ពលរដ្ឋកូរ៉េខាងត្បូងរាប់រយនាក់បានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខនៅក្នុងភូមិមួយដែលនៅទីនោះកងយោធាស.រ.អា.កំណត់នឹងចាប់ផ្តើមតាំងទីប្រដាប់បាញ់បង្ហោះនៃប្រព័ន្ធប្រឆាំងនឹងមីស៊ីលស.រ.អា.ដែលបានត្រូវកសាងឡើងសម្រាប់ការពារពួកគេប្រឆាំងនឹងការគំរាមកំហែងដែលកើនខ្លាំងឡើងៗពីប្រទេសកូរ៉េខាងជើង។
អាជ្ញាធរបានបញ្ជូនពួកប៉ូលិសរាប់ពាន់នាក់ឱ្យទៅបណ្តេញពួកបាតុកររាប់រយនាក់ដែលបានរាំងខ្ទប់ផ្លូវមួយទៅកាន់អតីតវាលស្មៅសម្រាប់លេងកូនហ្គោល ដែលនៅទីនោះគេបានតំឡើងប្រព័ន្ធ THAAD។
មន្ត្រីម្នាក់នៅក្នុងតំបន់ជនបទ Seonju បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាមានមនុស្ស៣៨នាក់ដោយរួមបញ្ចូលទាំងប៉ូលិស៦នាក់ផងបានត្រូវរបួសនៅក្នុងការប៉ះទង្គិចគ្នានេះ។
ពួកអ្នកស្រុកនៅ Seonju និងពួកសកម្មជនបានបង្កើនកង្វល់អំពីពាក្យចចាមអារាមថា មានគ្រោះថ្នាក់ខាងសុខភាពទាក់ទិនជាមួយប្រព័ន្ធរ៉ាដាមានកម្លាំងខ្លាំងនេះ និងលទ្ធភាពថាក្រុងនេះអាចក្លាយទៅជាទីដៅនៃការវាយប្រហារដោយកូរ៉េខាងជើង។
គេយល់ឃើញថា ប្រព័ន្ធ THAAD ជាប្រព័ន្ធស្ទាក់បាញ់ទម្លាក់កាំជ្រួចមីស៊ីលទំនើបបំផុតក្នុងពិភពលោក។ គេបានស្ថាបនាប្រព័ន្ធនេះឡើងដើម្បីបាញ់ទម្លាក់កាំជ្រួចមីស៊ីលមានវង់ប្រតិបត្តិការជិត និងឆ្ងាយនៅពេលវាកំពុងហោះទៅកាន់ទីដៅណាមួយ។
ក្រសួងការពារប្រទេសនៃប្រទេសកូរ៉េខាងត្បូងបាននិយាយថា ការដាក់ពង្រាយប្រព័ន្ធការពារ THAAD ជាការចាំបាច់ដោយសារមានការគំរាមកំហែងច្បាស់លាស់ពីប្រទេសកូរ៉េខាងជើងដែលបានបាញ់បង្ហោះកាំជ្រួចមីស៊ីលច្រើនគ្រឿងមកហើយចាប់តាំងពីលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in បានចូលកាន់តំណែងកាលពីដើមខែឧសភាមក។
ប្រទេសកូរ៉េខាងជើងក៏បានធ្វើការពិសោធបរមាណូលើកទី៦របស់ខ្លួនកាលពីថ្ងៃអាទិត្យដែលបាននាំឱ្យមានការឆ្លើយតបខ្លាំងក្លាមួយពីប្រទេសកូរ៉េខាងត្បូង
ជប៉ុន ស.រ.អា. និងអ.ស.ប.។ ការខិតខំប្រឹងប្រែងគ្មាននឿយហត់របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងក្នុងការផលិតអាវុធបរមាណូបានបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ និងហួសពីនេះទៅទៀត៕