ពុជាឡើងវិញ ព្រោះអីយើងតស៊ូនេះច្រើនឆ្នាំមកហើយ។ នេះហើយដែលជា គោលបំណងរបស់យើង»។
លោក ហូរ វ៉ាន់ ដែលជាប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភាបានលើកឡើងថា ការគាំទ្រមកលើគណបក្សរបស់លោកនៅរាជធានីភ្នំពេញមានច្រើនដោយសារពលរដ្ឋយល់ពីសកម្មភាពនយោបាយរបស់គណបក្សសង្គ្រោះជាតិដែលលើកកម្ពស់ការប្រកួតប្រជែងតាមលទ្ធិប្រជាធិបតេយ្យ។ លោកថា ការចោទពីបដិវត្តន៍ពណ៌គឺជា ការមើលងាយដល់ពលរដ្ឋទៅវិញទេ។
«មិនបាច់បដិវត្តន៍ពណ៌ស្អីទៀត បើសំឡេងឈ្នះតែរហូតហ្នឹង ហើយបើអាណត្តិ២០១៨កាន់តែឡើងទៅទៀត។ តើបដិវត្តន៍ពណ៌ស្អីបើឈ្នះទៅហើយ? ទៅធ្វើបដិវត្តន៍ពណ៌ស្អី? ព្រោះថា យើងឈ្នះដោយសន្លឹកឆ្នោត។ យើងដើរឆ្ពោះទៅរកការបោះឆ្នោត ដោយការបោះឆ្នោត ដោយត្រឹមត្រូវដោយសេរី និងយុត្តិធម៌ ហើយនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន។ នេះជាគោលបំណងរួមរបស់គណបក្សយើង»។
ម្តងម្កាលគេសង្កេតឃើញវត្តមានរបស់លោក ហូរ វ៉ាន់ ជាមួយនឹងក្រុមកម្មករ ដែលតវ៉ាហើយពេលខ្លះលោកក៏ត្រូវអាជ្ញាធរបណ្តេញចេញផងដែរ ក្នុងពេលចូលរួមដោះសា្រយបញ្ហារបស់គេ។
នៅក្នុងចំណោមភស្តុតាង ដែលរដ្ឋាភិបាលបានប្រើប្រាស់ដាក់បន្ទុកគឺ មានរូបភាពបាតុកម្មកាលពីចុងឆ្នាំ ២០១៣ និងដើមឆ្នាំ ២០១៤ ដែលគណបក្សសង្គ្រោះជាតិតវ៉ាប្រឆាំងនឹងលទ្ធផលឆ្នោត។
លោក ហូរ វ៉ាន់ ដែលធ្លាប់បានដឹកនាំបាតុកម្មបានបញ្ជាក់ថា៖
«ការពិតយើងតស៊ូមតិ ដោយអហិង្សាទោះជាយើងធ្លាប់ធ្វើបាតុកម្មមកក៏ដោយគឺ បាតុកម្មនោះសំដៅលើការដូរគ.ជ.បជាថ្មី។ នេះហើយជា ការធ្វើដល់ទិសដៅរបស់យើងមិនមែនបដិវត្តន៍ពណ៌ស្អី»។
ក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៣ គណបក្សប្រឆាំងបានឈ្នះនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្តាល ព្រៃវែង និងខេត្តកំពង់ចាម ដែលជាខេត្តកំណើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក អ៊ុច សេរីយុទ្ធ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាមបានបញ្ជាក់ថា៖
«យើងដឹងហើយប្រវត្តិសាស្រ្តនៃប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ចាមតាំងពីទសវត្សរ៍ ៦០ប្រជាពលរដ្ឋមានការយល់ ហើយមានការរើបម្រះទាមទារលទ្ធិប្រជាធិបតេយ្យតាំងពីជំនាន់នោះមកម្ល៉េះ»។
លោក សេរីយុទ្ធ យល់ថា បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិ ដោយតុលាការកំពូលគឺ ប្រជាពលរដ្ឋ កំពុងតែនៅស្ងៀមមួយអន្លើសិន ហើយយើងរង់ចាំមើលថា តើយុទ្ធសាស្រ្តបែបណាឬក៏វិធីសាស្ត្របែបណា ដែលគណបក្សសង្គ្រោះជាតិនឹងផ្តល់ជូនសកម្មជនថា នឹងត្រូវអនុវត្តយ៉ាងម៉េច។
លោក សេរីយុទ្ធ បានស្នើសុំឱ្យពលរដ្ឋបន្តការអត់ធ្មត់៖
«សូមរក្សានូវភាពអត់ធ្មត់មិនយូរទេ យើងនឹងទទួលបានជ័យជំនះ ហើយទៅដល់គោលដៅរបស់យើងហើយ សូមបងប្អូនទាំងអស់ធ្វើម៉េចចូលរួមនៅជុំវិញគណបក្សសង្គ្រោះជាតិ ដើម្បីយើងតស៊ូដើម្បីសង្គ្រោះជាតិ ដែលកំពុងស្ថិតនៅក្នុងភាពមហន្តរាយដ៏គ្រោះថ្នាក់នៅក្នុងពេលខាងមុខ»។
គណបក្សសង្គ្រោះជាតិបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួនបីចំណុច ដើម្បីដោះស្រាយវិបត្តិនយោបាយនៅកម្ពុជាក្នុងនោះមានដូចជាការស្នើឱ្យអន្តរជាតិដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា ដោះលែងលោកកឹម សុខា ប្រធានគណបក្ស និងអ្នកទោសនយោបាយដទៃទៀតក៏ដូចជា បើកលំហសេរីភាពសម្រាប់អ្នកសារព័ត៌មានឯករាជ្យ និងអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិបានចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៨។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា រហូតមកដល់ពេលនេះសម្ពាធមកពីបស្ចិមប្រទេសមានដូចជា សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប អូស្រ្តាលី និងបារាំងជាដើម។
លោកបានបន្ថែមថា៖
«ប្រតិកម្មនេះគឺ គេមិនថយទេ បើកាលណា លោក ហ៊ុន សែន មិនថយក្រោយគឺ គេនឹងចាត់វិធានការជាក់ស្តែងជាបន្តបន្ទាប់ទៀត»។
ក្នុងចំណោមវិធានការជាក់ស្តែង ដែលគេព្រួយបារម្ភគឺ ឋានៈពន្ធអនុគ្រោះដែលកម្ពុជាទទួលបានពីសហរដ្ឋអាមេរិក (GSP) និងកម្មវិធី «អ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ» (EBA) ដែលកម្ពុជាទទួលពីសហគមន៍អឺរ៉ុប ហើយកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារទាំងពីរនេះសម្រាប់ផ្តល់ការងារដល់កម្មករ-កម្មការិនីជាង៧០ម៉ឺននាក់ និងផលិតផលកសិកម្ម។
លោក នុត រំដួល អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺថា បើទោះបីជាខេត្តនេះមានកម្មកររោងចក្រកាត់ដេរជាច្រើន ប៉ុន្តែយល់ថា ពួកគេនឹងមិនមានប្រតិកម្មអ្វីទេ ប្រសិនបើមានការដាក់ទណ្ឌកម្មពីអន្តរជាតិ។
លោកបានបន្ថែមថា៖
«ប្រជាពលរដ្ឋភាគច្រើនកម្មករកម្មការិនីភាគច្រើន អត់មានការព្រួយបារម្ភទេ យ៉ាងម៉េចបានខ្ញុំជម្រាបថា អត់មានការព្រួយបារម្ភគាត់ថា ទោះបីគណបក្សប្រជាជនទទួលយកសំឡេងឆ្នោតរបស់គណបក្សសង្គ្រោះជាតិទៅកាន់កាប់ហើយបង្កើតរោងចក្រអ្វី ក៏ដោយគាត់ថា ប្រាក់ខែរបស់គាត់នៅតែប៉ុណ្ណឹងដដែល ហើយគាត់មានជំនឿថា កាលណាគណបក្សសង្គ្រោះជាតិកាន់កាប់ប្រទេសជាតិគឺ មានតែគណបក្សសង្គ្រោះជាតិទេ ដែលអាចជួយជ្រោមជ្រែងប្រជាពលរដ្ឋឱ្យមានការរស់នៅដ៏ថ្លៃថ្នូរ»។
អ្នកតំណាងរាស្រ្ត និងសកម្មជនគណបក្សសង្គ្រោះជាតិជាច្រើននាក់ បានរត់ភៀសខ្លួនចេញពីប្រទេស ដោយអ្នកខ្លះទៅធ្វើយុទ្ធនាការនៅ សហគមន៍អឺរ៉ុប អូស្ត្រាលី សហរដ្ឋអាមេរិក និងអ្នកខ្លះសំងំលាក់ខ្លួននៅប្រទេសថៃជាដើម។
លោក នុត រំដួល បានបញ្ជាក់ថា លោកនឹងវិលត្រឡប់ទៅប្រទេសកម្ពុជា ដោយមិនភ័យខ្លាចពីការហាមឃាត់អ្វីទេ។
«ខ្ញុំដូចជា អត់មានការព្រួយបារម្ភអ្វីផង ព្រោះខ្ញុំជា តំណាងរាស្រ្តជាប់ឆ្នោតដោយសារប្រជាពលរដ្ឋ»។
លោក នុត រំដួល និងអ្នកតំណាងរាស្ត្រចំនួន៦នាក់ផ្សេងទៀតក៏ធ្លាប់ត្រូវអាជ្ញាធរចាប់ខ្លួនកាលពីខែកក្កដាឆ្នាំ ២០១៤ ពាក់ព័ន្ធនឹងការធ្វើបាតុកម្ម ដើម្បីរំដោះទីលានប្រជាធិបតេយ្យ។
សហរដ្ឋអាមេរិកបានបញ្ជាក់ថា ការចោទប្រកាន់ថា ប្រទេសមហាអំណាចនេះនៅពីក្រោយគណបក្សសង្គ្រោះជាតិឱ្យរៀបចំបដិវត្តន៍ពណ៌គឺជា រឿងមិនពិតហើយ គ្មានមជ្ឈដ្ឋានរដ្ឋាភិបាល ឬសង្គមស៊ីវិលសហរដ្ឋអាមេរិកណាជឿលើការចោទប្រកាន់នោះឡើយ។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា William Heidt បានបញ្ជាក់ប្រាប់ VOA ក្នុងបទសម្ភាសន៍ផ្តាច់មុខនៅរាជធានីភ្នំពេញថា បើទោះជាមានភាពល្អក់កករក្នុងទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក និងមានការចោទនានាដល់សហរដ្ឋអាមេរិក រដ្ឋាភិបាលនៃប្រទេសមហាអំណាចនេះ នៅតែបន្តជួយដល់ប្រទេសកម្ពុជា ជាពិសេសការពង្រឹងទីផ្សារ និងទាក់ទាញអ្នកវិនិយោគទុនអាមេរិកាំងមកប្រទេសកម្ពុជា។
យ៉ាងណាក៏ដោយ មានប្រទេសចំនួនពីរបានប្រកាសសើរើជំនួយរបស់ខ្លួនមកកម្ពុជា។ ប្រទេសស៊ុយអែតបានកាត់បន្ថយជំនួយអភិវឌ្ឍន៍ ហើយសហរដ្ឋអាមេរិកបានបញ្ចប់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ក្នុងខណៈពេលដែលព្រឹទ្ធសភាអាមេរិកាំងបានស្នើឱ្យដាក់លក្ខខណ្ឌជំនួយទៅកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា លោកស្វាគមន៍ការកាត់ជំនួយទាំងអស់របស់សហរដ្ឋអាមេរិក ដោយលោកថា អាមេរិកកំពុងតែសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បន្ទាប់ពីផ្តួលរូបលោកមិនដួល។
រីឯលោក ផៃ ស៊ីផាន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីបានចាត់ទុកថា ការគៀងគរកម្លាំងនយោបាយ នៅក្រៅប្រទេស «គឺជាការបាចអង្គាមបញ្ច្រាសខ្យល់តែប៉ុណ្ណោះ»ហើយថា បំណងនេះក៏ពុំមានលទ្ធភាព និងសម្រេចដល់គោលដៅបាននោះឡើយ៕